រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​ប្រឈម​បញ្ហា​ពិបាក​ដោះស្រាយ​ជា​ច្រើន ចាប់ពី​ពាណិជ្ជកម្ម​ដល់​កិច្ចព្រមព្រៀង​អាវុធ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ឥណ្ឌា

508
ចែករម្លែក

​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​លោក​ម៉ៃ ផ​ម​ផេវ កាលពី​យប់​ថ្ងៃ​អង្គារ​ទី​២៥​មិថុនា​បាន​ទៅ​ដល់​ក្រុង​ញូវដេល្លី​ដើម្បី​ពិភាក្សា​ជាមួយ​ឥណ្ឌា​លើ​បញ្ហា​មួយចំនួន​មាន​ចាប់​តាំងពីពាណិ​​ជ្ជកម្ម​រហូត​ដល់​ទំនាក់ទំន​ង​យោធា ថាមពល រុស្ស៊ី​និង​អ៊ីរ៉ង់​។​

​ទំនាក់ទំនង​រវាង​អាម៉េរិក​និង​ឥណ្ឌា​បាន​វិវត្តន៍​មករក​ភាពល្អប្រសើរ​យ៉ាង​លឿន​ចាប់តាំងពី​សម័យ​សង្គ្រាម​ត្រជាក់ តែ​ពួកគេ​នៅ​មិន​បាន​គោរព​តាម​ការសន្យា ហើយ​ឥឡូវ​កំពុង​​មាន​បញ្ហា​នឹង​គ្នា​អំពី​ពន្ធ​គយ លំហូរ​ទិន្នន័យ​និង​ច្បាប់​តឹងរឹង​របស់​ឥណ្ឌា​អំពី​ពាណិជ្ជកម្ម​អន​ឡាញ នៅក្នុង​ប្រទេស​មួយ​ដែល​តំណាង​អោយ​ទីផ្សារ​រីកចំរើន​លឿន​បំផុត​ក្នុង​លោក​។​

​មុន​លោក​មក​ដល់​ក្រុង​ញូវដេល្លី​បន្តិច ឥណ្ឌា​បាន​វាយ​ពន្ធ​លើ​ទំនិញ​អាម៉េរិក​ខ្លះ បន្ទាប់​ពី​រដ្ឋការ​របស់​ប្រធានាធិបតី​ត្រាំ ដក​ឥណ្ឌា​ចេញពី​ក្រុម​ប្រទេស​ទទួល​បាន​ឋានៈ​អនុគ្រោះ​ពន្ធ​​ពិសេស​សំរាប់​នាំ​ទំនិញ​ចូល​ទីផ្សារ​អាម៉េរិក​។​

​មន្ត្រី​រដ្ឋាភិបាល​ឥណ្ឌា​ម្នាក់ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយថា​«​យើង​រំពឹង​ថា​បញ្ហា​ពាណិជ្ជកម្ម​នឹងត្រូវ​លើក​មក​និយាយ​ក្នុង​កិច្ចពិភាក្សា​ជាមួយ​នាយក​រដ្ឋមន្ត្រីរ​បស់​យើង​។​​យើង​ក៏​ត្រៀម​និយាយ​អំពី​បញ្ហា​ទិន្នន័យ​ផងដែរ​»​។​

​ដំណើរ​របស់​លោក​ផ​ម​ផេវ ត្រូវ​រំពឹងថា​នឹង​បើកផ្លូវ​សំរាប់​កិច្ច​ពិភាក្សា​រវាង​ត្រាំ និង​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក ម៉ូ​ឌី នៅក្នុង​ជំនួប​ក្រៅ​កិច្ចប្រជុំ​G20​នៅ​ជប៉ុន​នា​សប្តាហ៍​នេះ​។​

​នៅ​ប៉ុន្មាន​សប្តាហ៍​មក​នេះ អាម៉េរិក​បាន​បង្កើន​ការដាក់​សម្ពាធ​លើ​ឥណ្ឌា កុំអោយ​ទិញ​ប្រព័ន្ធ​កាំជ្រួច​S-400 ពី​រុស្ស៊ី​។​ឥណ្ឌា​និយាយថា កាំជ្រួច​នេះ​មាន​សារសំខាន់​សំរាប់​ទប់ទល់​នឹង​​ចិន តែ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បាន​និយាយថា ឥណ្ឌា​គួរ​ពិចារណា​ជំរើស​ផ្សេង រួម​មាន​ក្រុមហ៊ុន​យុទ្ធោបករណ៍​អាម៉េរិក​សំរាប់​ជំនួស​ប្រព័ន្ធ​របស់​រុស្ស៊ី​។​

​មន្ត្រី​ឥណ្ឌា​ម្នាក់​បាន​និយាយថា បើ​ឥណ្ឌា​អាច​គេចផុត​ពី​ទណ្ឌកម្ម​អាម៉េរិក នោះ​ខ្លួន​នឹង​បន្ត​ទិញ​ប្រព័ន្ធ​ការពារ​កាំជ្រួច​ពី​រុស្ស៊ី​ដដែល​។​

​សូមបញ្ជាក់​ថា អាម៉េរិក​បាន​គំរាម​ដាក់ទណ្ឌកម្ម​រួច​ហើយ​លើ​តួ​ក​គី ដែល​ជា​សម្ពន្ធមិត្ត​អង្គការ​ណា​តូ និង​បាន​បញ្ជា​ទិញ​ប្រព័ន្ធ​S-400 ពី​រុស្ស៊ី​។​

​កន្លង​មក​ក្រោម​សម្ពាធ​ពី​អាម៉េរិក ឥណ្ឌា​បាន​ឈប់​ទិញ​ប្រេង​ពី​អ៊ីរ៉ង់ ដែលជា​អ្នក​ផ្គត់ផ្គង់​ប្រេង​ដ៏​ធំ​របស់​ឥណ្ឌា ជាហេតុ​នាំ​អោយ​រដ្ឋាភិបាល​ក្រុង​ញូវដេល្លី​បារម្ភ​អំពី​សន្តិសុខ​ប្រេង​​របស់ខ្លួន​។​

​មុន​មក​ដល់​ឥណ្ឌា​កាលពី​យប់​ថ្ងៃ​អង្គារ ប្រមុខ​ការទូត​អាម៉េរិក​បាន​ឈប់​សំ​ចត់​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​។​នៅ​ទីនោះ​លោក​បាន​និយាយ​នៅ​ចំពោះមុខ​មន្ត្រី​អា​ហ្វ​ហ្គានី​ស្ថានថា រដ្ឋាភិបាល​​ក្រុង​វ៉ាស៊ីនតោន​សង្ឃឹមថានឹង​មាន​កិច្ចព្រមព្រៀង​សន្តិភាព​មួយ​ដើម្បី​បញ្ចប់​សង្គ្រាម​ចំណាស់​១៧​ឆ្នាំ​នៅ​អា​ហ្វ​ហ្គានី​ស្ថាន នៅ​មុន​ថ្ងៃ​០១​កញ្ញា​។​

​កិច្ច​ពិភាក្សា​រវាង​អ្នកចរចា​អាម៉េរិក​លោក​ខា​លី​ល​ហ្សា​ត និង​ក្រុង​តា​លី​បង់​បាន​ផ្តោតលើ​ការដក​កងកម្លាំង​អង្គការ​ណា​តូ​និង​អាម៉េរិក និង​ការធានា​ពី​ក្រុង​បះបោរ​តា​លី​បង់​ថា​​អា​ហ្វ​ហ្គានី​ស្ថាន​នឹង​មិន​ក្លាយជា​ជម្រក​សុវត្ថិភាព​សំរាប់​ពួក​ភេរ​វករ​វាយប្រហារ​លើ​ពិភពលោក ដូច​ការវាយប្រហារ​មួយ​លើ​ទីក្រុង​អាម៉េរិក​កាលពី​ឆ្នាំ​២០០១​។​

​លោក​ផ​ម​ផេវ បាន​និយាយថា «​យើង​បាន​ធ្វើអោយ​មាន​ការរីក​ចំរើន​ពិតប្រាកដ​និង​ជិត​សំរេច​បាន​អត្ថបទ​ព្រាង​មួយ​អំពី​ការប្តេជ្ញា​ចិត្ត​របស់​តា​លី​បង់​ថា​នឹង​ចូលរួម​ជាមួយ​ជន​​រួម​ជាតិ​អា​ហ្វ​ហ្គានី​ស្ថាននៅក្នុង​ការធានាថា ទឹកដី​អា​ហ្វ​ហ្គានី​ស្ថាន​នឹង​មិន​ក្លាយជា​ជម្រក​សំរាប់​ពួក​ភេរ​វករ​ជាថ្មី​»៕​ដោយ​៖​វាសនា​

លោក​ផ​ម​ផេវ ជួបពិភាក្សា​ជាមួយ​មន្ត្រី​អា​ហ្វ​ហ្គានី​ស្ថានក្នុង​ពេលឈប់​សំចត​នៅ​ក្រុង​កា​ប៊ុល មុន​ចេញទៅ​ឥណ្ឌា​