រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​៖ ការបាញ់​មី​ស៊ី​ល​ដោយ​កូរ៉េ​ខាងជើង មិន​ប៉ះពាល់​ដល់​ការចរចា​ទេ​

369
ចែករម្លែក

​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាម៉េរិក​លោក ម៉ៃ ផ​ម​ផេវ កាលពី​ថ្ងៃ​ពុធ​ទី​៧​សីហា​បាន​និយាយ​សម្រាល​អំពី​ការបាញ់​មី​ស៊ី​ល​ចុងក្រោយ​របស់​កូរ៉េខាងជើង ដោយ​និយាយថា​ ការបាញ់​មី​ស៊ី​ល​ទាំងនោះ​នឹង​មិន​ផ្លាស់ប្តូរ​ទស្សនវិស័យ​សម្រាប់​ការចរចា​អំពី​អាវុធ​នុយក្លេអ៊ែរ​របស់ រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​នោះ​ទេ​។

​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាម៉េរិក លោក ម៉ៃ ផ​ម​ផេវ

​មួយ​ថ្ងៃ​បន្ទាប់ពី​កូរ៉េ​ខាងជើង​បាន​និយាយថា​ការបាញ់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​ជា​ថ្មី​គឺ​ជា​ការព្រមាន​ប្រឆាំង​សមយុទ្ធ​យោធា​រួម​អាម៉េរិក​-​កូរ៉េខាងត្បូង មក​នោះ លោក ម៉ៃ ផ​ម​ផេវ​​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា វា​មិន​ប៉ះពាល់​ដល់​វិធីសាស្ត្រ​ដោះស្រាយ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ចំពោះ​តំបន់​នោះទេ​។​

​ការបាញ់​ចុងក្រោយ​និង​ជា​ការបាញ់​មី​ស៊ី​ល​២​គ្រាប់​លើ​ទី​៤ ក្នុង​រយៈពេល​មិន​ដល់​២​សប្តាហ៍​ដោយ​កូរ៉េខាងជើង បាន​កើត​ឡើង​បន្ទាប់ពី​កងទ័ព​កូរ៉េខាងត្បូង​និង​អាម៉េរិក​បាន​ចាប់​​ផ្តើម​ធ្វើ​សមយុទ្ធ​រួម​គ្នា​កាលពី​ថ្ងៃ​ចន្ទ​ដើម្បី​សាកល្បង​សមត្ថភាព​របស់​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​ក្នុង​ការគ្រប់គ្រង​ប្រតិបត្តិការ​នៅ​ពេល​សង្គ្រាម​។​

​នៅពេល​ត្រូវ​បាន​សួរថា​តើ​ការបាញ់​មី​ស៊ី​ល​ទាំងនេះ បាន​ធ្វើឱ្យ​ខូច​បរិយាកាស​នៃ​ការចរចា​អំពី​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​ដែរ​ឬ​ទេ​នោះ លោក ម៉ៃ ផ​ម​ផេវ បាន​ឆ្លើយថា ” ទេ ” ។​

​លោក​បាន​និយាយថា ” យុទ្ធសាស្ត្រ​រដ្ឋបាល​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​ទាក់ទង​នឹង​ប្រទេស​កូរ៉េខាងជើង មិន​បាន​ផ្លាស់ប្តូរ​ទេ​។​កិច្ច​ខំ​ប្រឹងប្រែង​របស់​យើង​គឺ​ដើម្បី​សម្រេច​​ឱ្យបាន​នូវ​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​ចុង​ក្រោយ​និង​ទាំងស្រុង​របស់​កូរ៉េខាងជើង​។​យើង​សង្ឃឹមថា​នៅ​ប៉ុន្មាន​សប្តាហ៍​ខាងមុខ​នេះ​យើង​នឹង​ត្រឡប់​ទៅរក​តុ​ចរចា​វិញ​ដើម្បី​សម្រេច​​ជោគជ័យ ” ។​

​លោក ម៉ៃ ផ​ម​ផេវ បាន​កត់សម្គាល់​ថា ការបាញ់​ថ្មីៗ​ដោយ​កូរ៉េ​ខាងជើង មិន​ពាក់ព័ន្ធ​នឹង​មី​ស៊ី​ល​ផ្លោង​រយៈ​ចម្ងាយ​មធ្យម​និង​រយៈ​ចម្ងាយ​ឆ្ងាយ​ដែល​បាន​បង្ក​ការភ័យខ្លាច​កាល​​ពី​ឆ្នាំ ២០១៧ និង ២០១៨ ហើយ​ថា​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង បាន​បញ្ឈប់​ការសាកល្បង​អាវុធ​នុយក្លេអ៊ែរ​ចាប់តាំងពី​ខែ​កញ្ញា​ឆ្នាំ​២០១៧ មក ៕​ដោយ៖សុខា/sn

​រូបភាព​ដែល​បញ្ចេញ​ដោយ​សារព័ត៌មាន​KCNA​របស់​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​អង្គារ​បានបង្ហាញ ការបាញ់​មី​ស៊ី​ល​ប្រភេទ​ថ្មី​២​គ្រាប់