រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ពីថ្ងៃ​ទី​២៨-៣០ ខែសីហា​

836
ចែករម្លែក

ដោយៈ មុនី​រ័ត្ន​/ភ្នំពេញៈ លោកស្រី ស៊ុ​ស​ម៉ា ស្វា​រ៉ា​ច រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ​ឥណ្ឌា នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​រយៈ​ពេល​បី​ថ្ងៃ ចាប់ ពីថ្ងៃ​ទី​២៨ ដល់​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៨​។​ទស្សនកិច្ច​នេះ តប​តាម​ការអញ្ជើញ​របស់លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។​
​ ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ឲ្យ​ដឹងថា ក្នុង អំឡុងពេល​ទស្សន​កិច្ច​នៅ​កម្ពុជា លោកស្រី ស៊ុ​ស​ម៉ា ស្វា​រ៉ា​ច នឹង​ចូលជួប​សម្តែង​ការគួរសម​ជាមួយ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

លោក​ស្រី ស៊ុ​ស​ម៉ា ស្វា​រ៉ា​ច រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ​ឥណ្ឌា​(រូបឯកសារ)

​ ​លោកស្រី ស៊ុ​ស​ម៉ា ស្វា​រ៉ា​ច នឹង​ពិភាក្សា​ទ្វេភាគី​ជាមួយ​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន អំពី​បញ្ហា​ជាច្រើន​ទាក់ទង​នឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ហើយ​និង​ផ្លាស់ប្តូរ​យោបល់​គ្នា​អំ​ពិ​បញ្ហា​តំបន់ និង​អន្តរជាតិ ដែលមាន​ការចាប់​អា​រ្ម​ណ៍​ដូចគ្នា​។​
​ ​បន្ទាប់ពី​ជំនួប​ទ្វេភាគី នឹងមាន​ការចុះហត្ថលេខា​លើ​ឯក​ស​សារ​ចំនួន​បី ដូចខាងក្រោមៈ​
. កិច្ចព្រមព្រៀង​រវាងរ​ដ្ឋា​ភិ​បាល នៃ​សាធារណរដ្ឋ​ឥណ្ឌា និង​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ការអភិរក្ស និង​ជួសជុល​ប្រាសាទព្រះវិហារ ក្នុងស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ប្រទេស​កម្ពុជា​។​
. អនុស្សរណៈ​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួងសុខាភិបាល និង​កិច្ចការ​គ្រួសារ នៃ​សាធារណរដ្ឋ​ឥណ្ឌា និង​ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សុខភាព និង​ឱសថ​។​
. អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​វិទ្យាស្ថាន​ជាតិ​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​វិទ្យាស្ថាន​ការបរទេស នៃ​ក្រសួងការបរទេស នៃ​សាធារណរដ្ឋ​ឥណ្ឌា​។​
​ ​ក្រសួងការបរទេស បាន​បន្តថា លោកស្រី ស៊ុ​ស​ម៉ា ស្វា​រ៉ា​ច គ្រោង​អញ្ជើញ​ទស្សនា​ប្រាសាទបុរាណ​មួយចំនួន នៅក្នុង​ខេត្តសៀមរាប រួមទាំង​គម្រោង​ជួសជុល​ប្រាសាទតាព្រហ្ម ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​ឥណ្ឌា​។​
​ ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នេះ​នឹង​ពង្រឹង​ថែមទៀត​នូវ​ទំនាក់ទំនង​មិត្ត​ភាពជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​រវាង​កម្ពុជា និង​ឥណ្ឌា​៕SRN