រដ្ឋមន្ត្រីការបរទេស​៖ អ៊ីរ៉ង់​នឹងមិន​ចរចា​ឡើងវិញ​អំពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែ​រ​

2992
ចែករម្លែក

​អ៊ីរ៉ង់​នឹងមិន​ចរចា​ជាថ្មី​ឡើយ​អំពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ ជាមួយ​មហាអំណាច​ធំៗ នេះ​បើ​តាម​ការអះអាង​របស់​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​​ទី​៣​ឧសភា ខណៈ​កាលកំណត់​ដាក់​ដោយ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ អោយ​បណ្តា​ប្រទេស​អឺរ៉ុប​ចាកចេញ​ពី​កិច្ចព្រមព្រៀង​នេះ​នោះ ជិត​ចូលមក​ដល់​។​

​លោក​ត្រាំ បាន​និយាយថា ទោះ​ជា​បណ្តា​សម្ព័ន្ធមិត្ត​អឺរ៉ុប​នៅតែ​ប្រកាន់​យក​ការខ្វះចន្លោះ​ដ៏​អាក្រក់​នៅក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ត្រឹម​ថ្ងៃ​១២​ឧសភា​លោក​នឹង​​បដិសេធ​មិន​ព្រម​បន្ត​ការបន្ធូរបន្ថយ​ទណ្ឌកម្ម​របស់​អាមេរិក​លើ​អ៊ីរ៉ង់​។​

​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​លោក ម៉ូ​ហា​ម៉ា​ត ចា​វ៉ាត ហ្សារី​ហ្វ បាន​និយាយ​ក្នុង​សារ​វីដេអូ​បង្ហោះ​ក្នុង YouTube​ថា​” អ៊ីរ៉ង់​នឹងមិន​ចរចា​អ្វីដែល​បាន​ព្រមព្រៀង​គ្នា​កាលពី​ប៉ុន្មាន​​ឆ្នាំ​មុន​ហើយ​ត្រូវបាន​អនុវត្ត​រួចហើយ​។​ខ្ញុំ​សូម​បញ្ជាក់​ច្បាស់​និង​ដាច់ខាត​ថា យើង​នឹង​មិន​ចរចា​ជាថ្មី​ឬ​បន្ថែម​អ្វី​លើ​កិច្ចព្រមព្រៀង​ដែល​យើង​បាន​អនុវត្ត​រួចហើយ​”​។​

​លោក​ក៏​បាន​ចង្អុល​ទៅកាន់​អាមេរិក​ថា ជា​អ្នករំលោភ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាប្រចាំ ជាពិសេស​សម្លុត​គំរាម​អ្នកដទៃ​ដើម្បី​រារាំង​ស្ថាប័ន​ជំនួញ​មិនអោយ​វិល​ទៅ​កាន់​​អ៊ីរ៉ង់​”​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នេះដែរ អគ្គលេខា​អង្គការសហប្រជាជាតិ​លោក អង់​តូ​ញ៉ូ ហ្គូ​ទែ​រ៉េ បាន​ព្រមាន​ប្រឆាំង​នឹង​ការលុបចោល​កិច្ចព្រមព្រៀង​ខាងលើ ដោយ​បាន​អំពាវ​​នាវ​ប្រធានាធិបតី​អាមេរិក រក្សាទុក​កិច្ចព្រមព្រៀង​ជាមួយ​អ៊ីរ៉ង់​នេះ​។​

​លោក​អគ្គលេខា​បាន​និយាយថា កិច្ចព្រមព្រៀង​នេះ​ជា​សមិទ្ធផល​សំខាន់​មួ​យ​និង​ជា​ជោគជ័យ​ការទូត​មួយ​ដែល​ត្រូវតែ​ថែរក្សា​ទុក មិន​ត្រូវ​លុបចោល​ទេ​៕​ដោយ​៖​វាស​​នា​

​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​លោក ម៉ូ​ហា​ម៉ា​ត ចា​វ៉ាត ហ្សារី​ហ្វ បាន​និយាយ​នៅ​វេទិកា​មួយ​នៅ​ក្រុង​កា​រ៉ា​ជី​កាលពី​ខែ​មីនា​ឆ្នាំ​២០១៨

#