រដ្ឋមន្ត្រីក្រសួង​ការងារ​ជួប​សំណេះសំណាល​ជាមួយ​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះ​មូលដ្ឋាន​ខណ្ឌចំការមន​

1440
ចែករម្លែក
​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះ​មូលដ្ឋាន​ខណ្ឌចំការមន (​រូប​៖ ដេប៉ូ​)

​ដោយ​: ដេប៉ូ / ភ្នំពេញ​: ដើម្បី​ត្រៀម​ការប្រកួតប្រជែង ក៏ដូចជា​ការរៀបចំ​ផែនការ​សកម្មភាព ឆ្ពោះទៅកាន់​ការបោះឆ្នោត​ជា​សាកល នា​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​មូលដ្ឋាន​ខណ្ឌចំការមន​រាជធានី​ភ្នំពេញ បាន​ចុះ​ជួ​សំណេះសំណាល​ជាមួយ​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះ​មូលដ្ឋាន​ខណ្ឌចំការមន កាលពី​រសៀល​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៨​កន្លងមក​។​

​ក្នុង​ពិធី​នេះ​លោក​អ៊ិត សំហេង បានលើកឡើង​ពី​សមិទ្ធិផល​នានា ដែល​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​គណ​បក្ស​ប្រជាជន សម្រេចបាន​យ៉ាង​ធំធេង​ជូន​ជាតិ​មាតុភូមិ​ក្នុងនោះ បាន​រក្សា​កំណើនសេដ្ឋកិច្ច ក្នុង​រង្វង់​៧​ភាគរយ​ក្នុង​១​ឆ្នាំ ធ្វើឱ្យ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​កាន់តែ​ធូ​ធារ​ជា​លំដាប់​។ ខិតខំ​ថែរក្សា​ឱ្យបាន​នូវ​សុខសន្តិភាព​ដែលជា​កក្តា​ដ៏​សំខាន់បំផុត ព្រោះថា ប្រសិនបើ​មិនមាន​សុខសន្តិភាព​ទេ​ការអភិវឌ្ឍ​ប្រទេសជាតិ​ក៏​មិនអាច​ទទួលបាន​ការរីក​ចំរើន​បានដែរ​។ ហេតុនេះហើយ យើង​ត្រូវ​រួមគ្នា​ថែរក្សា​ឱ្យបាន​នូវ​សុខសន្តិភាព ដើម្បី​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ឱ្យ​កាន់តែ​រីកចំរើន​ថែមទៀត​។​

​លោក​រដ្ឋមន្ត្រីក្រសួង​ការងារ​បាន​បន្ថែមថា រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​យ៉ាងខ្លាំង ដូចជា​តំឡើង​ប្រាក់ខែ​ជូន​មន្ត្រីរាជការ គ្រូបង្រៀន និង​កងកំលាំងប្រដាប់អាវុធ គ្រប់​ប្រភេទ និង​បង្កើន​ប្រាក់​សោធន​សម្រាប់​និវត្តជន និង​អតីតយុទ្ធជន ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​ដល់​១៧០​ដុល្លា​ក្នុង​១​ខែ​។ ជាមួយគ្នានេះ ប្រជាជន​ទទួលបាន​នូវ​សេវា​សុខភាព​កាន់តែ​ប្រសើរ​នៅតាម​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​រដ្ឋ​ហើយ​ប្រជាពលរដ្ឋ​ក្រីក្រ និង​អ្នក​ខ្វះ​លទ្ធភាព​ទទួលបាន​សេវា​ពិនិត្យ និង​ព្យាបាល​ដោយ​ឥតគិតថ្លៃ​ពិសេស​ប្រជាពលរដ្ឋ​ស្ទើរ​១០០​ភាគរយ ទទួលបាន​ការងារ​ធ្វើ​។​

​ក្នុង​ពិធី​នេះដែរ​ក្រុមការងារ បាន​វាយតម្លៃ​ខ្ពស់ អំពី​សមិទ្ធផល គ្រប់​វិស័យ ក្នុង​ខណ្ឌចំការមន ក្រោម​ការដឹកនាំ​របស់ គណបក្ស​ប្រជាជន​កម្ពុជា និង បន្ត​ការប្ដេជ្ញាចិត្ត​ខ្ពស់​ក្នុងការ អនុវត្តន៍ កម្មវិធី​នយោបាយ របស់​គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់ អណ​ត្តិ​ថ្មី។ ​ជាមួយគ្នា សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់​ត្រៀមខ្លួន​ជាស្រេច​ទៅ​បោះ​ឆ្នោ​ជូន គណបក្ស​ប្រជាជន​កម្ពុជា​(CPP)​និង​ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត ប្រកបដោយ​ជោគជ័យ​៕ ល​