រដ្ឋមន្ត្រីក្រសួង​ការងារ​៖​ទីក្រុង​ហុងកុង​គឺជា​ទីផ្សារ​គោលដៅ និង​មាន​តំរូវការ​កម្លាំង​ពលកម្ម​ខ្ពស់​

874
ចែករម្លែក

ដោយ​៖​ដេប៉ូ / ភ្នំពេញ​៖​លោក អ៊ិត​សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ថ្លែងថា​នាពេល​បច្ចុប្បន្ននេះ​គេ​ឃើញថា​ទីក្រុង​ហុងកុង​គឺជា​ទីផ្សារ​គោលដៅ​មួយ​ដ៏​សំខាន់​របស់​កម្ពុជា ហើយក៏​គេ​ត្រូវ​យកចិត្តទុកដាក់​ផងដែរ​។​

លោក អ៊ិត​សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្នុង​ពិធី​សម្ពោធ ដាក់ឱ្យ​ដំណើរការ​ក្រុមហ៊ុន INTERNATIONAL EASY REACH CO., LTD កាលពី​ល្ងាច​ថ្ងៃទី​១៩​ខែវិច្ឆិកា​ឆ្នាំ​២០១៨(​រូប​៖​ដេប៉ូ​)​

​ការបញ្ជាក់​ឱ្យដឹង​របស់លោក​រដ្ឋមន្ត្រី​ក្រសួង​ការងារ​បែបនេះ​ធ្វើឡើង​ក្នុង​ពិធី សម្ពោធ ដាក់ឱ្យ​ដំណើរការ​ក្រុមហ៊ុន INTERNATIONAL EASY REACH CO., LTD កាលពី​ល្ងាច​ថ្ងៃទី​១៩​ខែវិច្ឆិកា​ឆ្នាំ​២០១៨​កន្លងមក​។​

​ទាក់ទិន​ទៅនឹង​ការជ្រើសរើស​ពលករ​ក​ម្ពុ​ជា​ទៅ​បម្រើ​ការងារ​នៅ​ទីក្រុង​ហុងកុង​នេះដែរ​លោក​រដ្ឋមន្ត្រី​បាន​លើកឡើងថា ក្រុមហ៊ុន Easy ReachInternational Col., Ltd បាន​អភិវឌ្ឍន៍​ខ្លួន និង​រៀបចំ​ទីតាំង​ក្រុមហ៊ុន​ដោយមាន​បំពាក់​នូវ​ឧបករណ៍ សម្ភារៈ​បរិក្ខារ ឆ្លើយតប​ទៅនឹង​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​មេផ្ទះ ដើម្បី​អាចឱ្យ​សិក្ខាកាម​ពល​ការិនី​មាន​សមត្ថភាព និង​ជំនាញ​គ្រប់គ្រាន់ ចេញទៅ​បម្រើ​ការងារ​ជា​ជំនួយការ​ផ្ទះ​នៅ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​។

​លោក​បាន​មានប្រសាសន៍ថា បច្ចុប្បន្ន ប្រទេស​កម្ពុជា​បាន​បញ្ជូន​ពលករ​ទៅ​បម្រើ​ការងារ​នៅ​បរទេស​បាន​ចំនួន​៦ ប្រទេស​គឺ ប្រទេស​ថៃ សាធារណរដ្ឋ​កូរ៉េ ម៉ាឡេស៊ី ជប៉ុន និង​សឹង្ហ បូរី និង​ហុងកុង ដែលមាន​ពលករ​សរុប​ចំនួន​ប្រមាណ ១​លាន​២​សែន​នាក់​។​កន្លងមក​ពួកគាត់​បាន​ផ្ញើរ​ថវិកា​មក​កម្ពុជា ដើម្បី​ជួយ​ទ្រទ្រង់​ជីវភាព​ក្រុមគ្រួសារ​របស់​ពួកគាត់​ប្រមាណ​ជាង​២​ពាន់​លាន​ដុល្លារ​ក្នុង​១​ឆ្នាំៗ​។

​លោក​បាន​បញ្ជាក់ថា “​ជាក់ស្តែង ដើម្បីឱ្យ​ការបញ្ជូន​ពល​ការិនី​ជំនួយការ​ផ្ទះ​ទៅធ្វើ​ការ​នៅ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​ទទួលបាន​ជោគជ័យ សម្រាប់​ដំណាក់កាល​សាកល្បង​ដំបូង នៅ​ឆ្នាំ​២០១៧​កន្លងទៅនេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចុះ​អនុស្សរណៈ​នៃ​កិច្ចព្រមព្រៀង​ជាមួយ​សមាគម​អភិវឌ្ឍ​ធនធានមនុស្ស​កម្ពុជា​នៅ​ហុងកុង ដើម្បី​ធ្វើ​កិច្ចសហប្រតិបត្តិការ​លើ​ការផ្តល់សេវា​គាំពារ និង​សេវា​គាំទ្រ​នានា​សម្រាប់​ពល​ការិនី​ជំនួយការ​ផ្ទះ និង​ផ្សព្វផ្សាយ​ណែនាំ​អំពី​ពល​ការិនី​ជំនួយការ​ផ្ទះ​កម្ពុជា​ទៅដល់​និយោជក​ហុងកុង​”​។

​លោ​កថា​រដ្ឋាភិបាល​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង បានដាក់​ឱ្យមាន​នូវ​កិច្ចសន្យាការងារ​ស្តង់ដា​សម្រាប់​គាំពារ​បន្ថែម​ជូន​ដល់​ពលករ​បរទេស​ប​ម្រើ ការងារ​តាម​ផ្ទះ រួមមាន​ប្រាក់បៀវត្ស​ទាប​បំផុត​ត្រឹម ប្រមាណ​៥៧០​ដុល្លារ​អាមេរិក ដែល​នឹងត្រូវ​ត្រួតពិនិត្យ​ឡើងវិញ​ជា​ទៀងទាត់ ការផ្តល់​អាហារ ឬ​ប្រាក់​ហូបចុក​ចំនួន ១៣៣​ដុល្លារ​អាមេរិក ក្នុង​១​ខែ ការ​ស្នាក់នៅ​សមរម្យ​ដោយ​មិន​គិតថ្លៃ ការ​ចេញថ្លៃ​សំបុត្រ​យន្តហោះ​ត្រឡប់មកវិញ និង​ការព្យាបាល​ជំងឺ​ដោយ​មិន​គិតថ្លៃ​។​ល​។

​ដោយឡែក លោកស្រី​យូ​ឆេង តំណាងឱ្យ​ក្រុមហ៊ុន INTERNATIONAL EASY REACH CO., LTD បានឱ្យដឹងថា ពលករ​កម្ពុជា​ដែល​ត្រូវបាន​ជ្រើសរើស​នេះ នឹង​ត្រូវបាន​បណ្តុះបណ្តាល​មុននឹង​បញ្ជូន​។ ចំពោះ​កិច្ចការងារ​ដែល​ត្រូវបំពេញ​នោះ​រួមមាន អ្នក​ចុងភៅ អ្នក​ថែទាំ​មនុស្ស​ចាស់​និង​កុមារ​ជាដើម​។ សម្រាប់​ប្រាក់​ឈ្នួល​គឺ ៥៧០​ដុល្លារ​ក្នុង​មួយខែ​។​

​គួរ​បញ្ជាក់ថា​ទីក្រុង​ហុងកុង​មាន​ពលករ​បរទេស​ប​ម្រើ​ការងារ​ផ្ទះ មាន​ចំនួន​ប្រហែល ៣៥៧ ០០០​នាក់ ភាគច្រើន​ជា​ជនជាតិ​ហ្វីលីពីន និង​ឥណ្ឌូនេស៊ី ដោយ​ពួកគេ​ទទួលបាន​សិទ្ធិ និង​លក្ខខណ្ឌ​ការងារ​ដូច​ពលករ​ហុងកុង​ដែរ ដោយ​រួមមាន​៖ ការឈប់​សម្រាក​ប្រចាំ​សប្តាហ៍ ,​ការឈប់​សម្រាក​ប្រចាំឆ្នាំ ដោយមាន​ប្រាក់​ឈ្នួល ចំនួន​៧ ថ្ងៃ ទៅ​១៤​ថ្ងៃ ក្នុង​១​ឆ្នាំ ការឈប់​សម្រាកលំហែ​មាតុភាព ចំនួន​១០​សប្តាហ៍ ការធានារ៉ាប់រង​ពេល​មាន​ជំងឺ ផ្តល់​បន្ថែម​ប្រាក់​លើកទឹកចិត្ត​សម្រាប់​ពលករ​ដែល​បម្រើ​ការងារ​យូរ​ឆ្នាំ​៕