រដ្ឋមន្ត្រីក្រសួង​ការងារ​៖ ជំ​រុញឱ្យ​បណ្តុះបណ្តាល​ពី​គ្រោះថ្នាក់​នៃ​សារធាតុ​អាស​បេ​ស្តុ​ស​ដល់ក​ម្មករ​

946
ចែករម្លែក

​ដោយ​: ដេប៉ូ​
​ភ្នំពេញ​:
ផ្តើមចេញពី​ការគ្រោះថ្នាក់​ដែល​កើតចេញពី​សារធាតុ​អាស​បេ​ស្តុ​ស និង​វា​នៅតែ​បង្ក​គ្រោះថ្នាក់​បន្តបន្ទាប់​ទៀត​នោះ រដ្ឋមន្ត្រីក្រសួង​ការងារ​លោក​អ៊ិត​សំហេង​បាន​ជំ​រុញឱ្យ​មន្ត្រី នៃ​ក្រសួង​ការងារ​ត្រូវ​រៀបចំ​ចងក្រង​ឯកសារ​មេរៀន​សម្រាប់ធ្វើ​ការបណ្តុះ​បណ្តាល និង​ផ្សព្វផ្សាយ​ដល់​និយោជក កម្មករនិយោជិត និង​មហាជន​ទូទៅ​ឱ្យបាន​យល់ដឹង​ពី​ហានិភ័យ​នានា ដែល​បង្កឡើង​ដោយសារ​ធាតុ​អាស​បេ​ស្តុ​ស​ទាំងនេះ​។​

​ការលើកឡើង​របស់លោក​រដ្ឋមន្ត្រីក្រសួង​ការងារ​បែបនេះ បាន​ធ្វើឡើង​នៅក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ផ្សព្វផ្សាយ​កម្រង​ព័ត៌មាន​ជាតិ​ស្តីពី សារធាតុ​អាស​បេ​ស្តុ​ស​នៅ​កម្ពុជា នា​ភោ​​ជនី​យ​ដ្ឋា​ន​ទន្លេបាសាក់​ទី​២ ក្នុង​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៩​នេះ​។​

​ជុំវិញ​គ្រោះថ្នាក់​ដែល​កើតចេញពី​សារធាតុ​មួយ​នេះ​លោក អ៊ិត សំហេង បានធ្វើការ​ពន្យល់ថា តាមពិត អាស​បេ​ស្តុ​ស ពិត​ជាមាន​ប្រយោជន៍​ច្រើន​ចំពោះ​វិស័យ​ឧស្សាហកម្ម ដោយសារ​វា​ធន់​រឹងមាំ ប៉ុន្តែ​វា​ក៏​បណ្តាលឱ្យមាន​ផលប៉ះពាល់​យ៉ាងច្រើន​ដល់​សុខភាព​មនុស្ស តាមរយៈ​ការដកដង្ហើម ហើយ​ភាគច្រើន​បណ្តាលឱ្យ​កើត​ជំងឺ មាន​ជាអាទិ៍​មហារីក​សួត មហារីក​ស្រោម​សួត មហារីក​ស្បូន ដុំ​ក្នុង​សួត រលាក​សួត ស្រោម​សួត​ក្រាស ត្បៀត​ទងសួត ជំងឺ​ប្រព័ន្ធ​ផ្លូវដង្ហើម និង​រហូតដល់​កើត​ជំងឺមហារីក​បំពង់​អាហារ មហារីកក្រពះ និង​មហារីក​ពោះវៀន​ទៀតផង​។​

​លោក​រដ្ឋមន្ត្រី​បាន​លើកឡើងថា ក្រសួង​តែង​យកចិត្តទុកដាក់​និង​ការទទួលខុសត្រូវ​ខ្ពស់ ក្នុងការ​ទប់ស្កាត់​ពី​គ្រោះថ្នាក់ ដែល​កើតចេញពី​សារធាតុ​អាស​បេ​ស្តុ​ស​ដោយ​ក្នុងនេះ ក្រសួង​តែង​ធ្វើការ​ផ្សព្វផ្សាយ និង​បណ្តុះបណ្តាល​ដល់​មន្ត្រី​ពាក់ព័ន្ធ ដើម្បី​សំដៅ​ធ្វើយ៉ាងណា​ណែនាំ​ដល់​កម្មករនិយោជិត ក៏ដូចជា​ប្រជាពលរដ្ឋ ឱ្យ​ចៀសផុត​គ្រោះ​ថ្នាក់លើ​វិស័យ​ការងារ ក៏ដូចជា​ការអភិវឌ្ឍ​វិស័យ​សុខភាព និង​សុវត្ថិភាព​ការងារ​នៅ​កន្លែងធ្វើការ​។​

​ជាមួយគ្នា លោក​រដ្ឋមន្ត្រី​បាន​ជំរុញ​ដល់​មន្ត្រី​ក្រសួង​ការងារ ត្រូវតែ​ចូលរួម​យ៉ាងសកម្ម ប្រកបដោយ​ស្មារតី​សហការ និង​ការទទួលខុសត្រូវ​ខ្ពស់ ក្នុងការ​រៀបចំ​ចេញ​ជា​សៀវភៅ​ដ៏​មាន​សារៈសំខាន់​នេះ​ឡើង ជាពិសេស​ចំពោះ​ក្រុមការងារ​កសាង​កម្រង​ព័ត៌មាន​ជាតិ​ស្តីពី​សារធាតុ​អាស​បេ​ស្តុ​ស​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ខិតខំ​ប្រឹងប្រែង​ប្រមែប្រមូល​ផ្តល់​ទិន្នន័យ ព័ត៌មាន និង របាយការណ៍​នានា ហើយនឹង​ត្រូវធ្វើ​បច្ចុប្បន្នភាព​ញឹកញាប់ ដើម្បី​ជូន​ព័ត៌មាន​ពី​ការអភិវឌ្ឍ​គោលនយោបាយ ការកំណត់​បញ្ហា​ប្រឈម​នៅ​កន្លែងធ្វើការ ជួយ​ក្នុង​ការរៀបចំ​ផែនការ និង​កំណត់​សកម្មភាព​អាទិភាព​សំដៅ​កាត់បន្ថយ​ការប៉ះពាល់​នៃ​សរសៃ​អាស​បេ​ស្តុ​ស​។

​ព្រម​ជាមួយគ្នានេះ​លោក​ក៏បាន​ស្នើ​ដល់ អង្គការ​ដៃគូ​អភិវឌ្ឍ​នានា រួមមាន​ទីភ្នាក់ងារ​សុវត្ថិភាព និង​ការលុបបំបាត់ សារធាតុ​អាស​បេ​ស្តុ​នៃ​ប្រទេស​អូស្ត្រាលី អង្គការ​អា​ហ្វី​ដា អង្គការ​ILO/Japan និង​អង្គការ​សុខភាព​ពិភពលោក​(WHO) បន្ត​ជួយ​គាំទ្រ ដើម្បី​កម្ពុជា​មានលទ្ធភាព​រៀប​ចំ​ឱ្យទៅជា​ផែនការ​សកម្មភាព​នានា ឈានទៅ​ការប្រើប្រាស់​ប្រកបដោយ​សុវត្ថិភាព និង​ទប់ស្កាត់​នូវ​រាល់​ហានិភ័យ​ទាំងឡាយ​ដែល​បង្កឡើង​ដោយសារ​ធាតុ​អាស​បេ​ស្តុ​ស​នេះ​៕ ល​