រដ្ឋមន្ត្រីក្រសួង​ដែនដី​ប្រកាស​ឲ្យ​ប្រើប្រាស់​អក្សរ​ខ្មែរ​-​បរទេស​លើ​ផ្ទាំង​ផ្សព្វផ្សាយ​តាម​ការដ្ឋាន​សំណង់​

149

(​ភ្នំពេញ​)៖ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ ធ្វើលិខិត​ជម្រាបជូន​អភិបាល នៃ​គណៈ​អភិបាល​រាជធានី ខេត្ត និង​ប្រធាន​គណៈកម្មាធិការ​រៀបចំ​ដែនដី​និង​នគរូបនីយកម្ម និង​សំណង់ អំពី​ការប្រើប្រាស់​អក្សរ​ខ្មែរ​និង​អក្សរ​បរទេស​នៅលើ​ផ្ទាំង​​គំនូរ​សំណង់ ឬ​ផ្លាកសញ្ញា​ផ្សព្វផ្សាយ​នៅតាម​ការដ្ឋាន​សំណង់​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​លើកកម្ពស់​អត្តសញ្ញាណ​វប្បធម៌​ជាតិ​។

​យោងតាម​លិខិត​របស់លោក​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​និង​ជា​ប្រធាន​គណៈ​ក​ម្មា​ធិ​​ការរៀបចំ​ដែនដី និង​នគ​រូប​នី​យ៍​ថ្នាក់ជាតិ ចុះ​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៧ បាន​ជម្រាបជូន​អភិបាល នៃ​គណៈ​អភិបាល​រាជធានី ខេត្ត និង​ប្រធាន​គណៈកម្មាធិការ​រៀបចំ​ដែនដី​និង​នគរូបនីយកម្ម និង​សំណង់​ថា ដើម្បី​លើកកម្ពស់​អត្តសញ្ញាណ​វប្បធម៌​ជាតិ​រាល់​ការដាក់​​តាំង​ផ្ទាំងគំនូរ​សំណង់ ឬ​ផ្លាកសញ្ញា​ផ្សព្វផ្សាយ​នៅតាម​ការដ្ឋាន​សំណង់ ត្រូវគោរព​គោលការណ៍​ដូចតទៅៈ

១- អក្សរ​ខ្មែរ​ត្រូវ​សរសេរ​ឲ្យ​បាន​ធំ​ជាង​អក្សរ​បរទេស ហើយ​ដាក់​នៅ​ជួរ​ខាងលើ​។

២- អក្សរ​បរទេស​អា​ចស​រ​សេរ​នៅ​ខាងក្រោម និង​មាន​ទំហំ​ពាក់កណ្ដាល​នៃ​អក្សរ​ខ្មែរ​។

៣- ការសរសេរ​អក្សរ​ខ្មែរ ត្រូវ​អនុវត្តតាម​វចនានុក្រម​របស់​សម្ដេច​ព្រះមហា​សុមេធាធិបតី​ជោគ​ញ្ញា​ណោ “​ជួន​ណាត​”​។​

​សូមជម្រាបថា នៅតាម​ការ​សំណង់​ធំៗ​មួយចំនួន​នៅក្នុង​រាជធានី​ភ្នំពេញ គេ​សង្កេតឃើញថា​មាន​ការដ្ឋាន​សំណង់​មួយចំនួន​ដាក់​​ផ្លាកសញ្ញា​ជា​អក្សរ​បរទេស ឬ​អក្សរ​បរទេស​នៅ​ពីលើ​អក្សរ​ខ្មែរ និង​ការដ្ឋាន​សំណង់​ខ្លះទៀត​មិនបាន​ដាក់​អក្សរ​ខ្មែរ​នោះទេ​៕​ដោយៈ មុនី​រ័ត្ន​/sn

​ផ្លាកសញ្ញា​ផ្សព្វផ្សាយ​នៅ​ការដ្ឋាន​សំណង់​ដែល​សរសេរ​ជា​អក្សរ​បរទេស (​រូប​ថ​តៈ​មុនី​រ័ត្ន​)