រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​ប្រាប់​អោយ​បង្វែរ​ទឹក​ទុក​ប្រើប្រាស់​

402

(​ឧ​ត្ត​រ​មានជ័យ​)៖​ព្រឹក​ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៧ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​អញ្ជើញ​​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក នៅ​ប្រព័ន្ធធារាសាស្ត្រ​ស្ទឹង​ស្រែង ស្ថិតនៅ​ក្នុងស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ ។

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ណែនាំ​ដល់​មន្ត្រី​បច្ចេកទេស ឲ្យ​យកចិត្តទុកដាក់​បង្វែរ​ទឹក​ពី​ស្ទឹង​ស្រែង​យកទៅ​​ស្តុក​ទុក​ក្នុង​អាង​ត្រពាំងថ្ម ដើម្បី​ទុក​ប្រើប្រាស់​នាពេលខាងមុខ ។ ឯកឧត្តម​រដ្ឋមន្ត្រី​បន្តថា​ដោយសារ​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ជាប់​​ៗ​គ្នា​នៅ​តំបន់​ជួរ​ភ្នំ​ដងរ៉ែក បានធ្វើ​ឲ្យ​ទឹក​នៅតាម​ស្ទឹង​អូរ មួយចំនួន​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ជន់​ឡើង​ហើយ​ហូរ​ចាក់​មក​ស្ទឹង​ស្រែង ។ ឆក់យក​ឱកាស​នេះ យើង​ត្រូវ​បង្វែរ​ទឹកជំនន់​នេះ​ទៅ​ស្តុក​ក្នុង​អាង​ត្រពាំងថ្ម​ដោយ​មិនត្រូវ​បណ្តោយ​ឲ្យ​ទឹក​ហូរ​ចូលទៅ​បឹង​ទន្លេសាប​ដោយ​​អត់​ប្រយោជន៍​នោះឡើយ ។

​ឯកឧត្តម​រដ្ឋមន្ត្រី​បន្តទៀតថា ពេលនេះ​យើង​មាន​ប្រឡាយ​មេ​១ ខ្សែ ប្រវែង​ជាង ៤០ គម សម្រាប់​នាំ​ទឹក​ផង និង​ស្រោចស្រព​ផង ។ ដូចនេះ ដើម្បី​ជម្រុញ​ការនាំ​ទឹក​ឲ្យ​បាន​កាន់តែ​ឆាប់ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បញ្ជា​ឲ្យ​នាយកដ្ឋាន​វិស្វកម្ម សហការ​ជាមួយ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តបន្ទាយមានជ័យ ចុះ​សិក្សា​ជាបន្ទាន់ និង​ចាត់​បញ្ជូន​គ្រឿងចក្រ ចុះមក​អនុវត្ត​ការងារ​នេះ ចាប់ពីពេលនេះ​តទៅ ។​

​សូម​ជម្រាបជូន​ថា បន្ទាប់ពី​បានធ្វើការ​អភិវឌ្ឍ​ជា​បន្តបន្ទាប់ បច្ចុប្បន្ន​អាងទឹក​ត្រពាំងថ្ម អាច​ស្តុក​ទឹកបាន​ប្រមាណ ៣០០ លាន​ម៉ែត្រគូប និង​ចែកចាយ​ទឹក​ទៅតាម​ប្រឡាយ​មេ​ ​ប្រឡាយ​រង​នានា ដើម្បី​ស្រោចស្រព​លើ​ផ្ទៃដី​ស្រែវស្សា​ប្រមាណ ២៥.០០០ ហិកតា ស្រែប្រាំង ១២.០០០ ហិកតា​និង​ដំណាំ​រួមផ្សំ​មួយចំនួនទៀត ៕​អត្ថបទ​៖​ក្រសួង​/​វាសនា​