រដ្ឋមន្ត្រីក្រសួង​បី​រួមគ្នា​បញ្ជាក់​ពី​មូលហេតុ​ពុល​ស្លាប់​ប្រជាពលរដ្ឋ​១៣​នាក់​នៅ​ខេត្តក្រចេះ​

1212
ចែករម្លែក

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ នៅ​ទីបំផុត​ក្រសួង​រ៉ែ និង​ថាមពល ក្រសួងសុខាភិបាល ក្រសួង​ឧស្សាហកម្ម និង​សិប្ប​កម្ម បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​រួមគ្នា​មួយ​កាលពី​ថ្ងៃទី​២៤​ខែឧសភា​ទាក់ទង​ករណី​ពុល​ស្លាប់​មនុស្សចំនួន​១៣​នាក់នៅ​ភូមិ​ចំនួន​៤ ក្នុង​ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ កាលពី​ថ្ងៃទី​៣​ខែឧសភា​កន្លងទៅ​គឺ​បណ្តា​ល​​​មក​ពី​​ស្រាស ដែលមាន​លក់ ឬ​ផលិត​នៅក្នុង​មូលដ្ឋាន ហើយ​ដែលមាន​សារធាតុ​មេ​តា​ណុល កម្រិត​ខ្ពស់ និង​ទឹក​ព្រែក​ទេរ និង​អូរ​គគី មាន​សារ​ធាតុគីមី​កម្រិត​ខ្ពស់ ដែល​បណ្តាលមកពី​ថ្នាំ​សម្លាប់​ស្មៅ និង​ថ្នាំ​សម្លាប់​សត្វល្អិត​។​

ពីឆ្វេងទៅស្តាំៈលោក ចម ប្រសិទ្ធិ លោក ស៊ុយ សែម លោក ម៉ម ប៊ុនហេង

សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់​អំពី​មូលហេតុ​ពុល​នេះ គឺមាន​ការចុះហត្ថលេខា​រួមគ្នា​រវាង​រដ្ឋមន្ត្រី នៃ​ក្រសួង​ទាំ​ងបី គឺ​លោក​ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​លោក​ស៊ុយ សែម ក្រសួង​រ៉ែ និង​ថាមពល​។​

​នៅក្នុង​សេចក្តីប្រកាស​ព័​ត៍​មានបាន​បញ្ជាក់ថា ក្រសួង​រ៉ែ និង​ថាមពល ក្រសួងសុខាភិបាល ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បន្ត​សហការគ្នា​ដើម្បី​បង្ការ ទប់ស្កាត់ និង​ជៀសវាង​នូវ​បញ្ហា​ដែក​ក់ត​ឡើងជា​យថាហេតុ​។​ការចេញ សេចក្តីប្រកាស​ព័ត៌មាន​រួមគ្នា​របស់​រដ្ឋមន្ត្រី​ទាំងបី​ក្រសួង​ខាងលើនេះ គឺ​បន្ទាប់ពី​មានការ​លើកឡើង​ផ្សេងៗ​អំពី ករណី​ពុល​ស្លាប់​ប្រជាពលរដ្ឋ​ចំនួន​១៣ នៅ​ខេត្តក្រចេះ​។​

​ដោយឡែក​លោក ទិន ពន្លក អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព នៃ​ក្រសួងបរិស្ថាន​បានបញ្ជាក់​កាលពី​ថ្ងៃទី​២៤​ខែឧសភា​ថា​ទាក់ទង​នឹង​លទ្ធផល​ដែល​ក្រសួងបរិស្ថាន​យក​សំណាក​ឈាម​អ្នកស្លាប់​ដែល​ពុល​នៅ​ក្រចេះ​ទៅ​ពិសោធន៍​នៅ​មន្ទីរពិសោធន៍​នៅ​សិង្ហ​បុរី​ជារួម​គឺមាន​សារធាតុ​មេ​តា​ណុល​នៅក្នុង​សំណាក​ឈាម​របស់​ជនរងគ្រោះ​មួយចំនួន​។​ក្រសួងបរិស្ថាន​និង​ក្រសួង​រ៉ែ​និង​ថាមពល​បានរៀបចំ​របាយ​ការណ៍​លំអិត​ជូន​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល ផ្អែកទៅលើ​លទ្ធផល​ការវិភាគ​។​

​សូម​រម្លឹកថា ករណី​ពុល​នេះ កើតឡើង​នៅ​ភូមិ​ចំនួន​៤ ក្នុង​ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ កាលពី​ថ្ងៃទី​៣ ខែ​ឧសភា ដោយមាន​អ្នកភូមិ​ជាច្រើន មាន​រោគសញ្ញា ឈឺពោះ ក្អួតចង្អោរ ឈឺ​ក អស់កម្លាំង​ទន់ដៃទន់ជើង​វិលមុខ​និង​ថប់ដង្ហើម​។ រហូតដល់​ថ្ងៃទី​៧ ខែឧសភា ចំនួន​អ្នកស្លាប់​ដោយសារ​ករណី​ពុល បាន​កើន​ឡើងដល់​១៣​នាក់ និង​ជាច្រើន​នាក់​ទៀត ត្រូវ​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ​។​ក្រសួងសុខាភិបាល​កាលពី​ថ្ងៃទី​៧​ខែឧសភា​បានចេញ​សេចក្ដី​ជូន​ព័ត៌មាន​មួយ​ស្ដីពី​ករណី​ពុល​ស្រា និង​សង្ស័យ​ពុល​ទឹក​នៅ​ខេត្តក្រចេះ ដោយ​រកឃើញថា សំណាក​ស្រា​ដែល​ត្រូវបាន​ពិសោធន៍ មាន​ផ្ទុក​ជាតិ​មេ​តា​ណុល​ខ្ពស់ ដែល​ធ្វើ​ឲ្យ​ពុល​៕​មន​