រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ស្តាប់​មន្ត្រី​ADB​អំពី​បទពិសោធន៍​អភិវឌ្ឍន៍​សមត្ថភាព​និង​ការបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​

1014
ចែករម្លែក

(​ភ្នំពេញ​)៖​កាលពី​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៧ លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានទទួល​ជួប​លោក ឃែ​ល​លី ប៊ឺ​ដ (Kelly Bird) នាយក​នៃ​នាយកដ្ឋាន​អាស៊ី​-​អាគ្នេយ៍ នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB)​និង​សហការី​ដើម្បី​ស្វែងយល់​ពី​កិច្ចសហប្រតិបត្តិការ​​បច្ចេកទេស​របស់​ធនា​គារ​អភិវឌ្ឍន៍អាស៊ី​។​

​នៅក្នុង​កិច្ចប្រជុំ​នេះ លោក ប៊ឺ​ដ បាន​ជម្រាបជូន​លោក​រដ្ឋមន្ត្រី នូវ​គម្រោង​សាកល្បង​ចំនួន​ពីរ ដែល​ធនាគារអភិវឌ្ឍន៍អាស៊ី បានរៀបចំ និង​អនុវត្ត​នៅ​ប្រទេស​ហ្វីលីពីន ប្រកបដោយ​ជោគជ័យ​។ គម្រោង​ទាំងពីរ​នេះ​គឺ​ទាក់ទង​នឹង​ការអភិវឌ្ឍន៍​សមត្ថភាព​និង​ការបណ្ដុះ​​បណ្ដាល​វិជ្ជាជីវៈ ដើម្បី​ឲ្យ​យុវជន​មាន​ជំនាញ​គ្រប់គ្រាន់​ក្នុងការ​ស្វែងរក​ការងារ​នៅក្នុង​ទីផ្សារ​។ ​គម្រោង​ទីមួយ​មាន​គោលបំណង​កាត់បន្ថយ​គម្លាត​ពី​ការរៀន​ចប់ ទៅដល់​ការរកបាន​ការងារ​នៅលើ​ទីផ្សារ​តាមរយៈ​ការគាំទ្រ​លើ​ការបណ្ដុះ​​បណ្ដាល​តាមរយៈ​ការអនុវត្ត​ផ្ទាល់ ដើម្បី​ឲ្យ​យុវជន​ទទួលបាន​នូវ​ជំនាញ​ជាក់ស្ដែង និង​បទពិសោធន៍​គ្រប់គ្រាន់​ក្នុងការ​ស្វែងរក​ការងារ​។​

​លោក ប៊ឺ​ដ បាន​ឲ្យ​ដឹងថា យោង​លើ​លទ្ធផល​ជា​វិជ្ជមាន​នៃ​គម្រោង​នេះ​ប្រទេស​ហ្វីលីពីន​បានរៀបចំ​និង​អនុម័ត​ច្បាប់​មួយ​ដើម្បី​គាំទ្រ​ស​​កម្ម​ភាព​នេះ​ដោយ​ខ្លួនឯង និង​បង្កើត​នូវ​កម្មវិធី​មួយ​ហៅថា Jobstart ដើម្បី​ពង្រីក​សកម្មភាព​អភិវឌ្ឍន៍​សមត្ថភាព​និង​បណ្ដុះបណ្ដាល​​វិជ្ជាជីវៈ ឲ្យ​កាន់តែ​ទូលំទូលាយ​ថែមទៀត​។ ចំពោះ​គម្រោង​ទី​ពីរ ហៅថា Training Grants Program​បាន​បង្កើត​លទ្ធភាព​ដ​ល់​​និយោជក ក្នុង​ការរៀបចំ​ស្នើសុំ​ថវិកាបដិភាគ ដើម្បី​យកមក​បណ្ដុះបណ្ដាល​ដល់​និយោជិត​របស់ខ្លួន​។ ​គម្រោង​នេះ​ត្រូវបាន​យកមក​សាកល្បង​នៅក្នុង​វិស័យ​ទេសចរណ៍ ហើយ​ជា​លទ្ធផល​ឃើញថា និយោជិត​ជាច្រើន​ត្រូវបាន​បណ្ដុះបណ្ដាល​លើ​​ជំនាញ​បដិសណ្ឋារកិច្ច អនាម័យ​ម្ហូបអាហារ និង​ការងារ​ដទៃទៀត​ផងដែ​រ​។​

​ជាការ​ឆ្លើយតប លោក​រដ្ឋមន្ត្រី យល់ថា គម្រោង​ទាំងនេះ ពិត​ជាមាន​សក្ដានុពល​ខ្ពស់​មកលើ​ទីផ្សារការងារ​របស់​ក​ម្ពុ​ជា​ដែល​កំពុងតែ​ខ្វះ​​ខាត​ពលករ​ជំនាញ​។ លោក​លើកឡើងថា ក្រសួងពាណិជ្ជកម្ម​បាន​គាំទ្រ​គម្រោង​មួយ​រួចមកហើយ គឺ​ការបង្កើត​សាលា​វិជ្ជាជីវៈ​ធ្វើ​ម្ហូប ហៅថា Academy of Culinary Art of Cambodia ក្រោម​ក្របខណ្ឌ​ភាពជា​ដៃគូរ​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន (PPP)​ដែល​​ជាការ​រួមចំណែក​មួយ​ក្នុងការ​បណ្ដុះបណ្ដាល​ជំនាញ​។​

​លោក​រដ្ឋមន្ត្រី ស្វាគមន៍​ចំពោះ​គំនិត​ផ្ដួចផ្ដើម​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ហើយ​មានមតិ​ថា​ធនាគារ​អាច​សាកល្បង​លើ​វិស័យ​ទេសចរណ៍​​ជាមុនសិន ដោយ​ធនាគារ​មានបទពិសោធន៍​ស្រាប់​ក្នុង​វិស័យនេះ មុន​ចាប់យក​វិស័យ​ដទៃទៀត​ដូចជា ការកែឆ្នៃ​ផលិតផល​កសិកម្ម ព័ត៌មានវិទ្យា ជំនាញ​ផ្សំផ្គុំ​ឧបករណ៍​អេ​ឡិ​ក​ត្រូ​និក ។​ល​។ ជាមួយ​នោះដែរ​លោក​រដ្ឋមន្ត្រី​ក៏បាន​លើកឡើង​អំពី​ការបណ្ដុះបណ្ដាល​ភាពជា​សហគ្រិន ជាការ​គាំទ្រ​ដល់​យុវជន​កម្ពុជា ដែលមាន​បំណង​ក្លាយជា​សហគ្រិន និង​លើក​កំពស់​ការអភិវឌ្ឍ​ន៍ស​ហ​គ្រាស​ធុន​តូច និង​មធ្យម​របស់​កម្ពុជា​៕​អត្ថបទ​៖​ក្រសួង​