រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ចែករំលែក​បទពិសោធ​ន៍​ពាក់ព័ន្ធ​នឹង​កម្មវិធី​ការពង្រឹង​ក្របខ័ណ្ឌ​សមាហរណកម្ម (EIF) ក្នុង​កិច្ចប្រជុំ High-Level Dialogue ស្តីពី​ការបង្កើន​ការវិនិយោគ​ក្នុងប្រទេស​អភិវឌ្ឃន៍​តិចតួច​

139

(​អា​ហ្ស​ង់​ទីន​)៖ កាលពី​រសៀល​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០១៧ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ចូលរួម​ថ្លែង​សុន្ទរកថា ចែករំលែក​បទពិសោធ​ន៍​ពាក់ព័ន្ធ​នឹង​កម្មវិធី​ការពង្រឹង​ក្របខ័ណ្ឌ​សមាហរណកម្ម (EIF) ក្នុង​កិច្ចប្រជុំ High-Level Dialogue ស្តីពី​ការបង្កើន​ការវិនិយោគ​ក្នុងប្រទេស​អភិវឌ្ឃន៍​តិចតួច ដែលមាន​ការចូលរួម​ពី​លោកជំទាវ Bernadette Essossimna Legzim-Balouki រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជំរុញ​វិស័យ​ឯកជន​នៃ​សាធារណៈរដ្ឋ​តូ​ហ្គូ​, ឯកឧត្តម The Rt. Hon. Greg Hands MP រដ្ឋមន្ត្រី​គោលនយោបាយ​ពាណិជ្ជកម្ម​អង់គ្លេស​, លោកជំទាវ Susana Malcorra ប្រធាន​អង្គប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អង្គការ WTO លើក​ទី​11, ឯកឧត្តម Roberto Azevêdo អគ្គនាយក​អង្គការ WTO និង​បណ្តា​រដ្ឋមន្ត្រី​នៃ​សមាជិក​អង្គការ WTO ។​

​នៅក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ​បានផ្តល់​បទ​អន្តរាគមន៍​ចែករំលែក​បទពិសោធន៍​ពាក់ព័ន្ធ​នឹង​កម្មវិធី​ការពង្រឹង​​ក្របខ័ណ្ឌ​សមាហរណកម្ម (EIF) ដោយបាន​គូសបញ្ជាក់​ពី​ចំណុច​សំខាន់ៗ​មួយចំនួន​ដូចខាងក្រោម​៖

•​កម្មវិធី​ជំនួយ​បច្ចេកទេស​ត្រូវតម្រូវ​ឲ្យ​ត្រូវ​នឹង​លក្ខខណ្ឌ និង​ស្ថានភាព​របស់​ប្រទេស​ទទួល​ជំនួយ ហើយ​ត្រូវ​ផ្តោតលើ​ប្រជាជន​ដែល​ងាយ​នឹងរង​គ្រោះ​
•​ត្រូវ​ផ្តោតលើ​ការធ្វើ​ពិពិធ​កម្ម​ផលិតកម្ម ការបង្កើន​តម្លៃបន្ថែម និង​ការនាំ​ចេញទៅ​ទីផ្សារ​ថ្មីៗ​
•​ត្រូវធ្វើ​ឲ្យ​ប្រាកដថា ទីផ្សារ​ថ្មី​ត្រូវ​ផ្តល់ឱកាស​យូរអង្វែង ក្នុងការ​បង្កើន​តម្លៃបន្ថែម​ដែល​អាច​នាំ​ឲ្យ​មាន​ទំនាក់ទំនង​កាន់តែ​ស៊ីសង្វាក់​គ្នា​រវាង​អ្នកផ្គត់ផ្គង់ អ្នក​ផលិត និង​អ្នក​នាំចេញ​
•​ពាណិជ្ជកម្ម ការវិនិយោគ និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ដើរតួនាទី​យ៉ាងសំខាន់​សម្រាប់​កំណើន និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​។​
•​ដៃគូ​កម្មវិធី EIF សម្រាប់​ការអភិវឌ្ឍ​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ទាំងអស់ ត្រូវ​ធានា ៖

-​សិក្សា វិភាគ​ដោយ​ផ្អែកលើ​ទិន្នន័យ និង​សូចនាករ​ត្រឹមត្រូវ ដែល​ជួយ​ដល់​ការកំណត់ បញ្ហា​ប្រឈម និង​កាលានុវត្តភាព​
-​ផ្តល់​លទ្ធភាព​ដល់​ភាគី​ពាក់ព័ន្ធ​សំខាន់ៗ​ក្នុង​សកម្មភាព​សេដ្ឋកិច្ច បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ពាណិជ្ជកម្ម​តំបន់ និង​អន្តរជាតិ និង​ដាក់ចេញ​នូវ​គោលនយោបាយ​ដែលមាន​ភាព​អំណោយផល សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​
-​បង្កើន​ការវិនិយោគ​ដែល​ចាំបាច់​ក្នុង​ការជួយ​ឲ្យ​កសិករ សិប្បករ និង​យុវជន អាច​កសាង​សមត្ថភាព​ផលិត និង​ជំនាញ​របស់ខ្លួន និង​សមត្ថភាព​ធ្វើ​ពាណិជ្ជកម្ម តាមរយៈ​ការបង្កើន​ការនាំចេញ ការស្វែងរក​ទីផ្សារ​ថ្មី និង​ទទួលបាន​ឱកាស​ការងារ​ថ្មីៗ​ជាច្រើន​។​

​នៅក្នុង​ឱកាស​ផងដែរ ឯកឧត្តម​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ ក៏បាន​ជួបប្រជុំ​ទ្វេភាគី​ជាមួយ​លោក Ratnakar Adhikari ប្រធាន​ប្រតិបត្តិ​នៃ​កម្មវិធី​ការពង្រឹង​ក្របខ័ណ្ឌ​សមាហរណកម្ម (EIF) របស់​អង្គការ WTO ក្នុង​គោលបំណង​បន្ត​ផ្តល់ជំនួយ​គាំទ្រ​ពាណិជ្ជកម្ម​ដល់​កម្ពុជា​។ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់ EIF ក្នុងការ​ផ្តល់ជំនួយ​ក​ម្ពុ​ជា​កន្លងមក និង​ស្នើសុំ​បន្តទៀត​ពី EIF ក្នុង​ការជួយ​ដល់​កម្ពុជា ដូចជា​គម្រោង​លើ​អង្ករ ដំឡូង​មី សូត្រ និង​វិស័យ​អាទិភាព​មួយចំនួនទៀត​។​

​បន្ទាប់មក ឯកឧត្តម​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​ជួប​សន្ទនា​ក្រៅផ្លូវការ​ជាមួយ ឯកឧត្តម Greg Hands រដ្ឋមន្ត្រី​គោលនយោបាយ​ពាណិជ្ជកម្ម​អង់គ្លេស និង​លោកជំទាវ Susana Malcorra ប្រធាន​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​លើក​ទី​១១ ដើម្បី​បង្ហាញ​ពី​សក្តានុពល​នៃ​ការ​ផ្តល់ជំនួយ និង​ការចែករំលែក​បទពិសោធ​ន៍​ការអនុវត្ត​គម្រោង​របស់​កម្ពុជា​ទៅ​បណ្តា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ដទៃទៀត​៕​អត្ថបទ​៖ នាយកដ្ឋាន​ផ្តល់ព័ត៌មាន និង​ផ្ទៀងផ្ទាត់​ច្បាប់​/sn​