រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ស្នើសុំ​អន្តរាគមន៍​ពី​រដ្ឋមន្ត្រី​ក្រសួងការបរទេស ចាត់វិធានការ​លើ​វិទ្យុ​អាស៊ីសេរី

735

(​ភ្នំពេញ​)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​សរសេរ​លិខិត​មួយច្បាប់ ជូន​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស ដើម្បី​ស្នើសុំ​ជួយ​អន្តរាគមន៍​ទៅ​វិទ្យុ​អាស៊ីសេរី RFA ធ្វើការ​កែសម្រួល​ការផ្សាយ​ព័ត៌មាន​មិន​ពិត ស្តីពី បញ្ហា​ជម្លោះដីធ្លី នៅ​ខេត្តក្រចេះ តាមរយៈ​ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​នៅ​កម្ពុជា​។​

​ក្នុង​លិខិត ២ ទំព័រ ចុះ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៨ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក​ខៀវ កាញារីទ្ធ លើកឡើងថា កាលពី​ថ្ងៃទី​០៨ ខែមីនា ឆ្នាំ​២០១៨ វិទ្យុ​អាស៊ីសេរី បាន​ផ្សាយ​ព័ត៌មាន​មិន​ពិត​ថា មាន​ប្រជាពលរដ្ឋ​ចំនួន ៦​នាក់ បាន​ស្លាប់ និង​របួស​ចំនួន ៤០ នាក់ នៅក្នុង​ហេតុការណ៍​បង្ក​ហិង្សា​ជម្លោះដីធ្លី នៅ​ស្រុក​ស្នួល ខេត្តក្រចេះ កាលពី​ថ្ងៃទី​០៨ ខែមីនា ឆ្នាំ​២០១៨​។ ក៏ប៉ុន្តែ​តាម​ការពិត ករណីនេះ មិនមាន​អ្នកស្លាប់​នោះទេ ហើយ​អ្នករបួស​ក៏​មិន​ច្រើន​ដូច​ការផ្សព្វផ្សាយ​នោះដែរ​។​

​លិខិត​ដដែល លើកឡើងថា ហេតុការណ៍​ហិង្សា​ទំនាស់​ដីធ្លី ដែល​បាន​កើតឡើង​នៅ​ស្រុក​ស្នួល ខេត្តក្រចេះ​នេះ គឺ​ផែនការ​របស់​វិទ្យុ​អាស៊ីសេរី ដែល​តែងតែ​ឃុបឃិត​ជាមួយ​គណបក្សប្រឆាំង រៀបចំ​ឡើងជា​បន្តបន្ទាប់ បំផុស​ឲ្យ​ប្រជាពលរដ្ឋ​ប្រឆាំងនឹង​រាជរដ្ឋាភិបាល និង​អាជ្ញា​ធរមាន​សមត្ថកិច្ច បង្ក​ឲ្យ​មាន​អំពើហិង្សា​កើតឡើង ដើម្បី​ទម្លាក់កំហុស និង​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់​។​

​លោក ខៀវ កាញារីទ្ធ បញ្ជាក់ថា “​នេះ​គឺជា​អំពើ​បំពាន​ច្បាប់ អសីលធម៌ គ្មាន​វិជ្ជាជីវៈ និង​ជា​ចេតនា​ទុច្ចរិត​របស់​អ្នកគ្រប់គ្រង​វិទ្យុ​អាស៊ីសេរី ដែល​តែងតែបាន​បង្កើត​បញ្ហា​ជា​បន្តបន្ទាប់ ម្តង​ហើយ​ម្តងទៀត ដោយ​ធ្វើ​សកម្មភាព​ញុះញង់ បង្ក​ឲ្យ​កើតមាន​អំពើហិង្សា ការរើសអើង បង្កចលាចល​សង្គម ដែល​អាច​បណ្តាល​ឲ្យ​អន្តរាយ​ដល់​សន្តិសុខ​ជាតិ សណ្តាប់ធ្នាប់​សាធារណៈ និង​អរិភាព​ជាមួយ​ប្រទេស​ដទៃ នាពេល​កន្លងមក​”៕ ដោយ​៖ ម៉េង​ឆៃ​