រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​អញ្ជើញ​ប្រកាស​ឲ្យ​ចូលកាន់​តំណែង​ជា​ផ្លូវការ នៃ​ប្រធាន​មន្ទីរ​ព័ត៌មាន​ថ្មី​ខេត្តព្រះវិហារ​

573

ព្រះវិហារ​: លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​អញ្ជើញ​ប្រកាស​តែងតាំង​ឲ្យ​ចូលកាន់​តំណែង​ជា​ផ្លូវការ នៃ​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តព្រះវិហារ​។ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ និង​កងកម្លាំង​សមត្ថកិច្ច​ទាំងបី ព្រមទាំង​មន្ត្រី​មន្ទីរ​ជុំវិញ​ខេត្ត​ជាច្រើន​កុះករ ហើយ​ពិធី​នោះ​រៀបចំ​នៅ​សាលាខេត្ត​ព្រះវិហារ កាលពី​រសៀល​ថ្ងៃទី​១៧ ខែ​កក្ត​ដា ឆ្នាំ​២០១៧​។​

​នៅក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​ថ្មី​នោះ លោកស្រី ហែម សុ​គុណ​ពិសី ត្រូវបាន​ប្រកាស​ឲ្យ​ចូលកាន់​តំណែង​ជា​ផ្លូវការ​ជំនួស​លោក រ៉ាត់ សោភា ដែល​ត្រូវបាន​ចូលនិវត្តន៍​។​

​ក្នុង​ពិធី​នោះ​ផងដែរ​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ បាន​ឡើង​សំដែង​ការអបអរសាទរ ចំពោះ​លោកស្រី ហែម សុ​គុណ​ពិសី ដែល​ត្រូវបានតែងតាំង​ជា​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តព្រះវិហារ ជំនួស​លោក រ៉ាត់ សោភា អតីត​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត ដែល​ត្រូវបាន​ឲ្យ​ចូលនិវត្តន៍​។ លោក​អភិបាលខេត្ត​បាន​ថ្លែង​បន្តទៀតថា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខេត្តព្រះវិហារ​មានការ​រីកចំរើន​ស្ទើរ​គ្រប់​វិស័យ ក្នុងនោះ​វិស័យ​ព័ត៌មាន ក្នុង​ខេត្ត​ក៏មាន​ការរីកចម្រើន​គួរ​ឲ្យ​កត់សំគាល់​ផងដែរ​។​

​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានលើកឡើង​បន្ថែមទៀតថា ទន្ទឹម​នឹងមាន​ការរីក​ចម្រើន​ខាងលើ​នោះ​ផងដែរ ក៏មាន​ចំណុច​ខ្វះខាត​មួយចំនួន ដែល​ត្រូវ​បង្កើន ចំពោះ​មន្ត្រី​មួយចំនួន​ត្រូវខិតខំ​ពង្រឹង​ឆន្ទៈ​ការងារ ភក្តីភាព​មនសិកា វិជ្ជាជីវៈ​ឲ្យ​បានល្អ​ប្រសើរ និង​ខិតខំ​បន្ត​យកចិត្តទុកដាក់ ជាពិសេស​បំពេញការងារ​សហការ​ណ៍​មន្ត្រី​មន្ទីរ​អង្គភាព​ផ្ទៃក្នុង ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀត​។ ក្រោយពី​លោកស្រី​ហែម​សុ​គុណ​ពិសី ប្រធាន​មន្ទីរ​ថ្មី ដែល​ត្រូវបាន​ប្រកាស​ចូលកាន់​មុខតំណែង​ថ្មី និង​បាន​ឡើង​ផ្តេ​ជ្ញា​ចិត្ត​រួចមក​។​

​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ជំរុញ​ឲ្យ​មន្ត្រី​ព័ត៌មាន​ខិតខំ​ចាប់​ខ្លឹមសារ​ព័ត៌មាន ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​។ ក្រោយ​ផ្ទាំ​ផ្ញើ​ដល់​ប្រធាន​មន្ទីរ​ឡើង​ថ្មី និង​មន្ត្រី​មន្ទី​ព័ត៌មាន​នោះទេ លោក​បាន​ក្រើនរំលឹក​ដល់​ភ្នាក់ងារ​ទូរទស្សន៍ និង​វិទ្យុ​ក្នុង​ខេត្តព្រះវិហារ ត្រូវតែ​ជំរុញ​ខ្លួនឯង​ខិតខំ​ស្វែងរក​ព័ត៌មាន​មក​សរសេរ និង​ផ្សព្វផ្សាយ​ឲ្យ​បាន​លឿន និង​ងាយ​អាន​ស្តាប់ និង​ងាយ​យល់បាន​ល្អ ទាន់​ហេតុការណ៍ និង​ជឿ​ទុកចិត្តបាន​ដល់​អ្នកអាន​អ្នក​ស្តាប់​ចាប់អារម្មណ៍​៕ ដោយ​៖ សៅ​វ៉ានឌី​