រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​អនុញ្ញាត​ឲ្យ​វិទ្យុ វី​អូ​អេ អាច​ជួល​ម៉ោង​ផ្សាយ​ឡើងវិញ​បាន​

315
ចែករម្លែក
ជំនួប​រវាង​លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ជាមួយ​លោក​លោក ប៉ា​ទ្រិ​ច មូ​ហ្វី​(Patrick Murphy) ឯកអគ្គរដ្ឋទូត​អាម៉េរិក​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃត្រង់​ថ្ងៃទី​១៥​ខែវិច្ឆិកា

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​ព័​ត៌​មានបាន​ឯកភាព​នៅក្នុង​ការអនុញ្ញាត​ឲ្យ​វិទ្យុ​សំឡេង​សហរដ្ឋ​អាម៉េរិក​ឬ​វី​អូ​អេ (VOA) អាច​ជួល​ម៉ោង​ផ្សព្វផ្សាយ​ឡើងវិញ​បាន​នៅក្នុង​វិទ្យុ​សំបុក​ឃ្មុំ និង​វិទ្យុ​សំឡេង​ស្ត្រី (១០២) ប៉ុន្តែ​ត្រូវធ្វើ​យ៉ាងម៉េច​ឲ្យ​ម្ចាស់​ស្ថានីយ​ទាំងពីរ​ប​បំពេញបែបបទ និង​ធ្វើលិខិត​ស្នើសុំ​ជា​ផ្លូវការ​មក​ក្រសួង​ព័ត៌មាន​ដើម្បី​បំពេញ​ក្របខ័ណ្ឌគតិយុត្តិ ដើម្បី​អាច​ផ្សព្វផ្សាយ​កម្មវិធី​របស់​វិទ្យុ​សំឡេង​សហរដ្ឋ​អាម៉េរិក​បាន​។ ការឯកភាព​នេះ បានធ្វើ​ឡើង​នៅក្នុង​ជំនួប​រវាង​លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ជាមួយ​លោក​លោក ប៉ា​ទ្រិ​ច មូ​ហ្វី​(Patrick Murphy) ឯកអគ្គរដ្ឋទូត​អាម៉េរិក​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃត្រង់​ថ្ងៃទី​១៥​ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ក្រសួង​ព័​ត៌​មាន​។​

ជំនួប​រវាង​លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ជាមួយ​លោក​លោក ប៉ា​ទ្រិ​ច មូ​ហ្វី​(Patrick Murphy) ឯកអគ្គរដ្ឋទូត​អាម៉េរិក​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃត្រង់​ថ្ងៃទី​១៥​ខែវិច្ឆិកា

​លោក​មាស សោ​ភ័​ណ្ឌ អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​អ្នកនាំពាក្យ​បាន​ឲ្យ​ដឹងថា នៅក្នុង​ជំនួប​ពិភាក្សា​នេះ​ឯកអគ្គរដ្ឋទូត​អាម៉េរិក​ក៏បាន​លើកឡើង​អំពី​បញ្ហា​វិទ្យុ​អាស៊ីសេរី​ផងដែរ ។​ប៉ុន្តែ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បានបញ្ជាក់​អំពី​ជំហរ​របស់​រាជរដ្ឋាភិបាល​ផងដែរ ដោយសារតែ​វិទ្យុ​នេះ (​អាស៊ីសេរី​) នៅតែ​ប្រើពាក្យ “​របប​ក្រុងភ្នំពេញ​” ដែល​ប្រាសចាក​ពី​លិខិតបទដ្ឋាន​ក៏ដូចជា​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។
អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​បាន​បន្តថា ឯកអគ្គរដ្ឋទូត​អាម៉េរិក​ក៏បាន​លើកសំណើ​មួ​យមក​រដ្ឋមន្ត្រីក្រសួង​ព័​ត៍​មាន​ថា ដោយសារតែ​សប្តាហ៍​ក្រោយនេះ អ្នកតំណាង​វិទ្យុ​អាស៊ី​ស​រីនឹង​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ហើយក៏​សុំ​ការអនុញ្ញាត​ពី​លោក​រដ្ឋមន្ត្រី​សុំ​ឲ្យ​តំណាង​វិទ្យុ​អាស៊ីសេរី​អាចមក​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​រដ្ឋមន្ត្រី​។​ជាការ​ឆ្លើយតប​លោករ​ដ្ឋ​មន្ត្រី​បានអនុញ្ញាត​ឲ្យ​តំណាង​វិទ្យុ​អាស៊ីសេរី​ជួបពិភាក្សា​។​
យោងតាម​ផេ​ក​ផ្លូវការ​របស់​ស្ថានទូត​អាម៉េរិក​បាន​ឲ្យ​ដឹងថា លោក​ឯកអគ្គរដ្ឋទូត W. Patrick Murphy បាន​ជួប​ជាមួយ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​ពី​តួនាទី​ដ៏​សំខាន់​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ នៅក្នុង​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ និង​ពី​របៀប​ដែល​សហរដ្ឋ​អាម៉េរិក និង​ប្រទេស​កម្ពុជា​អាច​ធ្វើការ​ជាមួយគ្នា​បាន ដើម្បី​ជួយ​ស្តារ​វិស័យ​សារព័ត៌​មាននៅ​កម្ពុជា​ឲ្យ​មាន​ភាពរស់រវើក និង​សេរីភាព​ពេញលេញ ។

លោក​ឯកអគ្គរដ្ឋទូត​មូ​ហ្វី បានកត់សម្គាល់​ឃើញថា ការចុះបញ្ជី​ឡើងវិញ ក្នុងពេល​ថ្មីៗ​នេះ របស់​វិទ្យុ​សម្លេង​សហរដ្ឋ​អាម៉េរិក គឺជា​ជំហាន​សំខាន់​មួយ​ទៅមុខ ហើយ​លោក​បាន​សម្តែង​ក្តី​សង្ឃឹមថា ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​នឹង​អាច​ស្តាប់ឮ​ការផ្សាយ​តាម​វិទ្យុ​ក្នុងស្រុក នូវ​កម្មវិធី​នៃ​វិទ្យុ​សំឡេង​សហរដ្ឋ​អាម៉េរិក និង​សេចក្តីរាយការណ៍​ពី​ព័ត៌មាន​ដ៏​សំខាន់​ទាំង​ក្នុងស្រុក និង​អន្តរជាតិ​ពី​វិទ្យុ​អាស៊ីសេរី​៕​សរន​

ជំនួប​រវាង​លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ជាមួយ​លោក​លោក ប៉ា​ទ្រិ​ច មូ​ហ្វី​(Patrick Murphy) ឯកអគ្គរដ្ឋទូត​អាម៉េរិក​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃត្រង់​ថ្ងៃទី​១៥​ខែវិច្ឆិកា