រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​សម្ពោធ​នូ​វ​មតេយ្យ​សិក្សា​សហគមន៍​ស្រុក​ចិត្រ​បុរី​

345
ចែករម្លែក

ដោយ​:​សេង​ឃួន/​ខេត្តក្រចេះ​ ៖ ​អគារសិក្សា​មតេយ្យ​សហគមន៍ ចំនួន១​ខ្នង ២បន្ទប់ តម្លៃ​ជាង២៨លាន​រៀល ដែលជា​ការផ្តួចផ្តើម​កសាង និង​គៀងគរ​ពី​លោក ពេជ្រ វិជ្ជាគ​ន្ធី អនុប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​ចិត្រ​បុរី រួម​ក្រុមការងារ និង​សប្បុរសជន បានដាក់​សម្ពោធ​ឲ្យ​សិស្សានុសិស្ស ប្រើប្រាស់​ជា​ផ្លូវការ ក្រោម​អធិបតីភាព លោក ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​ការអញ្ជើញ​ចូលរួម​ពី​លោក លោកស្រី​អ្នកតំណាងរាស្ត្រ និង​ថ្នាក់ដឹកនាំ​ក្រុមការងារ​គ្រប់លំដាប់​ថ្នាក់ រួម​និង​លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស​ប្រមាណ​ជាង៩០០នាក់​ស្ថិត​ក្នុងភូមិ​ច្រ​វ៉ា ឃុំ​គោ​លាប់ ស្រុក​ចិត្រ​បុរី​ខេត្តក្រចេះ​កាលពី​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៩​នេះ ។​

លោក ហង់ ចាន់​ឌី អភិបាលស្រុក​ចិត្រ​បុរី បានបញ្ជាក់​ឲ្យ​ដឹងថា ដោយ​មើលឃើញ​ពី​ការលំបាក​របស់លោក​គ្រូ​អ្នកគ្រូ ចំពោះ​ចំនួន​សិស្ស​ចូលរៀន​មានការ​កើនឡើង ហើយ​ទីកន្លែង ឬ​ថ្នាក់រៀន​មិន​គ្រប់​ក្នុងការ​បង្រៀន ពោលគឺ គ្មាន​ថ្នាក់​សម្រាប​បង្រៀន​ផ្ទាល់ ទើប​អាជ្ញាធរ​ស្រុក​ឃុំ រួម​និង​ក្រុមការងារ​ថ្នាក់កណ្តាល បានធ្វើ​ការគៀងគរ​ប្រមែប្រមូល​នូវ​ធនធាន សម្ភារៈ និង​ថវិការ​ពី​សប្បុរសជន សម្រេច​បានជា​អាគារ​សិក្សា​ថ្មី​១ ខ្នង ២​បន្ទប់​នេះ ដើម្បី​សម្រួល​ដល់​ការបង្រៀន​របស់លោក​គ្រូ​អ្នកគ្រូ និង​ការរៀន​របស់​ក្មួយៗ​សិស្សានុសិស្ស​កម្រិត​មតេយ្យ ។​

លោក ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ បាន​បញ្ជាក់ថា អគារ​សិ​ក្ស​១​ខ្នង ២​បន្ទប់​នេះ ពិតជា​ដ៏​មាន​សារ​:​ប្រយោជន៍​ណាស់ ហើយ​គឺជា​ចំណងដៃ​ឆ្នាំ​ថ្មី ២០១៩ និង​ជាការ​អបអរ​ដល់​ខួប​លើក​ទី​៤០​ឆ្នាំ​នៃ​ថ្ងៃជ័យ​ជំនះ ៧ មករា ១៩៧៩-២០១៩ និង​ដើម្បី​អបអរ​ចំពោះ​ប្រទេសជាតិ​យើង​ត្រូវបាន​បញ្ចប់សង្គ្រាម​រ៉ាំ​រ៉ៃ​ប្រល័យពូជសាសន៍ ក្រោម​របប​ដឹកនាំ​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្ដេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី បានធ្វើ​ឲ្យ​គ្រប់ភាគី​ខ្មែរ​ដែល​ធ្លាប់មាន​ជម្លោះ​នឹង​គ្នា បាន​ជួបជុំ​ជា​ខ្មែរ​តែមួយ និង​បានធ្វើការ​អភិវឌ្ឍន៍​ប្រទេស​រីកចម្រើន​លើ​គ្រប់​វិស័យ​ឥតឈប់ឈរ​ក្នុង​រយះ​ដ៏​ខ្លី ។

លោកបន្ថែមថា ​អាគារ​សិក្សា​ថ្មី​មួយ​នេះ គឺ​សរ​បញ្ជាក់​ពី​ការកសាង​រីកចម្រើន​នូវ​វិស័យ​អប់រំ មិន​ថា​នៅ​ទីក្រុង ទីប្រជុំជន ឬ​មូលដ្ឋាន​ជនបទ​នោះទេ គឺ​សុទ្ធតែ​បានកើត​ឡើង​ពី​ការគិតគូរ​យកចិត្តទុកដាក់​ខ្ពស់ និង​ជួយ​សម្រួល​ពី​រាជរដ្ឋាភិបាល ដើម្បី​កាត់បន្ថយ​នូវ​ភាពក្រីក្រ​ដោយ​អក្ខរកម្ម ជាពិសេស​ដើម្បី​ផ្សារភ្ជាប់​នូវ​គុណភាព​អប់រំ​រវាង​ទីក្រុង និង​ជនបទ ឲ្យ​មាន​តម្លាភាព និង​ប្រសិទ្ធភាព ។

​ជាមួយគ្នានេះ​លោក ក៏បាន​ក្រើនរំលឹក​ដល់​ក្មួយៗ​ទាំងអស់​ត្រូវ​ប្រឹងប្រែង​សិក្សា​រៀន​សូត្រ មិនត្រូវ​ប្រព្រឹត្ត​អំពើ​អបាយមុខ​ផ្សេងៗ គេច​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន សំដៅ​ធ្វើ​យ៉ាង​ខំប្រឹង​រៀនសូត្រ ដើម្បី​អនាគត​សង្គមជាតិ​យើង​ទាំងមូល​ផង ៕​B/