រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ស្នើ​ឲ្យ​ចៅក្រម​និង​ព្រះរាជអាជ្ញា​ធ្វើការ​ដោយ​មនសិការ​ខ្ពស់​ ​

905
ចែករម្លែក

(​ភ្នំពេញ​) ៖ ជាថ្មី​ម្ដងទៀត រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បានស្នើ​ឲ្យ​ចៅក្រម ព្រះរាជអាជ្ញា និង​មន្ត្រី​លេខាធិការដ្ឋាន​សាលាដំបូង​អនុវត្ត​ការងារ​​ប្រកបដោយ​ការយកចិត្តទុកដាក់​ខ្ពស់ និង​មាន​ទំនួល​ខុសត្រូវ​ក្នុងការ​ស្វែងរក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​មនសិការ​ខ្ពស់ គោរព​នូវ​ក្រមសីលធម៌ ដោយ​ធ្វើយ៉ាងណា​បង្កើន​នូវ​ជំនឿ​ទុកចិត្ត និង​ការគោរព​ពី​សាធារណជន​មកលើ​វិស័យ​តុលាការ​។​


​ ​
​ការស្នើ​របស់​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក អង្គ​វង្ស វ​ឌ្ឍ​នា ធ្វើឡើង​តាមរយៈ​សុន្ទរកថា​បើក​អង្គសិក្ខាសាលា​ស្ដីពី​ការគ្រប់គ្រង​និង​ការដឹក​​នាំ​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​នៅ​សណ្ឋាគារ​សាន់វ៉េ (Sunway) ព្រឹក​ថ្ងៃទី​៣១ កក្កដា​។​
​ ​
​សិក្ខាសាលា​ដែល​ចូលរួម​ដោយ​មន្ត្រី​តុលាការ និង​តំណាង​អយ្យការ​អម​សាលាដំបូង​ទូទាំងប្រទេស​នេះ​ដើម្បី​ឲ្យ​មាន​កិច្ចពិភាក្សា​ស្វែងរក​​ចំណុច​ល្អ និង​បញ្ហា​ប្រឈម ដោយ​ធ្វើយ៉ាងណា​ឲ្យ​កិច្ចដំណើរការ​ការងារ​របស់​សាលាដំបូង​និង​អយ្យការ​អម​សាលាដំបូង​កាន់តែ​មាន​ភាព​​ប្រសើរឡើង​ថែមទៀត​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ និង​កាន់​តែមាន​ប្រសិទ្ធភាព​។​
​ ​
​បើតាម​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ា​លីន ថ្លែងប្រាប់​សារព័ត៌មាន​ថា ការសហការ​ល្អ​រវាង​ស្ថាប័ន​ទាំងបី គឺ​សាលាដំបូង (​ផ្នែក​ចៅក្រម​) អយ្យការ​អម​សាលាដំបូង (​ផ្នែក​ព្រះរាជអាជ្ញា​) និង​លេខាធិការដ្ឋាន​រដ្ឋបាល​សាលាដំបូង​ដើម្បី​កែទម្រង់​ប្រព័ន្ធ​យុ​ត្តិ​​ធម៌​ក្នុង​ការផ្ដល់សេវា​យុត្តិធម៌​ដល់​ពលរដ្ឋ “…​ដើម្បី​ជា​បទពិសោធន៍​ល្អ​ក្នុងការ​រៀនសូត្រ​ពីគ្នា​ទៅវិញទៅមក ហើយ​ឲ្យ​អង្គភាព​បី​ហ្នឹង គឺ​សហការគ្នា​ដោយ​រលូន​ក្នុងការ​បម្រើសេវា​យុត្តិធម៌​ដល់​ប្រជាពលរដ្ឋ​…”​។​
​ ​
​កាលពីពេល​កន្លងទៅនេះ លោក​អង្គ វង្ស​វ​ឌ្ឍ​នា រដ្ឋមន្ដ្រី​ក្រសួងយុត្តិធម៌ ក៏បាន​ថ្លែង​អំពាវនាវ​ទៅកាន់​មន្ដ្រី​តុលាការ​នៅតាម​បណ្ដា​​ខេត្ត​នានា ឲ្យ​រឹតបន្ដឹង​ប្រព័ន្ធយុត្តិធម៌​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​ទំនុកចិត្ត​៕​ដោយ​៖​វិបុល​