រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកលោក ស្តេវិន អេមញូជីន កាលពីថ្ងៃពុធទី១០តុលា បានព្រមានចិនកុំឱ្យចូលរួមពាក់ព័ន្ធក្នុងការទម្លាក់ថ្លៃរូបិយបណ្ណបែបប្រកួតប្រជែង ខណៈប្រទេសទាំង២កំពុងធ្វើសង្គ្រាមពាណិជ្ជកម្ម នៅក្នុងសុន្ទរកថារបស់លោក ដែលចេញផ្សាយលើកាសែត Financial Times។
លោកអេមញូជីនបានប្រាប់កាសែតនេះមុនកិច្ចប្រជុំនៅកោះបាលីឥណ្ឌូណេស៊ីរបស់អង្គការ IMF ធនាគារពិភពលោក និង ក្រុមប្រទេស G20 ថា មានកត្តាជាច្រើនដែលនៅពីក្រោយការធ្លាក់ចុះតម្លៃប្រាក់យ័នចិននាពេលថ្មីៗនេះរួមទាំងបញ្ហាសេដ្ឋកិច្ចនៅក្នុងប្រទេសចិនផងដែរ។
លោកអេមញូជីនបានប្រាប់កាសែត Financial Times ថា “នៅពេលយើងពិនិត្យមើលបញ្ហាពាណិជ្ជកម្ម យើងមិនមានចម្ងល់ទេដែលយើងចង់ធ្វើឱ្យប្រាកដថាប្រទេសចិនមិនបានធ្វើការទម្លាក់ថ្លៃរូបិយបណ្ណប្រកួតប្រជែង”។
ប្រធានាធិបតី ដូណាល់ ត្រាំ បានចោទប្រកាន់ចិនម្តងហើយម្តងទៀតថាបានរៀបចំចាត់ចែងប្រាក់យ័នរបស់ខ្លួន ដោយអនុញ្ញាតឱ្យវាធ្លាក់ថ្លៃ ដើម្បីទទួលបានផលចំណេញក្នុងជម្លោះពាណិជ្ជកម្មជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។
ប្រាក់យ័នបានធ្លាក់ថ្លៃអស់រយៈពេលជាច្រើនសប្តាហ៍មកហើយធៀបនឹងប្រាក់ដុល្លារ ពោលគឺធ្លាក់ចុះ ៩ភាគរយក្នុងរយៈពេល ៦ ខែកន្លងមកនេះ ដែលធ្វើឱ្យទំនិញរបស់ចិនមានតម្លៃថោកជាងក្នុងការនាំចូល សូម្បីកំពុងជាប់ពន្ធពិន័យរបស់អាមេរិកក៏ដោយ។
ប៉ុន្តែប្រាក់ដុល្លារអាមេរិកបានឡើងថ្លៃ ៤ ភាគរយនៅឆ្នាំនេះ ដោយសារតែអត្រាការប្រាក់បានកើនឡើង។
លោកអេមញូជីនបាននិយាយថា លោកចង់ពិភាក្សាអំពីរូបិយបណ្ណ សម្រាប់ជាផ្នែកមួយនៃកិច្ចពិភាក្សាពាណិជ្ជកម្មជាមួយប៉េកាំង។
លោកអេមញូជីនត្រូវបានដកស្រង់សម្តីដោយកាសែត Financial Times ថា “យើងចង់ធ្វើឱ្យប្រាកដថា ជាផ្នែកមួយនៃការយោគយល់អំពីការធ្វើពាណិជ្ជកម្ម ដែលយើងចរចា រូបិយបណ្ណត្រូវតែជាផ្នែកមួយនៃការចរចា”។
មន្ត្រីក្រសួងរតនាគារអាមេរិកបាននិយាយកាលពីថ្ងៃចន្ទថា លោកអេមញូជីនមិនមានកិច្ចប្រជុំណាមួយជាមួយមន្ត្រីចិននៅកោះបាលីទេ។
មន្ត្រីចិនគ្រោងចរចាកាលពីចុងខែមុននៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនដើម្បីព្យាយាមដោះស្រាយជម្លោះពាណិជ្ជកម្មដ៏ជូរចត់រវាងប្រទេសទាំង២ ប៉ុន្តែប៉េកាំងបានលុបចោលកិច្ចប្រជុំនោះ បន្ទាប់ពីលោកត្រាំបានវាយពន្ធលើទំនិញចិនតម្លៃ ២០០ ពាន់លានដុល្លារទៀត។
ប៉ុន្តែមន្ត្រីអាមេរិកនិយាយថា ពួកគេបើកទូលាយដើម្បីចរចា។
មន្ត្រីម្នាក់ទៀតបានប្រាប់អ្នកយកព័ត៌មាននៅក្រុងវ៉ាស៊ីនតោននៅមុនដំណើររបស់លោកអេមញូជីន ថា “យើងបានបង្ហាញទស្សនៈច្បាស់លាស់របស់យើងដល់ភាគីចិនហើយ។ ប្រសិនបើពួកគេត្រៀមខ្លួនដើម្បីពិភាក្សាឱ្យបានច្បាស់លាស់អំពីការកែតម្រូវអតុល្យភាពពាណិជ្ជកម្មនិងបញ្ហារចនាសម្ព័ន្ធដែលយើងមាននៅក្នុងទំនាក់ទំនង យើងនឹងមានឆន្ទៈនិយាយជាមួយពួកគេ”៕ ដោយ៖ កញ្ញាដាលីស
បើចិនវាយពន្ធសងសឹកចំពោះការយកពន្ធរបស់អាមេរិកកាលពីពេលថ្មីៗ