រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​ទេសចរណ៍​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ទស្សនកិច្ច​រមណីយដ្ឋាន​អង្គរ​

495
ចែករម្លែក

ដោយ:​បាយ័ន​/​សៀមរាប ៖ ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​ទេសចរណ៍​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន លោក Luo Shu Gang បានមក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ខេត្តសៀមរាប ចាប់ពី​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៩​។ នា​ព្រឹក​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៩ ដោយមាន​ការចូល​អម​ដំណើរ​ដោយ​លោក​ស៊ុ ម៉ាប់ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា ។​

លោក​រដ្ឋមន្ត្រី ព្រមទាំង​គណៈប្រតិភូ​ទាំងអស់ បានធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រាសាទ​មួយចំនួន​ក្នុង​រមណីយដ្ឋាន​អង្គរ ពិសេស​ទៅកាន់​ប្រាសាទ​ដែល​ស្ថិតក្នុង​គម្រោង​សហប្រតិបត្តិការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា និង​បណ្ឌិតសភា​សម្រាប់​បេតិកភណ្ឌ​វប្បធម៌​ចិន ហៅ​កាត់​ថា CSA​។​

គណៈប្រតិភូ​ដែល​ដឹកនាំ​ដោយ​លោក Luo Shu Gang បាន​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​ប្រាសាទចៅសាយទេវតា ប្រាសាទតាកែវ ដែល​ប្រាសាទ​ទាំងពីរ​នេះ​ត្រូវបាន​ជួសជុល​ក្រោម​កិច្ចសហប្រតិបត្តិការ​រ​វាង​អាជ្ញាធរ​ជាតិ​អប្សរា និង​បណ្ឌិតសភា​សម្រាប់​បេតិកភណ្ឌ​វប្បធម៌​ចិន​។ ក្រៅពី​ទស្សនកិច្ច​ស្វែងយល់​ពី​ការជួសជុល​នៅ​ប្រាសាទ​ទាំងពីរ​ខាងលើ ឯកឧត្តម Luo Shu Gang និង​គណៈប្រតិភូ​ក៏បាន​ទៅ​ទស្សនា​ប្រាសាទ​បា​យ័ន្ត ប្រាសាទតាព្រហ្ម ប្រាសាទបន្ទាយស្រី និង​ប្រាសាទភ្នំបាខែង ដែលជា​គោលដៅ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ក្នុង​ខេត្តសៀមរាប​។

ក្នុង​ដំណើរ​ទស្សនកិច្ច​ខាងលើនេះ លោក​Luo Shu Gang បាន​ចាប់អារម្មណ៍​ខ្លាំង​ទៅនឹង​សំណង់​ប្រាសាទបុរាណ​ខ្មែរ ដែលមាន​ក្បូរក្បាច់​ចម្លាក់​រចនា​ល្អឥតខ្ចោះ ស័ក្ដិសម​ជាស​ម្ប​តិ្ត​បេតិកភណ្ឌ​ពិភពលោក​។ ទាក់ទង​នឹង​ការងារ​អភិរក្ស និង​ជួសជុល​ប្រាសាទ​វិញ លោក​ក៌​បាន​សម្តែង​ការវាយតម្លៃ​ខ្ពស់​ដល់​កិច្ចសហប្រតិបត្តិការ​រ​វាង​ស្ថាប័ន​ជំនាញ​នៃ​ប្រទេស​ទាំងពីរ និង​បញ្ជាក់ថា​ប្រទេស​ចិន​មាន​កិត្តិយស​ធំធេង​ណាស់​ដែល​បាន​ចូលរួមចំណែក​លើ​ការងារ​ជួសជុល​និង​អភិរក្ស​ប្រាសាទ​នៅ​រមណីយដ្ឋាន​អង្គរ​។

ក្រសួង​វប្បធម៌ និង​ទេសចរណ៍ នឹង​បន្តដំណើរ​ទស្សនកិច្ច​ទៅកាន់​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​២៩ ដើម្បី​ជួបពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួនទៀត​។ ក្នុងនោះដែរ ឯកឧត្តម​គ្រោង​នឹងចូលរួម​ជា​អធិបតីភាព​ក្នុង​ទិវា​ឆ្នាំ​ទេសចរណ៍ និង​វប្បធម៌​ចិន​-​កម្ពុជា​ដំបូង ដែល​ធ្វើឡើង​នៅ​សាលចតុមុខ មុននឹង​ធ្វើដំណើរ​ត្រឡប់​ទៅ​ប្រទេស​មាតុភូមិ​វិញ​៕​B/