រដ្ឋមន្ត្រីក្រសួង​វប្ប​ធ​ម៌ កោតសរសើរ​ចំពោះ​លទ្ធផល​ផ្លូវការ​នៃ​កិច្ចប្រជុំ​អាយ​ស៊ី​ស៊ី​-​អង្គរ​លើក​ទី​៣២

590
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាប ៖ ​លោកស្រី​ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្ប​ធ​ម៌​និង​វិចិត្រសិល្ប​: បង្ហាញ​ការកោតសរសើរ​ចំពោះ​លទ្ធផល​ផ្លូវការ​នៃ​កិច្ចប្រជុំ​អាយ​ស៊ី​ស៊ី​៣២​។​ កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣២ ​នៃ​គណៈក​ម្មាធិ​ការ​អន្ដរជាតិ​សម្របសម្រួល កិច្ច​គាំពារ និងអភិវឌ្ឍន៍ តំបន់ប្រវត្តិសាស្ត្រ​អង្គរ ហៅ​កាត់​ថា​អាយ​ស៊ី​ស៊ី​-​អង្គរ បាន​បិទ​បញ្ចប់​នៅ​រសៀល​ថ្ងៃទី​១២ ខែ​មិ​ថុនា ឆ្នាំ​២០១៩ ប្រកបដោយ​លទ្ធផល​ជា​វិជ្ជមាន ក្រោម​អធិបតីភាព​សហប្រធាន លោក Guillaume NARJOLLET ទីប្រឹក្សា​ស្ថានទូត​បារាំង និងលោកKenichi BESSHO អនុប្រធាន​បេសកកម្ម​នៃ​ស្ថានទូត​ជប៉ុន​។​

​មានប្រសាសន៍​នៅក្នុង​ពិធី​បិទ​កិច្ចប្រជុំ​នេះ លោកស្រី ភឿង ស​កុ​ណា បាន​បញ្ជាក់ថា​ លទ្ធផលដែល​ទទួលបាន​ពី​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣២​នៃ​អាយ​ស៊ី​ស៊ី​-​អង្គរ គឺ​ខាង​អ្នក​បច្ចេកទេស​ជាន់ខ្ពស់ ជាតិ​-​អន្តរជាតិ បាន​ពិនិត្យមើល​ឡើង វិញ​នូវ​អនុសាសន៍​ដែលបានធ្វើ​កាល ពី​កិច្ចប្រជុំ​ពេញអង្គ​លើក​ទី​៣០ និង​បច្ចេកទេស​លើក​ទី​៣១​។ ក្នុងនោះដែរ តាមរយៈ​ដំណើរ​ទស្សនកិច្ច​នៅតាម​ប្រាសាទ​នានាចំនួន​២០គម្រោង ត្រូវបាន​អ្នកជំនាញ​ជាន់ខ្ពស់​ថ្លែង​កោតសរសើរ​ដែល​អនុវត្ត​ន៍បាន​ត្រឹមត្រូវ​តាម​បច្ចេកទេស​ជួសជុល និង​ផ្តល់​អនុសាសន៍​ថ្មីៗបន្ថែមទៀតក្នុងការ​អភិរក្សប្រាសាទ​ក្នុង​តំបន់​អង្គរ​ជា​បន្ត​។​

លោកស្រី​រដ្ឋមន្ត្រីបាន​ចាត់ទុកថា នេះ​ជា​ជោគជ័យ​ដ៏​ធំ​មួយ​នៃ​ដំណើរការ​កិច្ចប្រជុំ​អាយ​ស៊ី​ស៊ី​-​អង្គរ ពិសេស​អ្នកជំនាញ​អន្តរជាតិ បាន​វាយតម្លៃ​ដ៏​ខ្ពស់​ចំពោះ​សមត្ថភាព​អ្នកជំនាញ​ខ្មែរ​ក្នុង​កិច្ចការជួសជុលប្រាសាទ ដែលមានសមត្ថភាព​អាច​កាន់​កិច្ចការ​បាន​ដោយ​ខ្លួនឯង និង​ធ្វើការ​ជាមួយ​អន្តរជាតិ​៕​B/Ha