រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​តៃវ៉ាន់​លាលែង​ពី​តំណែង បន្ទាប់ពី​ដាច់​ភ្លើង​ច្រើន​ម៉ោង​ទូទាំង​កោះ​តៃវ៉ាន់

1460

​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​តៃវ៉ាន់​បាន​លាលែង​ពី​តំណែង​បន្ទាប់ពី​ម៉ាស៊ីនភ្លើង​ខូច​នៅ​រោងចក្រ​ថាមពល​មួយ បណ្តាលឱ្យ​មានការ​ដាច់​ភ្លើង​ដ៏​ធំ ដែល​បាន​ប៉ះពាល់​គ្រួសារ​រាប់លាន​នៅ​ទូទាំង​កោះ​តៃវ៉ាន់​អំឡុងពេល​អាកាសធាតុ​កំពុង​ក្តៅ​ខ្លាំង​។​

​ការ​ដាច់​ចរន្តអគ្គិសនី​នេះ​បានធ្វើឱ្យ​ងងឹតស្លុប​នៅតាម​ផ្លូវ​ធ្វើចរាចរ ផ្សារ​ទំនើប និង​ការិយាល័យ​នានា​កាលពី​ល្ងាច​ថ្ងៃ​អង្គារ ទី​១៥ សីហា​។​

​ទីភ្នាក់ងារ​ព័ត៌មាន​កណ្តាល​របស់​តៃវ៉ាន់ (CNA) និយាយថា “​កំហុស​បច្ចេកទេស​ប្រតិ​ប​តិ្ត​ការ​” បាន​បណ្តាលឱ្យ​ម៉ាស៊ីនភ្លើង ៦ គ្រឿង​ឈប់​ដំណើរការ​នៅ​រោងចក្រ​ថាមពល​ឧស្ម័ន​ធម្មជាតិ​ដ៏​ធំ​បំផុត​របស់​កោះ​តៃវ៉ាន់​។​

​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​តៃវ៉ាន់​លោក លី ជី​គង់ (Lee Chih-kung) បាន​សុំទោស​នៅក្នុង​សន្និសីទកាសែត​មួយ និង និយាយថា អ្នក​ដែល​ធ្វើឱ្យមាន​កំហុស​បច្ចេកទេស​នេះ ត្រូវតែ​ទទួល​ការដាក់ពិន័យ​។​

CNA បាន​និយាយថា ប្រជាជន ៦,៦៨ លាន​គ្រួ​សារបាន​រង​ផលប៉ះពាល់​នៅក្នុង​រដ្ឋធានី​តៃប៉ិ ទីក្រុង​តា​យ​ជុង និង​ទីក្រុង​តា​យ​ណាន ព្រមទាំង​ខេត្ត​ចំនួន​បី​នៅ​ភាគ​កណ្តាល ភាគ​ខាងលិច និង​ភាគ​និរតី​នៃ​កោះ​ដែលមាន​ប្រជាជន​ចំនួន ២៣ លាន​នាក់​នេះ​។ ក្រសួងការពារជាតិ​បាន​និយាយថា ការផ្គត់ផ្គង់​ថាមពល​បម្រុង​ទុក​មិនមាន​ការរំខាន​ដល់​ប្រតិបត្តិការ​យោធា​ទេ​៕ ដោយ៖ កញ្ញាដាលីស

រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​តៃវ៉ាន់​លោក លី ជី​គង់ លាលែង​ពី​តំណែង​បន្ទាប់ពី​ដាច់​ភ្លើង​ច្រើន​ម៉ោង​ទូទាំង​កោះ​តៃវ៉ាន់