រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​

307

​ដោយៈ​សន សក្តា​/​កំពង់ឆ្នាំងៈ​លោក​អ៊ុក រ៉ាប៊ុន​រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​អំពាវនាវ​ទៅកាន់​ប្រជាពលរដ្ឋ​ឱ្យចូល​រួម​គោរព​ច្បាប់​ចរាចរណ៍ បើកបរ​ក្នុង​ល្បឿន​កំណត់ ។​មិន​បើកបរ​ក្រោម​ឥ​ទ្វិ​ពល​គ្រឿង​ស្រវឹង ត្រូវគោរព​ស្លាក​សញ្ញា​ចរាចរណ៍ និង ត្រូវ​ពាក់មួក​សុ​វត្តិភាព​រៀងរាល់​ពេល​មិន​ថា ធ្វើដំណើរ​ជិត​ឬ​ឆ្ងាយ​នោះឡើយ​។​

​លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​អំពាវនាវ​បែបនេះ​នៅក្នុង​យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ​ស្តីពី​សុ​វត្តិភាព​ចរាចរណ៍​ផ្លូវគោក ដែល​បាន​ប្រារព្វ​ធ្វើ​នៅឯ​ឃុំ​ក្រាំង​លាវ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។​

​លោក​អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ បាន​មានប្រសាសន៍​ទៀតថា សកម្មភាព​អប់រំ​ផ្សព្វផ្សាយ​សុ​វត្តិភាព​ចរាចរណ៍ នៃ​គម្រោង​កែលម្អរ​ផ្លូវលំ​ជនបទ​​រួមចំណែក​ដ៏​ធំធេង​ក្នុងការ​កាត់បន្ថយ​ចំនួន​អ្នកស្លាប់ អ្នករងរបួស និង ពិការភាព​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​។

ស្របទៅតាម​ផែនការ​ទសវត្សរ៍​​សុ​វត្តិភាព​ចរាចរណ៍​អង្គការសហប្រជាជាតិ និង ផែនការ​សកម្ម​ភាពជា​តិ​សុ​វត្តិភាព​ចរាចរណ៍​ផ្លូវគោក ដែល​រាជរដ្ឋាភិបាល​បានកំណត់​កាត់បន្ថយ​ចំនួន​អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ឱ្យបាន​៥០​ភាគរយ​នា​ឆ្នាំ​២០២០​ខាងមុខ​។​

​លោក​រដ្ឋមន្ត្រី​ក៏បាន​សំណូមពរ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា​ផ្លូវ​ឱ្យបាន​ល្អ សម្រាប់​ប្រើប្រាស់​បានយូ​អង្វែង ជួយ​សន្សំសំចៃ​ថវិកា​ក្នុងការ​ជួសជុល​និង​ជា​ឧ ត្ត​ម​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​យើងទាំងអស់គ្នា​។​

​លោក​ឈួ​រ ច័ន្ទ​ឌឿ​ន​អភិបាលខេត្ត​កំពង់ឆ្នាំង បានឱ្យដឹងថា ក្នុង​រយះពេល​១០​ខែ​ដើមឆ្នាំ​២០១៨​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​កើតឡើង​ចំនួន​១១១​លើក បើ​ប្រៀបធៀប​ទៅនឹង​រយះពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៧ កើនឡើង​ចំនួន​៣៣​លើក បណ្តាលឱ្យ​មនុស្ស​ស្លាប់​ចំនួន​៤៣​នាក់ កើនឡើង​១០​នាក់ របួសធ្ងន់​៩៣​នាក់ កើនឡើង​១៣​នាក់​និង​របួសស្រាល​ចំនួន​៧៣​នាក់ ថយចុះ​២៩​នាក់ ៕S/​

​រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​