រដ្ឋមន្ត្រីបង្ហាញតួលេខ ៖ ឆ្នាំ២០១៩ ​ទទួលទេសចរអន្តរជាតិបានជាង​​៦,៦លាននាក់ កើនឡើង៦,៦​​ភាគរយ

391
ចែករម្លែក

ដោយ:មូលសម្បត្តិ:ភ្នំពេញ ៖ លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០នេះបានបញ្ជាក់ឲ្យដឹងថា ភ្ញៀវទេសចរអន្តរជាតិ ដែលមកទស្សនាកម្ពុជា ក្នុងឆ្នាំ២០១៩ មានចំនួនជាង៦,៦លាននាក់ ដែលកើនឡើង៦,៦% បើធៀបនឹងឆ្នាំ២០១៨។

លោកបន្តថា ទោះបីស្ថានភាពសេដ្ឋកិច្ចពិភពលោកជួបបញ្ហាប្រឈមមួយចំនួនក្តី ក៏កម្ពុជានៅតែរក្សាបានកំណើនភ្ញៀវទេសចរ ដោយសារតែមានសុខសន្តិភាព ស្ថិរភាពនយោបាយល្អ ធានាបាននូវសុខសុវត្ថិភាពជូនភ្ញៀវទេសចរ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជា។

លោក បានបញ្ជាក់យ៉ាងដូច្នេះថា «ឆ្នាំ២០១៩ កម្ពុជាទទួលបានទេសចរអន្តរជាតិ ៦.៦១លាននាក់ ក្នុងកំណើន ៦.៦% ប្រៀប២០១៨ និងមានទេសចរកម្ពុជាធ្វើដំណើរចេញក្រៅប្រទេស ចំនួន២.០១លាននាក់ ក្នុងកំណើន២.០១% បើប្រៀបធៀប២០១៨»។
ចំនួនទេសចរអន្ដរជាតិផ្ទៃក្នុងទៅទស្សនាតំបន់អាទិភាព (ឆ្នាំ២០១៩ ធៀបនឹងឆ្នាំ២០១៨)

  • តំបន់ភ្នំពេញ ទទួលបានទេសចរអន្ដរជាតិ ចំនួន៤,4លាននាក់ ស្មើនឹង៥៥.៨ភាគរយ នៃចំនួនសរុបកើនឡើង ២២ភាគរយធៀបនឹងឆ្នាំ២០១៨
  • សៀមរាបអង្គរ ទទួលបានទេសចរអន្ដរជាតិ ចំនួន២,២លាននាក់ ស្មើនឹង២៧.៩ភាគរយ នៃចំនួនសរុបថយចុះ១៤.៩ភាគរយ ធៀបនឹងឆ្នាំ២០១៨
  • តំបន់ឆ្នេរសមុទ្រ ទទួលបានទេសចរអន្ដរជាតិ ចំនួន១,២លាននាក់ ស្មើនឹង១៥.៣ភាគរយ នៃចំនួនសរុបកើនឡើង ៣៧.៣ភាគរយ ធៀបនឹងឆ្នាំ២០១៨
  • តំបន់អេកូទេសចរណ៍ភូមិភាគឥសាន្ដ ទទួលបានទេសចរអន្ដរជាតិ ចំនួន៨១,៥៨៨នាក់ ស្មើនឹង១ភាគរយនៃចំនួនសរុបកើនឡើង ៨.៦ភាគរយ ធៀបនឹងឆ្នាំ២០១៨
  • តំបន់ប្រាសាទព្រះវិហារ ទទួលបានទេសចរអន្ដរជាតិ ចំនួន៥៤,៦០៦នាក់ ថយចុះ ៣.៥ភាគរយ ធៀបនឹងឆ្នាំ២០១៨
    នៅឆ្នាំ២០១៩កន្លងទៅនេះ ទេសចរបរទេសសក្តានុពល ដែលបានមកដល់កម្ពុជារួមមាន៖
    ១៖ ចិន ២,៣៦១,៨៤៩នាក់ កើនឡើង១៦.៧%
    ២៖ វៀតណាម ៩០៨,៨០៣នាក់ កើនឡើង១៣.៦%
    ៣៖ ថៃ ៤៦៦,៤៩៣នាក់ កើនឡើង២២%
    ៤៖ ឡាវ ៣៦៣,៩៥១នាក់ ថយចុះ ១៤.៦%
    ៥៖ កូរ៉េ ២៥៤,៨៧៤នាក់ ថយចុះ ១៥.៥%
    ៦៖ អាមេរិក ២៤៨,៨៦៣នាក់ ថយចុះ ០.៨%
    ៧៖ ជប៉ុន ២០៧,៦៣៦នាក់ ថយចុះ ១.៣%
    ៨៖ ម៉ាឡេស៊ី ២០៣,០០៨នាក់ កើនឡើង០.៩%
    ៩៖ បារាំង ១៦៤,១១៧នាក់ ថយចុះ ៣.៩%
    ១០៖ អង់គ្លេស ១៦៣,១៧៧នាក់ កើនឡើង០.៥%។
    លោក បញ្ជាក់ទៀថា ចំពោះទេសចរក្នុងស្រុកឆ្នាំ២០១៩ មានចំនួនប្រមាណ១១.៥លាននាក់កើន២.១% ប្រៀបធៀបនឹង២០១៨ ។ ដោយឡែកភ្ញៀវទេសចរកម្ពុជា ចេញទៅទេសចរនៅក្រៅប្រទេស មានចំនួន ២,០៣៨,២៨៤នាក់ កើនឡើង ២.១%៕B/