រដ្ឋមន្ត្រីលើកទឹកចិត្តដល់ម្ចាស់អាជីវកម្មដែលលើកស្ទួយ និងលេង ធម៌ក្តៅ​ចំពោះអាជីវកម្ម បំផ្លាញ គោល​ដៅ​ទេសចរណ៍ជាតិ

163
ចែករម្លែក

ដោយ:មូលសម្បត្តិ/ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានថ្លែងលើកទឹកចិត្តចំពោះម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងឡាយ ដែលមានឆន្ទៈចូលរួមលើកស្ទួយដល់គោលដៅទេសចរណ៍ជាតិ ប៉ុន្តែត្រូវតែចាត់វិធានការយ៉ាងដាច់ខាតចំពោះមូលដ្ឋានអាជីវកម្មណា ដែលបោកប្រាស់ភ្ញៀវ ដើម្បីតែផលចំណេញមួយពេល ហើយប៉ះពាល់ ដល់គោលដៅទេសចរណ៍នៅកម្ពុជា។

ការលើកឡើងបែបនេះរបស់រដ្ឋមន្ត្រី ត្រូវបានធ្វើឡើងក្នុងពិធីបើកសម្ពោធ ហាងលក់គ្រឿងអលង្ការ ច័ន្ទ គឹមទី ស្ថិតនៅតាមបណ្ដោយមហាវិថី ម៉ៅ សេទុង (ខាងលិចស្ដុបបូកគោ) នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩។

លោករដ្ឋមន្ត្រី ថោង ខុន បានបង្ហាញសុទិដ្ឋិនិយមចំពោះហាងលក់គ្រឿងអលង្ការ ច័ន្ទ គឹមទី ដែលអាចបម្រើឱ្យគ្រប់សេចក្ដីត្រូវការរបស់ភ្ញៀវជាតិ-អន្តរជាតិ និងចូលរួមលើកស្ទួយវិស័យទេសចរណ៍ជាតិផងដែរ។

លោកថា ក្នុងចំណោមភ្ញៀវទេសចរសរុបនៅលើពិភពលោក ក៏ដូចជានៅកម្ពុជា មានប្រមាណ ២៥% តែងតែចូលចិត្តទិញគ្រឿងអលង្ការ វត្ថុអនុស្សាវរីយ៍ និងគ្រឿងចម្លាក់សិល្បៈផ្សេងៗទៀត ដោយលោកបានដាស់តឿនឱ្យអាជីវកម្ម​ទាំងឡាយដែលប្រតិបត្តិការលើផ្នែកនេះ ត្រូវពង្រឹងគុណភាពសេវាកម្ម ធានាគុណភាព បដិសណ្ឋារកិច្ច ពិសេសមិនត្រូវបោកប្រាស់ភ្ញៀវជាដាច់ខាត។

លោកបន្តថា នៅពេលមកទស្សនាកម្សាន្តនៅប្រទេសកម្ពុជា ពិសេសនៅ​គោលដៅសៀមរាប-អង្គរ ភ្ញៀវទេសចរអឺរ៉ុបចូលចិត្តទិញវត្ថុអនុស្សាវរីយ៍ និងគ្រឿងចម្លាក់របស់ខ្មែរ ចំណែកភ្ញៀវទេសចរអាស៊ី ពិសេសទេសចរចិន​ចូលចិត្តទិញគ្រឿងអលង្ការ ដូចជា មាស ពេជ្រ ត្បូងមានតម្លៃ និងគ្រឿងអលង្ការដទៃទៀត។ នេះជាសក្ដានុពលមួយដែលកម្ពុជា​ត្រូវបំពេញតម្រូវការជូនភ្ញៀវទេសចរទាំងនោះ និងត្រូវធានាគុណភាព​ចំពោះផលិតផលរបស់ខ្លួនដាច់ខាត មិនត្រូវបោកប្រាស់ភ្ញៀវ ឬកាត់ថ្លៃហួសហេតុ​ខុសពីតម្លៃពិតនោះឡើយ។

លោកថា ក្រៅពីផ្ដល់នូវតម្រូវការសម្បូរបែបជូនភ្ញៀវ និងអតិថិជន ម្ចាស់អាជីវកម្ម​ក៏ត្រូវគិតគូរចំពោះបុគ្គលិកលើការផ្ដល់ភាពកក់ក្ដៅ សេវាកម្មល្អ សុវត្ថិភាព និងបដិសណ្ឋារកិច្ចជូនភ្ញៀវ ព្រោះចំណុចនេះក៏ជាចូលរួមការផ្សព្វផ្សាយ​កិត្តិនាមល្អ​របស់កម្ពុជាទៅកាន់ភ្ញៀវទេសចរបរទេស និងអតិថិជនផ្សេងទៀតរបស់​ហាងផងដែរ ដែលស្របទៅនឹងយុទ្ធនាការ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្ដល់ភាពកក់ក្ដៅ»។

លោកថា ការអនុវត្តន៍ច្បាប់យ៉ាងតឹងរ៉ឹងចំពោះមូលដ្ឋានអាជីវកម្ម​ទេសចរណ៍ទាំងឡាយដែលលក់ផលិតផល ឬទំនិញអន់គុណភាព ឬក្លែងក្លាយជូនភ្ញៀវ នឹងព្រមានថា «ច្បាប់ថ្មីដែលទើបនឹងដាក់ឱ្យអនុវត្តនោះ អាចឈានដល់ការបិទអាជីវកម្មទាំងមូលថែមទៀត ផង»។

លោកស្រី ច័ន្ទ គឹមទី ស្ថាបនិកនិងជាម្ចាស់ហាងលក់គ្រឿងអលង្ការនេះ បានឱ្យដឹងថា លោកស្រីធ្លាប់មានប្រវត្តិជាជាងទង ហើយការបើកអាជីវកម្មលក់​គ្រឿង​អលង្ការនេះ ក៏ដើម្បីចូលរួមលើកស្ទួយកិត្យានុភាពជាតិលើវិស័យ​គ្រឿងអលង្ការ ក៏ដូចជាចូលរួមលើកស្ទួយដល់វិស័យទេសចរណ៍ជាតិផងដែរ។

លោកស្រីបានប្ដេជ្ញាពីការធានាគុណភាពគ្រឿងអលង្ការ ការផ្ដល់ជូននូវភាពសម្បូរ​បែប ការយកចិត្តទុកដាក់លើសេវាកម្ម សុវត្ថិភាព និងបដិសណ្ឋារកិច្ចជូនភ្ញៀវ និងអតិថិជនជាដើម ពិសេសហាងគ្រឿងអលង្ការថ្មីនេះ ក៏មានលក់គ្រឿងអលង្ការ​ដែលរចនាតាមសិល្បៈខ្មែរបុរាណផងដែរ៕B/Ha