ដោយៈមុនីរ័ត្ន/ភ្នំពេញ: ក្នុងការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួមក្នុងកិច្ចប្រជុំចំនួនបី កាលពីថ្ងៃទី២២ខែមិថុនាឆ្នាំ២០១៩:កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានកិច្ចប្រជុំលើកទី១៩របស់ក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ាននិងកិច្ចប្រជុំលើកទី២៣របស់ក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបានពិភាក្សាអំពីការកសាងសហគមន៍អាស៊ាននិងទំនាក់ទំនងអាស៊ានជាមួយដៃគូខាងក្រៅរួមទាំងបានផ្លាស់ប្តូរទស្សនៈអំពីការវិវឌ្ឍក្នុងតំបន់និងអន្តរជាតិ។
កិច្ចប្រជុំបានអនុម័តសេចក្តីប្រកាសចក្ខុវិស័យរបស់ថ្នាក់ដឹកនាំអាស៊ានស្តីពី«ភាពជាដៃគូសម្រាប់ចីរភាព»និងទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិកនិងបានកត់សម្គាល់សេចក្តីសង្ខេបទស្សនទាននិងលក្ខខណ្ឌប្រតិបត្តិនៃការបង្កើតបណ្តាញសមាគមន៍អាស៊ាននៃបណ្តាសមាជិកអាស៊ាន។
សម្រាប់ការកសាងសហគមន៍អាស៊ានលោកឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃចក្ខុវិស័យនេះ ដែលឆ្លុះបញ្ចាំងពីរបៀបអាស៊ានអាចវិវឌ្ឍ និងការជំរុញឲ្យមានវិបុលភាព តាមរយៈ ភាពជាដៃគូប្រកបដោយចីរភាព។
សម្រាប់ទំនាក់ទំនងខាងក្រៅរបស់អាស៊ានលោកឧបនាយករដ្ឋមន្ត្រី ប្រាក់សុខុនបានគូសបញ្ជាក់ថាអាស៊ានត្រូវខិតខំធានាឲ្យបានថាគ្រប់ដៃគូទាំងអស់បន្តគោរពមជ្ឈភាពរបស់អាស៊ាននៅក្នុងគ្រប់យន្តការដែលដឹកនាំដោយអាស៊ាន និងគាំទ្ររបៀបវារៈ និងគុណតម្លៃនៃបំណងប្រាថ្នារបស់អាស៊ានឱ្យមានសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់។
សម្រាប់បញ្ហាសមុទ្រចិនខាងត្បូង លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថា អាស៊ានកំពុងខិតខំដើម្បីធានាឱ្យបានថា សមុទ្រចិនខាងត្បូងនៅតែជា «សមុទ្រនៃសន្តិភាព» ។ អាស៊ាន និងចិន គួរបន្តធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ដើម្បីធានាបាននូវការកសាងទំនុកចិត្ត សំដៅសម្រេចបាននូវការបញ្ចប់ការចរចារ COC មួយដែលមានប្រសិទ្ធភាព។
លោកក៏បានចែករំលែកទស្សនទានអំពីភាពចាំបាច់ដើម្បធានាបាននូវសន្ទុះវិជ្ជមាន ប្រសិនបើអាស៊ាន និងចិនមានបំណងចង់បញ្ចប់កិច្ចចរចារCOCត្រឹមឆ្នាំ២០២១។ជាការចាំបាច់ដែលអាស៊ាននិងចិនប្រកាន់ខ្ជាប់នូវ«ស្មារតីទីក្រុងបាលី-សៀមរាប»ដែលសង្កត់ធ្ងន់លើភាពបត់បែននិងការសម្របសម្រួលទៅវិញទៅមក។
ចំពោះបញ្ហាភេរវកម្មនិងបទឧក្រិដ្ឋឆ្លងដែនលោកឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនបានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការធ្វើការជាមួយសមាជិកអាស៊ានដទៃទៀតដើម្បីប្រយុទ្ធប្រឆាំងជាមួយអំពើភេរវកម្មនៅក្នុងគ្រប់ទម្រង់ទាំងអស់។
កិច្ចប្រជុំលើកទី១៩របស់ក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ានកិច្ចប្រជុំបានឯកភាពជាមួយសំណើរបស់អគ្គលេខាធិការអាស៊ានក្នុងការបញ្ចូលមជ្ឈមណ្ឌលអាស៊ាន សម្រាប់ឱសថយោធា ទៅជាអង្គភាពចំណុះក្រោមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន(ADMM)នៃឧបសម្ព័ន្ធ១របស់ធម្មនុញ្ញអាស៊ាននិងបានកត់សម្គាល់របាយការណ៍ក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ាន ដើម្បីដាក់ជូនកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤។
កិច្ចប្រជុំលើកទី២៣របស់ក្រុមប្រឹក្សាសម្របសម្រួលអាស៊ានកិច្ចប្រជុំបានអនុម័ត១)បញ្ជីសំណួរសម្រាប់បេសកកម្មស្វែងរកការពិតនៅប្រទេសទីម័រឡេស្តេរបស់សរសរស្តម្ភសហគមន៍សង្គម-វប្បធម៌អាស៊ាននិង២)លក្ខខណ្ឌប្រតិបត្តិសម្រាប់បេសកកម្មស្វែងរកការពិតនៅប្រទេសទីម័រឡេស្តេរបស់សរសរស្តម្ភសហគមន៍សង្គម-វប្បធម៌អាស៊ាននិងបានកត់សម្គាល់នូវរបាយការណ៍មួយចំនួនសម្រាប់ដាក់ជូនកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤៕S/