រដ្ឋមន្ត្រី​កសិកម្ម​បញ្ជា​ឲ្យ​អភិបាលខេត្ត​ចំនួន​បួន​ទប់ស្កាត់​ការរំលោភ​ទន្ទ្រាន​ដី​ព្រៃកោងកាង​

803
ចែករម្លែក

​ដោយ:មុនី​រ័ត្ន​/​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក​វេ​ង សាខុន បានស្នើ​ឲ្យ​អភិបាលខេត្ត​ចំនួន​បួន គឺ​អភិបាលខេត្ត​កែប កំពត ព្រះសីហនុ និង​ខេត្តកោះកុង ជួយ​ជម្រុញ​ការ​គ្រប់​គង​ថែរក្សា និង​ការពារ​ព្រៃកោងកាង​ក្នុងភូមិ​សាស្ត្រ​របស់ខ្លួន​។ ការស្នើ​នេះ ដោយសារ​តែមាន​សកម្ម​ភាព នៃ​ការ​ឈូសឆាយ ការកាប់​ទន្ទ្រាន ការចាក់ដី​លុប ការរាន​យក​ដី​ធ្វើ​លំនៅដ្ឋាន ការ​ហ៊ុ​ព័ន្ធ​ដី​ព្រៃកោងកាង​ទុកជា​កម្មសិទ្ធិ និង​ការចេញ​ប័ណ្ណកម្មសិទ្ធិ​កាន់កាប់​កើតមាន​ជា​បន្តបន្ទាប់​។ នេះ​បើ​យោងតាម​លិខិត​ចុះ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ របស់​រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជម្រាប​ជូនទៅ​អភិបាលខេត្ត​ទាំង​បួន​។​

នៅក្នុង​លិខិត​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បញ្ជាក់ថា ចំពោះ​បញ្ហា​នេះ ដោយ​អនុលោម​តាម​លិខិត​លេខ ៧៩៩ ស​.​ជ​.​ណ​.​ឧស ចុះ​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០១៦ រាជរដ្ឋាភិបាល​បាន​សម្រេច​និរាករណ៍​ប័ណ្ណកម្មសិទ្ធិ​មួយចំនួន ដែល​ពាក់ព័ន្ធ​នឹង​ព្រៃកោងកាង ដើម្បី​ទុកជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​វិញ​។ ឥឡូវនេះ​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ត​ត​កែប កំពត ព្រះសីហនុ និង​ខេត្តកោះកុង មានការ​ឈូសឆាយ ការកាប់​ទន្ទ្រាន ការចាក់ដី​លុប ការរាន​យក​ដី​ធ្វើ​លំនៅដ្ឋាន ការ​ហ៊ុ​ព័ន្ធ​ដី​ព្រៃកោងកាង​ទុកជា​កម្មសិទ្ធិ និង​ការចេញ​ប័ណ្ណកម្មសិទ្ធិ​បាន​នឹង​កំពុង​កើតឡើង​គួរ​ឲ្យ​កត់សម្គាល់​។ នៅពេល​ថ្មីៗ​នេះ មាន​ការចេញ​ប័ណ្ណ​កម្មសិទ្ធិ​កាន់កាប់​ដី​ព្រៃកោងកាង​ក្នុង​កន្លែង​សហគមន៍​នេសាទ​ជាច្រើន​កន្លែង ជាពិសេស​នៅក្នុង​ខេត្ត​ព្រះសីហនុ​។

យោ​តាមច្បាប់​ស្តីពី​ជលផល ព្រៃ​លិច​ទឹក និង​ព្រៃកោងកាង មាន​តួនាទី​យ៉ាងសំខាន់​ក្នុង​វិ​ស័​ជលផល ដូចនេះ ការ​ឈូសឆាយ ការកាប់​ទន្ទ្រាន ការចាក់ដី​លុប ការរាន​យក​ដី​ធ្វើ​លំនៅដ្ឋាន ការ​ហ៊ុម​ព័ន្ធ​ដី​ព្រៃកោងកាង​ទុក​ជា​កម្មសិទ្ធិ​។​ល​។ នៅក្នុង​ដែន​នេសាទ​ត្រូវបាន​ហាមឃាត់​។ ម្យ៉ាងទៀត មាត្រា​៣ នៃ​អនុក្រឹត្យ​លេខ​២៥ ចុះ​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០០៧ ស្តីពី​ការគ្រប់គ្រង​សហគមន៍​នេសាទ បាន​បញ្ញត្តិ​ថា “​កន្លែង​នេសាទ​សហគមន៍ គឺជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ដែរ​”​។​

ដូចនេះ ដើម្បី​ទប់ស្កាត់​នូវ​សកម្មភាព​នៃ​ការ​ឈូសឆាយ ការកាប់​ទន្ទ្រាន ការចាក់ដី​លុប ការរាន​យក​ដី​ធ្វើ​លំនៅដ្ឋាន ការ​ហ៊ុម​ព័ន្ធ​ដី​ព្រៃកោងកាង​ទុកជា​កម្មសិទ្ធិ និង​ការចេញ​ប័ណ្ណកម្មសិទ្ធិ​នេះ ក្រសួង​កិ​សកម្ម រុក្ខាប្រមាញ់ និង​នេសាទ ស្នើ​អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប កំពត ព្រះសីហនុ និង​ខេត្តកោះកុង យកចិត្តទុកដាក់​គ្រប់គ្រង ថែរក្សា និង​ការពារ​ព្រៃកោងកាង ដែល​ស្ថិតក្នុង​ដែន​សមត្ថកិច្ច​ខេត្ត​និ​មួយៗ ក្នុងនាម​ជា​អាជ្ញាធរ​គ្រប់គ្រង​ដី​រដ្ឋ​៕B/