រដ្ឋមន្ត្រី​កសិកម្ម​លើកឡើងថា វិស័យ​ព្រៃឈើ​នៅ​កម្ពុជា​ជួប​បញ្ហា​ប្រឈម​ពេលបច្ចុប្បន្ន​

876
ចែករម្លែក

ដោយ​: ពៅ និមល / ភ្នំពេញ​: លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ទទួលស្គាល់ថា នៅក្នុង​ប្រទេស​កម្ពុជា​វិស័យ​ព្រៃឈើ បាននិងកំពុង​ប្រឈម​ជាមួយ​បញ្ហា​ធំៗ ជាច្រើន​ដូចជា​៖ ការថយចុះ​ទំហំ​ផ្ទៃដី ដែល​បណ្តាលមកពី​កំណើន​តម្រូវការ​ដី​កសិកម្ម​ស្របទៅនឹង​កំណើនប្រជាជន ការរីកលូតលាស់​ផ្នែក​សេដ្ឋកិច្ច ឧស្សាហកម្ម ទេសចរណ៍ កសិកម្ម​ខ្នាតតូច​និង​មធ្យម និង​ការប្រើប្រាស់​ផលិតផល​ឈើ​ជាដើម​។

​នៅក្នុង​អង្គសិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ស្តីពី​សេចក្តីព្រាង​ផែនការ​យុទ្ធសាស្ត្រ​គ្រប់គ្រង​ព្រៃ​ផ្តល់​ផល នា​ព្រឹក​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ភ្នំពេញ លោក​រដ្ឋមន្ត្រី​បាន​លើកឡើងថា ផ្តើមចេញពី​បញ្ហា​ខាងលើនេះ រាជរដ្ឋាភិបាល​ដែលមាន​ក្រសួងកសិកម្ម​ជា​សេនាធិការ​បានដាក់​ចេញ​នូវ​កម្មវិធី​កែទម្រង់​វិស័យ​ព្រៃឈើ ដែល​ក្នុងនោះ​មាន​ផែនការ​សកម្មភាព​សំខាន់ៗ​ជាច្រើន​រួមមាន​៖ ការពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​ព្រៃឈើ ការបង្កើត​និង​ពង្រឹង​សហគមន៍​ព្រៃឈើ ការពង្រឹង​ប្រសិទ្ធភាព​គ្រប់គ្រង​ព្រៃ​បម្រុង​ទុក ការបង្កើត​តំបន់​ព្រៃ​សម្រាប់​អភិរក្ស​ធនធាន​ព​ន្ធុ​រុក្ខជាតិ​និង​សត្វព្រៃ​។​ល​។ ពិសេស​ការរៀបចំ​ពិធី “​រុក្ខទិវា​” ជា​រៀងរាល់ឆ្នាំ​ដើម្បី​បំផុស​ចលនា​មហាជន​ទាំងអស់​ឲ្យ​ចូលរួម​ដាំ​ដើមឈើ ថែរក្សា​ការពារ​ធនធាន​ព្រៃឈើ និង​ជីវចម្រុះ​ដែលជា​មរតក​ដ៏​មានតម្លៃ​សម្រាប់​មនុស្សជាតិ​ទាំងមូល​។

​លោក វេ​ង សាខុន មានប្រសាសន៍ថា ព្រៃឈើ​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ការពារ​ថែរក្សា​លំនឹង​បរិស្ថាន ការកាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ ចូលរួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង​កាត់បន្ថយ​ភាពក្រីក្រ​។ យល់ឃើញ​ពី​អត្ថប្រយោជន៍ នៃ​ធនធាន​ព្រៃឈើ​ជាតិ​ដែល​មិនអាច​កាត់​ថ្លែ​បាន រាជរដ្ឋាភិបាល​បាន​ប្តេជ្ញា​យ៉ាង​ម៉ឺងម៉ាត់ បន្តធ្វើ​សកម្មភាព​កំណែទម្រង់​ស៊ីជម្រៅ​លើ​វិស័យ​ព្រៃឈើ តាម​យៈ​ការដាក់ចេញ​នូវ​គោលនយោបាយ និង​បទបញ្ជា​ជា​បន្តបន្ទាប់​ក្នុង​គោលបំណង​ការគ្រប់គ្រង​ធនធាន​ព្រៃឈើ​ប្រកប ដោយ​និរន្តរភាព​តាមរយៈ​ការត្រួតពិនិត្យ​លើ​ការធ្វើ​អាជីវកម្ម​ព្រៃឈើ ការថែរក្សា​ព្រៃ​បម្រុង​ទុក​សម្រាប់​ការប្រើប្រាស់​ក្នុងស្រុក និង​រក្សាបាន​នូវ​តំបន់ដីសើម​ដែលជា​ដែន​ជម្រក​មច្ឆជាតិ​, ការពារ​ធនធានធម្មជាតិ ជីវចម្រុះ និង​ប្រភេទ​រុក្ខជាតិ​និង​សត្វព្រៃ​ដែល​រកកល​ជិត​ផុត​ពូជ និង​អភិវឌ្ឍ​សហគមន៍​ព្រៃឈើ​ប្រកបដោយ​តម្លាភាព និរន្តរភាព តាមរយៈ​ការអភិវឌ្ឍ​នៅនឹងកន្លែង​ដោយ​ប្រជា​សហគមន៍​នៅ​មូលដ្ឋាន​ផ្ទាល់​សមស្រប​ទៅតាម​សក្តានុពល​នៅតាម​ភូមិសាស្ត្រ​នីមួយៗ ជាពិសេស​ការអភិវឌ្ឍ​សហគមន៍​ទេសចរណ៍ធម្មជាតិ​ដើម្បី​បង្កើត​ការងារ បង្កើន​ប្រាក់ចំណូល កាត់បន្ថយ​ការពឹងផ្អែក​ទាំងស្រុង​លើ​ផល​និង​អនុផល​ព្រៃឈើ ការកាប់​ទន្ទ្រាន​រាន​ដីព្រៃ​ធ្វើ​ចំការ​រួច​ឈានទៅ​ធ្វើការ​កាត់បន្ថយ​ភាពក្រីក្រ​និង​ចំណាកស្រុក​។​

​សូមបញ្ជាក់ថា សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ស្តីពី​សេចក្តីព្រាង​ផែនការ​យុទ្ធសាស្ត្រ​គ្រប់គ្រង​ព្រៃ​ផ្តល់​ផល​នេះ ធ្វើឡើង​ក្នុង​គោលបំណង​សំខាន់ គឺ​តាមដាន​ពី​វឌ្ឍនភាព​នៃ​ការរៀបចំ​ឯកសារ​ផែនការ​យុទ្ធសាស្ត្រ​គ្រប់គ្រង​ព្រៃ​ផ្តល់​ផល​ឆ្នាំ​២០១៨-២០៣២, ស្វែងរក​ធាតុ​ចូល​ពី​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ទាំង​ចំណេះដឹង បទពិសោធន៍ និង​អនុសាសន៍​ល្អៗ​រួច​ដាក់បញ្ចូល​ទៅក្នុង​សេចក្តីព្រាង​នេះ​ប្រយោជន៍ ដើម្បី​កែសម្រួល​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ​ថែមទៀត​ទាំង​ជា​លក្ខណៈ​ច្បាប់ និង​បច្ចេកទេស​រួច​ដាក់ជូន​ក្រសួងកសិកម្ម ដើម្បី​ពិនិត្យ​និង​អនុម័ត ដែល​រៀបចំឡើង​ដោយ​រដ្ឋបាល​ព្រៃឈើ និង​អង្គការសហប្រជាជាតិ (UNDP)៕ ល​