រដ្ឋមន្ត្រី​កសិក​ម្មៈ​ទិន្នផល​ដំឡូង​មី​និង​តម្លៃ​ប្រសើរ​ជាង​ឆ្នាំមុន​

182

(​ភ្នំពេញ​)៖ មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម​បានលើ់កឡើង​ថា ទិន្នផល​ដំឡូង​មី​ឆ្នាំនេះ​មាន​ភាពល្អប្រសើរ ខណៈ​តម្លៃ​លក់​ចេញ​ឆ្នាំនេះ​ក៏មាន​​ភាពប្រសើរ​ជាង​ឆ្នាំមុន​ផងដែរ ដែល​ធ្វើ​ឲ្យ​កសិករ​ដាំដំឡូង​មី​សប្បាយចិត្ត​។​
​ ​
​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុ​ក្ឋា​ប្រមាញ់​និង​នេសាទ​លោក​វេ​ង សាខុន​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ចុង​សប្តាហ៍​មុន​ថា​ទិន្នផល​ដំឡូង​​មី​ឆ្នាំនេះ​មាន​ភាពល្អប្រសើរ ខណៈ​តម្លៃ​លើ​ទីផ្សារ​ក៏មាន​ភាពល្អប្រសើរ​ផងដែរ ដោយ​កសិករ​អាច​លក់​ដំឡូង​មី​ស្រស់​ក្នុងតម្លៃ​ចន្លោះ​ពី​៣០០ ទៅ​៣៥០​រៀល​ក្នុង​មួយ​គីឡូក្រាម ខណៈ​ឆ្នាំមុន​តម្លៃ​ដំឡូង​មី​មាន​ចន្លោះ​ត្រឹម​១០០ ទៅ​១៥០​រៀល​ប៉ុណ្ណោះ​។​លោក​បន្តថា​ទោះជា​យ៉ាងណា​​ផ្ទៃដី​ដាំ​ដុះ​ដំឡូង​មី​ឆ្នាំនេះ មិនមាន​កំនើន​ទេ ដោយសារ​កសិករ​មាន​ការ​រាងចាល នឹង​ការធ្លាក់ចុះ​តម្លៃ​កាលពី​ឆ្នាំមុន​។​
​ ​
​លោក​បន្តថា “​ការនាំចេញ​ដំឡូង​មី​ភាគច្រើន បាន​នាំចេញ​ទៅកាន់​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ​និង​ទៅកាន់​ប្រទេស​ចិន​ដោយ​​ឆ្លងកាត់​ប្រទេស​វៀតណាម​ផងដែរ ប៉ុន្តែ​បច្ចុប្បន្ន​ក៏មាន​តម្រូវការ​ប្រើប្រាស់​ក្នុងស្រុក​ផងដែរ​តាមរយៈ​រោងចក្រ​កែច្នៃ​ចំណី​សត្វ​ក្នុងស្រុក​”​។​

​លោក​បន្តថា​“​ជាទូទៅ​ដំឡូង​មី​ឲ្យ​ផល​ចន្លោះ​ពី​២០​ទៅ​៣០​តោន​ក្នុង​មួយ​ហិកតា អាស្រ័យ​លើ​ស្ថានភាព​ដី​និង​លក្ខ​ខ័​ណ្ឌ​អាកាសធាតុ​”​។​
​ ​
​ជាមួយនឹង​បញ្ហា​តម្លៃ​កាលពី​ឆ្នាំមុន បានធ្វើ​ឲ្យ​ផ្ទៃដី​ដាំដំឡូង​មី​ឆ្នាំនេះ​ថយ​ចុះមក​នៅត្រឹម​ទំហំ​៦៧​ម៉ឺន​ហិកតា​នៅ​ទូទាំងប្រទេស​។​
​ ​
​លោក​ង៉ែត ជូ​ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន​Emerging Market Consulting​បាន​ថ្លែងថា​ទីផ្សារ​​កសិផល​នៅ​កម្ពុជា​មិនទាន់មាន​ភាពប្រាកដប្រជា​នៅឡើយ ដែល​ទាមទារ​ឲ្យ​មានការ​សិក្សា​បន្ថែមទៀត​ពី​ទីផ្សារ និង​ជំរុញ​ការនាំចេញ ប៉ុន្តែ​ប្រសិនជា​យើង​មើល​ស្ថានភាព​តំលៃ​កសិផល​ឆ្នាំនេះ​មាន​សញ្ញា​វិជ្ជមាន​ច្រើន ដែល​អាចធ្វើ​ឲ្យ​ប្រជាកសិករ​មាន​ភាព​រីក​រាយ តែ​យ៉ាងណា​ការរក្សាបាន​នូវ​តម្លៃ​ដែល​អាច​ទុកចិត្តបាន និង​ធ្វើ​ឲ្យ​ទីផ្សារ​មាន​ស្ថិរភាព​មាន​សារៈសំខាន់​ណាស់​៕​ដោយ៖​ច្រាយ ចំណាន​/sn
​ ​
​ដំឡូង​មី និង​រដ្ឋមន្ត្រី​កសិកម្ម​កម្ពុជា (​រូបថត​ឯកសារ​)