រដ្ឋមន្ត្រី​ការពារជាតិ​អ៊ីស្រាអែល​ប្តេជ្ញា​វាយប្រហារ​ទីតាំង​យោធា​អ៊ីរ៉ង់​នៅ​ស៊ី​រី​

894
ចែករម្លែក

​ក្នុង​កិច្ចសម្ភាសន៍​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៦​មេសា រដ្ឋមន្ត្រី​ការពារជាតិ​អ៊ីស្រាអែល​លោក Avigdor Lieberman បាន​ប្តេជ្ញា​វាយប្រហារ​”​ទីតាំង​ឈរជើង​យោធា​”​ណា​មួយ​របស់​អ៊ីរ៉ង់​នៅក្នុង​ទឹកដីស៊ី​រី ក្រោយ​ការវាយប្រហារ​មួយ​នៅ​ខែ​នេះ ដែល​គេ​ថា​ជា​ស្នាដៃ​របស់​ប្រទេស​លោក​។​

រដ្ឋមន្ត្រី​ការពារជាតិ​អ៊ីស្រាអែល​លោក Avigdor Lieberman

​និយាយ​ជាមួយ​គេហទំព័រ​សារព័ត៌មាន​មួយ លោក​Lieberman​ក៏​បាន​គំរាម​វាយ​សងសឹក​យ៉ាង​ចាស់ដៃ ប្រសិនបើ​អ៊ីស្រាអែល​ត្រូវ​បាន​វាយប្រហារ​ដោយ​អ៊ីរ៉ង់​។​

​លោក​បាន​ប្រាប់​គេហទំព័រ​Elaph ថា​” បើ​ពួកគេ​វាយប្រហារ​ក្រុង​តែ​ល​ អា​វីវ យើង​នឹង​វាយប្រហារ​ក្រុងតេអេ​រ៉ង់​”​។​

​ការលើកឡើង​នេះ​កើត​ឡើង​ក្នុងពេលលោ​ក​រដ្ឋមន្ត្រីការពារជា​តិ​អ៊ីស្រាអែល​ធ្វើ​ទស្សនកិច្ច​ក្រុង​វ៉ាស៊ីនតោន​ដើម្បី​ជួប​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​លោក ច​ន បុល​ថុន និង​​មន្ត្រី​ផ្សេង​ទៀត​ដើម្បី​ពិភាក្សា​អ្វី​ដែល​មន្ត្រី​របស់​លោក​បាន​ហៅថា​”​ការ​វាតទី​របស់​អ៊ីរ៉ង់​”​នៅ​មជ្ឈិមបូព៌ា​។​

​លោក​Lieberman​បាន​និយាយ​អំពី​ស៊ី​រី​ថា​” យើង​មិន​អន្តរាគមន៍​ក្នុង​សង្គ្រាម​នេះ​ទេ តែ​អ៊ីរ៉ង់​កំពុង​ព្យាយាម​បង្កើត​មូលដ្ឋាន​នៅ​ទីនោះ និង​វាយប្រហារ​យើង​ចេញពី​ទីនោះ​ជាមួយនឹង​សព្វាវុធ​ទំនើប​ដែល​អ៊ីរ៉ង់​នាំ​ទៅ​អោយ​ពួកគេ​។​ខ្ញុំ​មិន​អាច​ឈរ​មើល​បាន​ទេ​ពេល​ខ្ញុំ​ឃើញ​អ៊ីរ៉ង់​ធ្វើ​រឿង​នេះ​នៅ​ជិត​តំបន់​ហ្គោឡ​ង់ និង​នៅ​ពេល​វា​គាំទ្រ​ក្រុម​ហេ​​បូ​ឡា​នៅ​ស៊ី​រី​និង​លី​បង់ហើយ​ព្យាយាម​បង្កើត​ទីតាំង​ឈរជើង​មួយ​នៅ​ស៊ី​រី​ដើម្បី​វាយប្រហារ​យើង​”​។​

​លោក​បាន​បញ្ជាក់ថា ទីតាំង​ណា​ដែល​យើង​ដឹង​ថា​អ៊ីរ៉ង់​ព្យាយាម​បង្កើត​ទីតាំង​ឈរជើង​នៅ​ស៊ី​រី​នឹងត្រូវ​វាយប្រហារ​។​យើង​នឹង​មិន​អនុញ្ញាត​អោយ​វា​កើតមាន​ទេ មិន​ថា​ត្រូវ​​បង់​ក្នុង​តំលៃ​ណា​ក៏​ដោយ​”​។​

​កាលពី​ថ្ងៃ​៩​មេសា ទាហាន​អ៊ីរ៉ង់​ជាច្រើន​នាក់​បាន​ស្ថិត​ចំណោម​មនុស្ស​ស្លាប់​១៤​នាក់​ពី​ការវាយប្រហារ​លើ​មូលដ្ឋាន​T-4 នៅ​ស៊ី​រី ដែល​សម្ពន្ធមិត្ត​របស់​ស៊ី​រី​គឺ​អ៊ីរ៉ង់​និង​រុស្ស៊ី​​ចោទ​អ៊ីស្រាអែល​ថា​ជា​អ្នក​វាយប្រហារ​៕ដោយ៖វាសនា