រដ្ឋមន្ត្រី​ការពារជាតិ​សិង្ហ​បុរី​កោតសរសើរ​ចំពោះ​ការរីកចម្រើន​របស់​ក​ម្ពុ​ជា​

782
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត នាយរង​សេនាធិការ​ចំរុះ និង​ជា​មេបញ្ជាការរង​កងទ័ព​ជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ បាន​ជួបពិភាក្សា​ការងារ​ជាមួយនិង​លោក​អ៊ឹង អេង ហេន (Dr Ng Eng Hen) រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី នៅ​រសៀល​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៨​។​

​នៅក្នុង​ជំនួប​ពិភាក្សា រដ្ឋមន្ត្រី​ការពារជាតិ​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី បាន​កោតសរសើរ​ចំពោះ​ការរីកចម្រើន​របស់​ប្រទេស​កម្ពុជា ក្រោយ​ពេលដែល​កម្ពុ​ជាទ​ទួលបាន​សន្តិភាព​ពេញលេញ​។ លោក​រដ្ឋមន្ត្រី​ក៏បាន​ថ្លែងអំណរគុណ​ដល់​ប្រទេស​កម្ពុជា ដែល​តែងតែ​គាំទ្រ និង​ជា​ដៃគូ​ដ៏​ល្អ​ក្នុងការ​ថែរក្សា​សន្តិសុខ​ក្នុង​តំបន់​។​

​លោក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​ដល់​ប្រទេស​សិង្ហ​បុរី​ដែល​តែងតែ​យកចិត្តទុកដាក់​ក្នុងការ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស និង​ជា​ដៃគូ​សហប្រតិបត្តិការ​ដ៏​ល្អ​។ ហើយ​លោក​សង្ឃឹមថា​ប្រទេស​ទាំងពីរ នឹង​ពង្រឹង​ទំនាក់ទំនង​ក្នុង​វិស័យ​សន្តិសុខ​កាន់តែ​ល្អប្រសើរ​នាពេល​អនាគត​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត នាយរង​សេនាធិការ​ចំរុះ និង​ជា​មេបញ្ជាការរង​កងទ័ព​ជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ នឹង​ជួបពិភាក្សា​ជាមួយ​មេដឹកនាំ​ជាន់ខ្ពស់​ប្រទេស​សិង្ហ​បុរី ដូចជា​លោក លី សៀន​ឡុង នាយករដ្ឋមន្ត្រី លោក​អតីត​នាយករដ្ឋមន្ត្រី ហ្គោ ចុក​តុង និង​លោក អ៊ឹង អេង រដ្ឋមន្ត្រី​ការពារជាតិ​នៃ​ប្រទេស​នេះ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​សិង្ហ​បុរី កាលពី​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៨​។​

​ជំនួប​នេះ នឹងត្រូវ​ធ្វើឡើង​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​សិង្ហ​បុរី ក្នុង​កម្មវិធី​ទស្សនកិច្ច​សិក្សា​ផ្លាស់ប្តូរ​បទពិសោធន៍ “​លី​ក្វាន់​យូរ​” លើក​ទី​៦៤ ចាប់ពី​ថ្ងៃទី​៧-១០ ខែមិថុនា ឆ្នាំ​២០១៨​។​
​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​សិង្ហ​បុរី បាន​បន្តថា លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត នឹង​ទទួល​បទឧទ្ទេសនាម​ពី​ស្ថាប័ន​សិង្ហ​បុរី​មួយចំនួន​រួមមាន ក្រសួង​មុខងារសាធារណៈ គណៈកម្មាធិការ​នៃ​សេដ្ឋកិច្ច​នាពេល​អនាគត និង​វិទ្យាស្ថាន​បណ្តុះបណ្តាល​បច្ចេក​ទេស​។ កម្មវិធី​ទស្សនកិច្ច​នេះ នឹង​ជួយ​ជំរុញ​ការសន្ទនា និង​ការយោគយល់​គ្នា​កាន់តែ​ស៊ីជម្រៅ​រវាង​ប្រទេស​សិង្ហ​បុរី និង​ប្រ​ទស​កម្ពុជា ព្រមទាំង​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​បន្ថែមទៀត​។​

​សូមបញ្ជាក់ថា កម្មវិធី​ទស្សនកិច្ច​សិក្សា​ផ្លាស់ប្តូរ​បទពិសោធន៍ “​លី​ក្វាន់​យូរ​” ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៩១ ហើយ​បាន​អញ្ជើញ​បុគ្គល​ឆ្នើមៗ​មួយចំនួន ដើម្បី​ធ្វើ​ទស្សនកិច្ច​កម្រិត​ខ្ពស់​នៅ​ប្រទេស​សិង្ហ​បុរី​។ បុគ្គល​ដែល​ត្រូវបាន​អញ្ជើញ​ឱ្យ​ចូលរួម​កម្មវិធី​នេះ ត្រូវបាន​ជ្រើសរើស​ដោយ​ផ្អែកលើ​កំណត់ត្រា​នៃ​ស្នាដៃ​ដែល​បានធ្វើ​កន្លងមក និង​មាន​សក្កា​នុព​ល​លេចធ្លោ ក្នុងការ​ចូលរួម​អភិវឌ្ឍ​ជាតិ​ខ្លួន ក៏ដូចជា​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​ប្រ​ទស​សិង្ហ​បុរី​៕