រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន​ដែលមាន​រឿងអាស្រូវ ប្រកាស​លាលែង​ពី​តំណែង​

1119
ចែករម្លែក

​លោកស្រី តូ​ម៉ូ​មី អ៊ី​ណា​ដា រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន បានប្រកាស​នៅ​ថ្ងៃ​សុក្រ​ទី​២៨​ខែកក្កដា​អំពី​ការលាលែង​ពី​តំណែង​របស់​លោកស្រី ដោយសារ​រឿងអាស្រូវ​ជា​យូរ​មកហើយ​ដែល​ជាប់​ទាក់​ទៅនឹង​ចំណាត់ការ​ដោះស្រាយ​រឿងឯកសារ​យោធា ដែល​នេះ​ជាការ​វាយ​សំពង​ផ្នែក​នយោបាយ​មួយ​ទៅលើ​ការដឹកនាំ​របស់ នាយករដ្ឋមន្ត្រី លោក ស៊ិន​ហ្សូ អា​បេ​។​

​លោកស្រី តូ​ម៉ូ​មី អ៊ី​ណា​ដា បាន​និយាយ​នៅឯ​សន្និសីទកាសែត​មួយ​នៅ​ក្រសួងការពារជាតិ​ថា “​ខ្ញុំ​បានសម្រេច​ចិត្ត​លាលែង​ពី​តំណែង​រដ្ឋមន្ត្រី​ការពារជាតិ​។ ខ្ញុំ​បានដាក់​ពាក្យសុំ​លាលែងរ​បស់​ខ្ញុំ​ទៅ​នាយករដ្ឋមន្ត្រី ហើយ ពាក្យ​លាលែង​នេះ ត្រូវបាន​ទទួល​ហើយ​ដែរ​”​។​

​លោកស្រី តូ​ម៉ូ​មី អ៊ី​ណា​ដា ដែលជា​មនុស្ស​ដ៏​ទុកចិត្ត​របស់ លោក ស៊ិន​ហ្សូ អា​បេ ដែលមាន​ទស្សន​ជាតិនិយម​ដូចគ្នានេះ ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រី​ការពារជាតិ កាលពី​ខែសីហា ឆ្នាំ​២០១៦​។​

​ប៉ុន្តែ ការ​កាន់តំណែង​របស់​លោកស្រី​ដែលមាន​រយៈពេល​ជិត​មួយ​ឆ្នាំនេះ បាន​ជួបនឹង​ភាព​ច​ម្រូង​សម្រាស់ ដោយ​រួមទាំង​ការរិះគន់​ខ្លាំង​ឡើង​អំពី​ការដោះស្រាយ​របស់​ក្រសួងការពារជាតិ​អំពី​កំណត់ត្រា​របាយការណ៍ ដែល​ធ្វើឡើង​ដោយ​កងទ័ព​ថែរក្សា​សន្តិភាព​ជប៉ុន​នៅ​ប្រទេស​ស៊ូដង់​ខាងត្បូង ដែល​បង្ហាញ​សន្តិសុខ​អាក្រក់​ឡើង​។​

​លោក ស៊ិន​ហ្សូ អា​បេ ដែល​បាន​ក្លាយជា​នាយករដ្ឋមន្ត្រី​លើក​ទី​២​កាលពី​ខែធ្នូ ឆ្នាំ​២០១២​នោះ បាន​មើលឃើញ​ការធ្លាក់ចុះ​ដ៏​រហ័ស​នៃ​ប្រជាប្រិយភាព​របស់លោក ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​ដោយសារ​រឿងអាស្រូវ​នេះ​។

​លោក ស៊ិន​ហ្សូ អា​បេ បាន​ថ្លែង​ការសុំ​ទោស​ដល់​ប្រជាជន​ជប៉ុន បន្ទាប់ពី​ការលាលែង​របស់លោក​ស្រី តូ​ម៉ូ​មី អ៊ី​ណា​ដា​៕ ដោយ៖ សុខា

​លោកស្រី តូ​ម៉ូ​មី អ៊ី​ណា​ដា ត្រូវបានតែងតាំង ជា​រដ្ឋមន្ត្រី​ការពារជាតិ កាលពី​ខែសីហា ឆ្នាំ​២០១៦