រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​និយាយថា​រុស្ស៊ី​មិនអាច​ជំនួស​សហរដ្ឋអាមេរិក​នៅ​ម​ជ្ឈឹ​ម​បូព៌ា​

811
ចែករម្លែក

លោក Jim Mattis រដ្ឋមន្ត្រីការពារជាតិអាមេរិក បាននិយាយនៅកិច្ច​ប្រជុំសន្តិសុខតំបន់មួយនៅថ្ងៃសៅរ៍ទី២៧ខែតុលាថា រុស្ស៊ីមិនអាចជំនួសសហរដ្ឋអាមេរិកនៅមជ្ឈឹមបូព៌ាបានទេ បន្ទាប់ពីការធ្វើអន្តរាគមន៍យោធារបស់រដ្ឋាភិបាលក្រុងម៉ូស្គូនៅប្រទេសស៊ីរី។

លោកJim Mattis បាននិយាយនៅទីក្រុងម៉ាណាម៉ា ប្រទេសបារ៉ែន​ថា “វត្តមានរបស់រុស្ស៊ីនៅក្នុងតំបន់នោះមិនអាចជំនួសការប្តេជ្ញាចិត្តយូរអង្វែងនិងភាពច្បាប់លាស់របស់សហរដ្ឋអាមេរិកចំពោះមជ្ឈិមបូព៌ាបានទេ ” ។

លោកបាននិយាយដូចនេះ នៅពេលដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន គ្រោងនឹងនឹងធ្វើកិច្ចជំនួបពិភាក្សានៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគីជាមួយ ក្រុមមេដឹកនាំនៃប្រទេសបារាំងអាល្លឺម៉ង់និងតួកគីនៅថ្ងៃសៅរ៍ដើម្បីស្វែងរកដំណោះស្រាយនយោបាយយូរអង្វែងសម្រាប់សង្គ្រាមស៊ីវិលអស់រយៈពេល៧ឆ្នាំនៅប្រទេសស៊ីរី។

រុស្ស៊ីគាំទ្ររបបស៊ីរី របស់លោក Bashar al-Assad ខណៈដែល តួកគីនិងអាមេរិកគាំទ្រក្រុមឧទ្ទាមមួយចំនួន ដែលកំពុងតស៊ូដើម្បីទម្លាក់មេដឹកនាំស៊ីរីនេះ ។

លោកJim Mattis បានប្រាប់កិច្ចប្រជុំក្រុមម៉ាណាម៉ា ថា “ការឆ្លៀតឱកាសនិងការមើលរំលងទង្វើបទឧក្រិដ្ឋរបស់លោក Bashar al-Assad ប្រឆាំងនឹងប្រជាជនរបស់ខ្លួននោះ បង្ហាញភស្តុតាងនៃការខ្វះការប្តេជ្ញាចិនដ៏ស្មោះត្រង់ចំពោះគោលការណ៍សីលធម៌សំខាន់ៗ ” ។

លោក​​ បាននិយាយថា ការគាំទ្ររបស់អ៊ីរ៉ង់ចំពោះរបបស៊ីរី រួមគ្នាជាមួយនឹងការបោះឆ្នោតជំទាស់ប្រឆាំងជាច្រើនលើករបស់រុស្ស៊ីចំពោះសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គឺជាហេតុផលដែលនាំឱ្យ លោក Bashar al-Assad នៅតែអាចកាន់អំណាចបាន ” ។

សូមបញ្ជាក់ថា មនុស្សជាង៣៦០.០០០នាក់ត្រូវបានសម្លាប់ចាប់តាំងពីជម្លោះនេះបានផ្ទុះឡើងនៅឆ្នាំ២០១១មក ខណៈដែលមនុស្សរាប់លាននាក់បានផ្លាស់ទីលំនៅដែលភាគច្រើនពួកគេស្វែងរកការជ្រកកោននៅក្នុងបណ្តាប្រទេសជិតខាង ដូចជាប្រទេសហ្ស៊កដានី តួកគី និង លីបង់ ជាដើម៕

លោក Jim Mattis (រូបឆ្វេង)និយាយនៅកិច្ច​ប្រជុំសន្តិសុខនៅថ្ងៃសៅរ៍ទី២៧ខែតុលានៅបារ៉ែន