រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លាឈប់​ដោយសារ​ខ្វែងគំនិត​គ្នា​ជាមួយ​ត្រាំ​អំពី​គោលនយោបាយ​ក្រៅប្រទេស​

706
ចែករម្លែក
  • 163
    Shares

​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក ជី​ម ម៉ា​តទី​ស​(Jim Mattis)​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២០​ធ្នូ​បាន​និយាយថា​លោក​បាន​លាឈប់​ពីមុខ​តំណែង​រដ្ឋមន្ត្រី​ការពារជាតិ​ក្រោយពី​បាន​ប៉ះទង្គិច​​ជាមួយ​ប្រធានាធិបតី​ត្រាំ​អំពី​គោលនយោបាយ​ការបរទេស​របស់លោក នៅ​មួយថ្ងៃ​គត់​ក្រោយពី​ត្រាំបាន​ទាត់ចោល​បណ្តា​ទីប្រឹក្សា​ជាន់ខ្ពស់ៗ​និង​សំរេច​ដក​ទាហាន​អាមេរិក​​ចេញពី​ស៊ី​រីទាំងភ្ញាក់ផ្អើល​។​

​លោក​ម៉ា​តទី​ស បានប្រកាស​ផែនការ​លាឈប់ភ្លាមៗ​នេះ​បន្ទាប់ពី​ជំនួប​ផ្ទាល់​មុខជា​មួយ​ត្រាំ​នៅក្នុង​អ្វីដែល​ពួកគេ​បង្ហាញ​ការខ្វែងគំនិត​គ្នា នេះ​បើតាម​ការអះអាង​របស់​មន្ត្រី​សេត​​វិមាន​ម្នាក់​។​

​ក្រសួងការពារជាតិ​បានចេញ​លិខិត​លាឈប់​របស់​មេ​របស់ខ្លួន​ដែលមាន​ខ្លឹមសារ​ថា​« ដោយសារ​លោក​មាន​សិទ្ធិ​លើ​រដ្ឋមន្ត្រី​ការពារជាតិ​ដែលមាន​ទស្សនៈ​គ្រាន់បើ​ជាង​លើ​បញ្ហា​នេះ​និង​ដទៃទៀត ខ្ញុំ​ជឿថា​វា​ដល់ពេល​ខ្ញុំ​លាឈប់​ពីមុខ​តំណែង​របស់ខ្ញុំ​»​។​

​ត្រាំ​បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា ទាហាន​អាមេរិក​នៅ​ស៊ី​រីនឹង​ត្រូវ​ដកចេញ ជាការ​សំរេចចិត្ត​មួយ​ដែល​រំលើង​ឬសគល់​គោលនយោបាយ​អាមេរិក​នៅក្នុង​តំបន់​នោះ​។​កាលពី​ថ្ងៃ​​ព្រហស្បតិ៍ ពួក​មន្ត្រី​បាន​និយាយថា លោក​ប្រធានាធិបតី​បាន​ពិចារណា​ការដក​ពលទាហាន​អាមេរិក​ដ៏​ច្រើន​ពី​ជម្លោះ​ចំណាស់​១៧​ឆ្នាំ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ថែមទៀត​។​

​មន្ត្រី​ម្នាក់​បាន​និយាយថា លោក​ម៉ា​តទី​ស ប្រឆាំង​ជំទាស់​នឹង​ការសំរេចចិត្ត​អំពី​ស៊ី​រី​។​

​លិខិត​របស់លោក​បង្ហា​ញ​ថា លោក​មិន​យល់ស្រប​នឹង​គោលនយោបាយ​ឯកោ​និយម​របស់​ត្រាំ ដោយ​វា​បាន​បញ្ជាក់ថា​អាមេរិក​ត្រូវការ​រក្សា​សម្ពន្ធភាព​រឹងមាំ​និង​បង្ហាញ​​ការគោរព​ចំពោះ​សម្ពន្ធមិត្ត​។​ត្រាំ​បាន​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​អន្តរជាតិ​ជាច្រើន​ចាប់តាំងពី​លោក​ចូលកាន់​តំណែង​កាលពី​ខែមករា​ឆ្នាំ​២០១៧​។​

​ក្រោយ​ក្រសួងការពារជាតិ​បញ្ចេញ​លិខិត​នេះ​ភ្លាម ត្រាំ​បាន​សរសេរ​បង្ហោះ​វិញ​ភ្លែត​ថា លោក​នឹង​តែងតាំង​មនុស្ស​ចូល​ជំនួស​តំណែង​នេះ​ក្នុងពេល​ឆាប់ៗ​។​លោក​បាន​​សរសេរ​បង្ហោះ​ក្នុង​ទ្វី​ត​ធឺ​ដូច្នេះ​ថា​«​ឧ​ត្ត​ម​សេនីយ៍ ម៉ា​តទី​សនឹង​ចូលនិវត្តន៍​នៅ​ដំណាច់​ខែកុម្ភៈក្រោយពី​បាន​បំរើ​ក្នុង​រដ្ឋការ​របស់ខ្ញុំ​ជា​រដ្ឋមន្ត្រី​ការពារជាតិ​អស់​ពេល​២​ឆ្នាំ​មក​​នេះ​»៕​ដោយ​៖​វាសនា​

អ្នក​ទាំង​២​បាន​ជួបគ្នា​នៅ​វិមាន​ពងក្រពើ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​ក្នុង​អំ​ឡុង​ជំនួប​នោះ លោក​ម៉ា​តទីស(ស្តាំ)​បាន​ប្រាប់​ត្រាំ​អំពី​ផែនការ​លាឈប់​របស់លោក​