រដ្ឋមន្ត្រី​ការពារជាតិ​បារាំង​កំពុង​នៅក្នុង​ប្រទេស​ហ្សកដានី​ដើម្បី​សួរសុខទុក្ខ​កងទ័ព​ប្រយុទ្ធ​នឹង​ពួក​អាយ​ស៊ី​ស​

377
ចែករម្លែក

​រដ្ឋមន្ត្រី​ការពារជាតិ​បារាំង​បាន​ទៅដល់​ប្រទេស​ហ្ស៊​កដា​នី​កាលពី​ថ្ងៃ​ចន្ទ​ទី​៣១​ធ្នូ​ដើម្បី​សួរសុខទុក្ខ​កងទ័ព​ប្រយុទ្ធ​នឹង​ក្រុម​រដ្ឋ​អ៊ីស្លាម ដោយ​បង្ហាញ​ការប្តេជ្ញាចិត្ត​របស់​រដ្ឋា​ភិ​បាល​ក្រុងប៉ារីស​ក្នុងការ​បន្ត​ការប្រយុទ្ធ បន្ទាប់ពី​មានការ​សម្រេចចិត្ត​ដ៏​ភ្ញាក់ផ្អើល​របស់​អាមេរិក​ក្នុងការ​ដកទ័ព​ចេញពី​ស៊ី​រី​។​

​បន្ទាប់ពី​ឈប់​សំចត​នៅ​ទីក្រុង​អា​ម៉ាន់ កន្លែង​ដែល​លោកស្រី ផ្ល​រិ​ន ផា​លី (Florence Parly) គ្រោង​នឹង​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​ហ្ស៊​កដា​នី​លោក​អូ​ម៉ា អាល់​រ៉ា​ស្សាស លោកស្រី​ត្រូវគេ​រំពឹងថា​នឹងធ្វើ​ដំណើរ​ទៅកាន់​មូលដ្ឋាន​អាកាស H5 ជា​កន្លែង​ដែល​យន្តហោះ​ចម្បាំង​របស់​បារាំង​ចេញដំណើរ​ដើម្បី​ប្រឆាំងនឹង​ពួក​ជី​ហាដ​។​

​ការធ្វើដំណើរ​ទៅកាន់​ប្រទេស​ហ្ស៊​កដា​នី​នៅ​នាទីចុងក្រោយ​របស់​រដ្ឋ​មន្ត្រី​ការពារជាតិ​បារាំង​បានធ្វើ​ឡើង​បន្ទាប់ពី​មានការ​សម្រេចចិត្ត​ដ៏​គួរឱ្យភ្ញាក់ផ្អើល​របស់លោក​ប្រធានាធិបតី​អាមេរិក​ដូ​ណា​ល់ ត្រាំ​នៅ​ពាក់កណ្តាល​ខែធ្នូ​ដើម្បី​ដកទ័ព​អាមេរិក​ទាំងអស់​ចំនួន ២.០០០ នាក់​នៅ​ស៊ី​រី ដោយ​និយាយថា “​យើង​បានឈ្នះ​លើ​រដ្ឋ​អ៊ីស្លាម​”​។​

​លោកស្រី​ផា​លី​បាន​ប្រាប់​ពួក​អ្នកយកព័ត៌មាន​មុនពេល​ចុះចត​ថា “​ការប្រកាស​មិន​ច្បាស់លាស់​អំពី​ការដក​កងទ័ព​អាមេរិក​ចេញពី​ស៊ី​រី​បាន​បង្កឱ្យមាន​ចម្ងល់​ជាច្រើន​”​។​

​លោកស្រី​បាន​និយាយថា បារាំង​មិនមាន “​ការវិភាគ​ពេញលេញ​ណាមួយ​អំពី​លោក​ប្រធានាធិបតី​ត្រាំ​ទេ​” ដោយ​បន្ថែមថា ពួក​ជី​ហាដ​និយម​មិនត្រូវ​បានបញ្ចប់​នៅឡើយ​ទេ​។​

​លោកស្រី​បន្ថែមថា “​អាទិភាព​របស់​យើង​គឺ​ត្រូវ​បន្ត​ប្រយុទ្ធ​រហូតដល់​ទីបញ្ចប់​”៕ ដោយ៖ កញ្ញាដាលីស

រដ្ឋមន្ត្រី​ការពារជាតិ​បារាំង​លោកស្រី ផ្ល​រិ​ន ផា​លី​ទៅដល់​ប្រទេស​ហ្ស៊​កដា​នី​កាលពី​ថ្ងៃ​ចន្ទ​ទី​៣១​ធ្នូ​ដើម្បី​សួរសុខទុក្ខ​កងទ័ព​ប្រយុទ្ធ​នឹង​ក្រុម​រដ្ឋ​អ៊ីស្លាម