រដ្ឋមន្ត្រី​ការពារជាតិៈ​ ​រំលង​ខ្មោច​យើង​សិន បើ​ចង់​បង្កើត​រដ្ឋាភិបាល​អាយ៉ង​

881
ចែករម្លែក
  • 1.5K
    Shares

​ប្រធានាធិបតី វេ​ណេ​ស៊ុយអេ​ឡា លោក​នី​កូឡាស ម៉ា​ឌូ​រ៉ូ បន្ទោស​វិបត្តិ​នយោបាយ​ដែល​កំពុង​កើតមាន​ក្នុង​ប្រទេស​លោក​លើ​«​ដៃ​កខ្វក់​របស់​ត្រាំ​»​កំពុង​ធ្វើអោយ​ប៉ះពាល់​វេ​ណេ​ស៊ុយ​​អេ​ឡា ហើយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​វេ​ណេ​ស៊ុយអេ​ឡា លោក​វ្ល៉ា​ឌី​មៀ ប៉ា​ឌ្រី​ណូ ឡូ​ប៉េ​ហ្ស៍ បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​១៩​កុម្ភៈ​ថា​បើ​ក្រុមប្រឆាំង​ស្វះស្វែង​បង្កើត​«​រដ្ឋាភិបាល​អាយ៉ង​»​មួយ ពួក​គេ​គួរ​រំលង​«​ខ្មោច​ពួកយើង​»​ជាមុនសិន​។​

​លោក​បាន​បញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធ នឹង​បន្ត​ឈរជើង​នៅតាម​ព្រំដែន​វេ​ណេ​ស៊ុយអេ​ឡា​ដើម្បី​បញ្ចៀស​ការ​គំរាម​ទឹកដី និង​នៅ​តែ​ស្មោះត្រង់​ចំពោះ​រដ្ឋាភិបាល​របស់​លោក​​ម៉ា​ឌូ​រ៉ូ​។​

​ការបញ្ជាក់​របស់​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​ត្រូវបាន​ធ្វើឡើង​បន្ទាប់​ពី​មេដឹកនាំ​ប្រឆាំង​ដែល​ប្រកាស​ខ្លួនឯង​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​លោក ហ្ស័​ន ក្វាយ​ដូ បាន​អំពាវនាវ​អោយ​​កងកម្លាំងប្រដាប់អាវុធ ដូរ​ភាគី​គាំទ្រ ដោយ​ទុក​ពេល​ដល់​យោធា​៧​ថ្ងៃ​ដើម្បី​ធ្វើ​ដូច្នេះ ។​

​ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ កាលពី​ថ្ងៃ​១៨​កុម្ភៈ​ក៏​បាន​ព្រមាន​យ៉ាង​មុត​ស្រួច​បំផុត​ទៅ​កាន់​អាជ្ញាធរ​យោ​ធានេ​ណេ​ស៊ុយអេ​ឡា ដោយ​ថា​ពួកគេ​នឹង​«​បាត់បង់​អ្វី​គ្រប់​​យ៉ាង​»​ដោយសារ​តែ​បន្ត​គាំទ្រ​ប្រធានាធិបតី ម៉ា​ឌូ​រ៉ូ និង​មិន​អនុញ្ញាត​អោយ​ជំនួយ​របស់​អាមេរិក​ចូល​ក្នុងប្រទេស​វេ​ណេ​ស៊ុយអេ​ឡា​។​

​មេដឹកនាំ​ប្រឆាំង​មាន​ការទទួលស្គាល់​យ៉ាង​រឹងមាំ​បំផុត​ពី​អាមេរិក និង​សម្ពន្ធមិត្ត តែ​ចិន រុស្ស៊ី ម៉ិក​ស៊ិចនិង​ប្រទេស​ដទៃ​ទៀត​នៅ​ចាត់ទុក​លោក​ម៉ា​ឌូ​រ៉ូ ជា​ប្រធានាធិបតី​ស្របច្បាប់​​របស់​ប្រជាជាតិ​នៅ​អាមេរិក​ខាងត្បូង​មួយ​នេះ​។​

​វេ​ណេ​ស៊ុយអេ​ឡា កាលពី​ថ្ងៃ​អង្គារ​ទី​១៩​កុម្ភៈ​បាន​បិទ​ព្រំដែន​សមុទ្រ​ជាប់​បណ្តា​កោះ​ហូឡង់​ក្នុង​សមុទ្រការ៉ា​អ៊ីប នៅមុន​ក្រុមប្រឆាំង​ប្រកាស​នាំ​ជំនួយ​មនុស្សធម៌​ពី​ទឹកដី​បរទេស​​ចូល​។​

​លោក​ក្វាយ​ដូ អះអាងថា ជំនួយ​ជា​ស្បៀង​និង​ថ្នាំពេទ្យ នឹង​ចូល​វេ​ណេ​ស៊ុយអេ​ឡា​តាម​ផ្លូវទឹក​និង​គោ​កនៅ​ថ្ងៃ​សៅរ៍​ទី​២៣​កុម្ភៈ​។​

​សូមបញ្ជាក់​ថា លោក​ម៉ា​ឌូ​រ៉ូ បាន​ជំទាស់​នឹង​ជំនួយ​បរទេស​ដែល​សម្របសម្រួល​ឡើង​ដោយ​ក្រុម​លោក​ក្វាយ​ដូ ទោះជា​ក្នុង​ប្រទេស​មាន​ព័ត៌មាន​អំពី​ការខ្វះខាត​ស្បៀង​និង​ឱសថ​​ជាទូទៅ​ក្តី ដោយ​លោក​អះអាង​ថា​ជំនួយ​ទាំងនោះ​ជា​លេស​សំរាប់​អាមេរិក​ចូល​អន្តរាគមន៍​ក្នុង​ប្រទេស​លោក​៕​ដោយ​៖​វាសនា​

​រដ្ឋមន្ត្រី​ការពារ​ជាតិ​វេ​ណេ​ស៊ុយអេ​ឡា លោក​វ្ល៉ា​ឌី​មៀ ប៉ា​ឌ្រី​ណូ ឡូ​ប៉េ​ហ្ស៍ ចេញ​មុខ​ក្នុង​ទូរទស្សន៍​កាលពី​ថ្ងៃ​អង្គារ ដោយ​អះអាង​ថា​ទាហាន​នៅ​តែ​ស្មោះ​នឹង​មេដឹកនាំ​ប្រទេស ហើយ​នឹង​​បិទ​ព្រំដែន​ដើម្បី​ការរំលោភ​ទឹកដី​