រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​ពិភាក្សា​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ការគ្រប់គ្រង​ព្រំដែន ភេរវកម្ម​និង​នេសាទ​ខុសច្បាប់

412
ចែករម្លែក

​សេចក្តីប្រកាស​រួមមួយ​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​មក​ពី​សមាគម​អាស៊ាន​១០​ប្រទេស​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​កាលពី​ថ្ងៃ​សុក្រ​ទី​១២​កក្ក​ថា​បាន​និយាយថា​ពួកគេ​បាន​សរសើរ​និង​​អោយ​តម្លៃ​សមយុទ្ធ​សមុទ្រ​លើកដំបូង​រវាង​អាស៊ាន​និង​ចិន​កាលពី​ឆ្នាំមុន និង​បាន​ស្វាគមន៍​សមយុទ្ធ​អាស៊ាន​-​អាម៉េរិក​ដែល​នឹង​ត្រូវ​ធ្វើ​នៅ​ឆ្នាំនេះ​។​

​ឧបនាយករដ្ឋមន្ត្រី​និង​ជា​អតីតរដ្ឋមន្ត្រី​ការពារជាតិ​ថៃ​លោក​ប្រា​វីត វង់​ស៊ូ​វ៉ុន ដែល​ធ្វើ​ជា​ប្រធាន​កិច្ចប្រជុំ បាន​និយាយ​នៅ​សន្និសីតកាសែត​មួយ​ថា បណ្តា​រដ្ឋមន្ត្រី​ដែល​ចូលរួម​​ក្នុង​កិច្ចប្រជុំ​បាន​អះអាង​សាជាថ្មី​នូវ​សារសំខាន់​នៃ​ការសំរេច​អោយបាន ក្រម​ប្រតិបត្តិ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​នៅ​សមុទ្រ​ចិន​ខាងត្បូង ទៅតាម​កាលវិភាគ​ដែល​បាន​ព្រមព្រៀង​​គ្នា​មួយ​។​

​អង្គប្រជុំ​ក៏​បាន​បញ្ជាក់​សា​ជា​ថ្មី​នូវ​សារសំខាន់​នៃ​ការ​ស្វះស្វែង​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី​មួយ​នៃ​ជម្លោះ ស្របតាម​ច្បាប់​អន្តរជាតិ​និង​ជៀសវាង​អំពើ​ណា​ដែល​អាច​បង្ក​ភាព​ស្មុគ​​ស្មាញ​ថែមទៀត​ចំពោះ​សភាពការណ៍​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​

​បើ​តាម​លោក​ប្រា​វីត អ្នកចូលរួម​បាន​យល់ព្រម​សិក្សា​លើ​សំណើ​មួយ​របស់​ហ្វីលីពីន សំរាប់​គោលការណ៍​ណែនាំ​អំពី​ការគ្រប់គ្រង​សមុទ្រ «​ផ្អែក​លើ​ការស្ថាបនា​ជំនឿ​ចិត្ត កិច្ចការ​ទូត​​បង្ការ​ទុក​និង​ការចាត់ចែង​ភាព​តានតឹង​ដោយ​សន្តិវិធី​»​។​

​លោក​បាន​បន្តថា «​យើង​អោយ​សារសំខាន់​អំពី​ការការពារ​សន្តិភាព សន្តិសុខ និង​សេរីភាព​នៃ​នាវាចរណ៍​ក្នុង​សមុទ្រ​និង​ក្នុង​អាកាស​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​យើង​ក៏​ផ្តល់​សារ​​សំខាន់​នៃ​ការស្ថាបនា​ជំនឿ​ចិត្ត និង​អត់ធ្មត់​កុំ​ធ្វើ​អំពើ​ណា​ដែល​អាច​បង្ក​ការ​ស្មុគស្មាញ​សភាពការណ៍​»​។​

​សូមបញ្ជាក់​ថា​កន្លងមក ទាំង​អាម៉េរិក​និង​ចិន​បាន​ចោទប្រកាន់​គ្នា​ថា​ធ្វើ​យោ​ធូប​នីយកម្ម​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​ចិន​បង្កើត​បណ្តា​កោះ​សិប្បនិម្មិត​និង​ដាក់​សម្ភារ​យោធា​​នៅ​បណ្តា​តំបន់​ដែល​ខ្លួន​កាន់កាប់​នៅ​ប៉ុន្មាន​ឆ្នាំ​មកនេះ ខណៈ​អាម៉េរិក​បាន​បញ្ជូន​នាវាចម្បាំង​និង​យន្តហោះ​ទម្លាក់​គ្រាប់​ទៅ​កាន់​តំបន់​នេះ​ជារឿយៗ​ផងដែរ​។​

​សេចក្តីប្រកាស​រួម​ក៏​អោយ​សារសំខាន់​នៃ​ការ​ធ្វើការ​រួមគ្នា​ដើម្បី​ការពារ​សន្តិសុខ​និង​ស្ថិរភាព​នៅក្នុង​តំបន់ និង​ការសន្យា​តាំងចិត្ត​របស់​គេ​ដើម្បី​សិក្សា​រកមើល​វិស័យ​សហការ​ផ្តល់​​ផលប្រយោជន៍​ទៅវិញទៅមក​ថ្មីៗ​។​

​បញ្ហា​ដែល​ត្រូវបាន​លើក​មក​ពិភាក្សា​ផង​ដែរ រួម​មាន​ការគ្រប់គ្រង​ព្រំដែន ភេរវកម្ម និង​ការនេសាទ​ខុសច្បាប់​។​

​អ្នកចូលរួម​ប្រជុំបាន​ព្រមព្រៀង​គ្នា​ថា​នឹងសិក្សា​សំណើ​ពង្រីក​បណ្តាញ​ទាក់ទង​ទូរស័ព្ទ​ពិសេស​មួយ​ទៅកាន់​មហាអំណាច​តំបន់​ផ្សេងៗ​ក្នុងពេល​មាន​វិបត្តិ ជំរុញ​តួនាទី​របស់​យោធា​​ក្នុង​ការគ្រប់គ្រង​ព្រំដែន និង​សន្តិសុខ ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​តាមរយៈ​ការផ្លាស់ប្តូរ​ព័ត៌មាន​យុទ្ធសាស្ត្រ​ទាន់ពេល និង​បង្កើន​ការយល់ដឹង​អំពី​បញ្ហា​នេសាទ​ខុសច្បាប់ គ្មាន​រាយ​​ការណ៍​។​

​ពួក​លោក​ក៏​បាន​ព្រមព្រៀង​គ្នា​ថា​នឹង​ពង្រឹង​កិច្ច​សហការ​ក្នុង​វិស័យ​វេជ្ជសាស្ត្រ​យោធា​៕​ដោយ​៖​វាសនា​

បណ្តា​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​អង្គុយ​ប្រជុំ​និង​ឈរ​ថត​ជាមួយ​នាយក​រដ្ឋមន្ត្រី​ថៃ លោក​ប្រា​យុទ្ធ ចាន​អូ​ចា ដែល​ជា​រដ្ឋមន្ត្រី​ការពារជាតិ​ថៃ​ក្នុង​រដ្ឋាភិបាល​ថ្មី កាលពី​ថ្ងៃ​ព្រហស្បតិ៍​