រដ្ឋមន្ត្រី​ការពារជាតិ​អាម៉េរិក​និយាយថា កូរ៉េ​ខាងត្បូង​មាន​ទ្រព្យធន​ល្ម​អាចចំណាយ​សំរាប់​ទាហាន​អាម៉េរិក​

209
ចែករម្លែក

​រដ្ឋមន្ត្រី​ការពារជាតិ​អាម៉េរិក​លោក ម៉ាក អ៊ី​ស​ភើ និយាយ​ថា​កូរ៉េ​ខាងត្បូង​មានទ្រព្យ​ធន​ល្មម​អាច​បង់​ចំណែក​របស់​ខ្លួន​ធំ​ឡើង​លើ​ការចំណាយ​នៃ​ការដាក់​ទាហាន​អាម៉េរិក​​នៅលើ​ទឹកដី​របស់​ខ្លួន​។​

​លោក​រដ្ឋមន្ត្រី​ត្រូវបាន​សួរ​នៅ​សន្និសីទកាសែត​រួមមួយ​កាលពី​ថ្ងៃ​សុក្រ​ជាមួយ​សម​ភាគី​កូរ៉េខាងត្បូង​ស្តីពី​ការចរចា​អំពី​ការ​បន្ត​កិច្ច​ព្រមព្រៀង​មួយ ដែល​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​​ត្រូវ​ចេញ​ចំណាយ​មួយ​ចំណែក​លើ​សោហ៊ុយ​នៃ​ការដាក់​ទាហាន​អាម៉េរិក​ប្រមាណ​២៨.០០០​នាក់​ដើម្បី​ការពារ​ទល់នឹង​កូរ៉េខាងជើង​។​

​លោក​អ៊ី​ស​ភើ និយាយថា មធ្យោបាយ​ទ្រព្យធន​របស់​កូរ៉េខាងត្បូង​នៅពេលនេះ «​អាច និង​គួរតែ​ចំណាយ​ច្រើន​ជាង​មុន​»​។​

​កូរ៉េខាងត្បូង​បច្ចុប្បន្ន​ចំណាយ​ក្រោយ​១​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​សំរាប់​គាំទ្រ​យោធា​អាម៉េរិក​។​របាយការណ៍​សារព័ត៌មាន​កូរ៉េខាងត្បូង និយាយថា​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​​កំពុង​ទាមទារ​អោយ​កូរ៉េ​ខាងត្បូង​បង់​ប្រាក់​ប្រមាណ​៤,៧​ពាន់​លាន​ក្នុង​មួយឆ្នាំ​។​

​រដ្ឋមន្ត្រី​ការពារជាតិ​អាម៉េរិក ម៉ាក អ៊ី​ស​ភើ (​ឆ្វេង​) ចាប់ដៃ​សម​ភាគី​កូរ៉េខាងត្បូង មុន​ចាប់ផ្តើម​កិច្ចពិភាក្សា​អំពី​ចំណែក​នៃ​ការចំណាយ​យោធា​កាលពី​ថ្ងៃ​១៥​វិច្ឆិកា​នៅ​ក្រុង​សេ​អ៊ូ​ល

​ក្នុងអំឡុង​ប្រជុំ​កាលពី​ថ្ងៃ​សុក្រ​ជាមួយ​សម​ភាគី​កូរ៉េខាងត្បូង លោក​អ៊ី​ស​ភើ បាន​និយាយថា​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​គួរ​បង្កើន​បន្ទុក​របស់​ខ្លួន​លើ​ការចំណាយ​សម្រាប់​កងកម្លាំង​អា​​ម៉េ​រិកនៅក្នុង​ប្រទេស​នេះ និង​ថា​កិច្ចព្រមព្រៀង​មួយ​កំពុង​ត្រូវ​ចរចា តែ​វា​ត្រូវតែ​យុត្តិធម៌​និង​អាច​យល់ព្រម​ទាំងសងខាង​។​

​យោង​តាម​លោក​អ៊ី​ស​ភើ ចំណងទាក់ទង​រវាង​ប្រទេស​ទាំង​ពីរ​នេះ​រឹងមាំ​ណាស់ តែ​កូរ៉េ​ខាងត្បូង​ឥឡូវ​ជា​ប្រទេស​អ្នកមាន​មួយ និង​គួរតែ​បង្កើន​ចំណាយ​យោធា​។​

​លោក​បាន​បន្ថែមថា សម្ពន្ធមិត្ត​ទាំងពីរ​ត្រូវ​តែ​ចេះ​បត់បែន​លើ​ផែនការ​របស់​គេ​ស្តី​ពី​សមយុទ្ធ​យោធា​រួមគ្នា​ដើម្បី​គាំទ្រ​កិច្ចការ​ទូត​ជាមួយ​កូរ៉េ​ខាងជើង​។​

​សូមបញ្ជាក់​ថា កន្លង​មក​កូរ៉េខាងត្បូង​បាន​យល់ព្រម​បង្កើន​ចំណាយ​សំរាប់​កងកម្លាំង​អាម៉េរិក​ដល់​៩២៣​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៩ ដោយ​កើន​ពី​៨៣០​លាន​នៅ​ឆ្នាំ​២០១៨​។​

​ប្រធានាធិបតី​ត្រាំ របស់​អាម៉េរិក ដែល​បាន​អំពាវនាវ​អោយ​សម្ពន្ធមិត្ត​អាម៉េរិក​នៅ​ទូទាំង​ពិភពលោក​បរិច្ចាគ​ចំណែក​នៃ​ការចំណាយ​យោធា​របស់​ខ្លួន​ច្រើនឡើង​នោះ ចង់អោយ​​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​ចំណាយ​ដល់​ទៅ​៤,៧​ពាន់​លាន​ដុល្លារ​សំរាប់​ទាហាន​អាម៉េរិក​ឈរជើង​នៅ​កូរ៉េខាងត្បូង​៕​ដោយៈ​វាសនា​

ក្នុងអំឡុងពេល​ប្រមុខ​យោធា​អាម៉េរិក ធ្វើ​ទស្សនកិច្ច​ក្រុង​សេ​អ៊ូ​ល ប្រជាជន​កូរ៉េ​ខាងត្បូង​ជួបជុំ​នៅ​មុខ​ក្រសួង​ការពារជាតិ​ក្នុង​ក្រុង​សេ​អ៊ូ​ល កាលពី​ថ្ងៃ​សុក្រ​ដើម្បី​ទាមទារ​​អោយ​លុបចោល​កិច្ចព្រមព្រៀង​ចែករំលែក​ព័ត៌មាន​ចារកម្ម​GSOMIA​រវាង​កូរ៉េ​ខាងត្បូង​និង​ជប៉ុន​