រដ្ឋមន្ត្រី​ការពារ​ជាតិចិន​៖ គ្មាន​កម្លាំង​ណា​អាច​រារាំង​ការបង្រួបបង្រួម​ចិន​បានទេ​

257
ចែករម្លែក

​នៅ​វេទិការ​សន្តិសុខ ស៊ា​ង​សាន​( Xiangshan Forum)​នៅ​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​ចន្ទ​ទី​២១​តុលា រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន​លោក វេ ហ្វេ​ង​ហឹ បាន​និយាយថា ការដោះស្រាយ​«​បញ្ហា​​តៃវ៉ាន់​»​ជា​ផលប្រយោជន​ជាតិចិន​ធំ​បំផុត និង​គ្មាន​កម្លាំង​ណា​អាច​រារាំង​«​ការបង្រួបបង្រួម​ចិន​ឡើងវិញ​»​បានទេ​។​

រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន​លោក វេ ហ្វេ​ង​ហឹ

​បើ​តាម​លោក​រដ្ឋមន្ត្រី រាល់​សកម្មភាព​ផ្តាច់ខ្លួន​មុខ​ជា​នឹង​បរាជ័យ​។​

​ភាព​តានតឹង​រវាង​ចិន​និង​កោះ​តៃវ៉ាន់​បាន​កើនឡើង​នៅ​មុន​ការបោះឆ្នោត​ប្រធានាធិបតី​កោះ​តៃវ៉ាន់​នៅ​ខែ​មករា​ឆ្នាំ​ក្រោយ ដោយសារ​តៃវ៉ាន់​តែង​តែង​ជា​បញ្ហា​បូរណភាព​ទឹកដី​ដ៏​​រសើប​បំផុត​របស់​ចិន​។​កោះ​តៃវ៉ាន់​ដែល​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​បាន​វាយប្រហារ​រិះគន់​ចិនដីគោក​ចំពោះ​ការគ្រប់គ្រង​បែប​ផ្តាច់ការ​និង​ចោទប្រកាន់​ចិន​ថា​ជាការ​គំរាម​ចំពោះ​​តំបន់ នៅពេល​ចិន​កាន់តែ​ដាក់​សម្ពាធ​លើ​តៃវ៉ាន់ ដែល​បាត់បង់​ទំនាក់ទំនង​ការទូត​ស្ទើរ​អស់ ក្រោយ​ពី​ប្រទេស​តូចៗ​មួយចំនួន​បាន​ងាក​ទៅ​ទាក់ទង​ជាមួយ​រដ្ឋាភិបាល​ក្រុង​​ប៉េកាំង​។​

​ចិន​ប៉េកាំង​ចាត់ទុក​តៃវ៉ាន់​ជា​ទឹកដី​ពិសិដ្ឋ​មួយ​របស់​ខ្លួន ដែល​រង់ចាំ​ថ្ងៃ​ធ្វើ​ការបង្រួបបង្រួម​គ្នា​ឡើងវិញ និង​អាច​ប្រើ​កម្លាំង​ក្នុង​ករណី​ចាំបាច់ បន្ទាប់​ពី​កងកម្លាំង​ជាតិ​និយម​បាន​​ចាញ់​សង្គ្រាមស៊ីវិល​នៅ​ដីគោក​និង​បាន​ភៀសខ្លួន​ទៅ​បង្កើត​រដ្ឋាភិបាល​សេរី​មួយ​នៅលើ​កោះ​តៃវ៉ាន់​ចាប់ពី​ឆ្នាំ​១៩៤៩​មក​៕​ដោយ​៖​វាសនា​