រដ្ឋមន្ត្រី​កីឡា​ម៉ាឡេស៊ី​ស្ថិតក្នុង​ចំណោម​អ្នកគាំទ្រ​ដែល​ត្រូវ​លាក់​ពួន បន្ទាប់ពី​ចលាចល​បាន​ផ្ទុះឡើង​ក្នុងការ​ប្រកួត​ជម្រុះ​វើ​ល​ខាប់​រវាង​ម៉ាឡេស៊ី​និង​ឥណ្ឌូនេស៊ី​

217
ចែករម្លែក

​អ្វីដែល​គេ​គិតថា​ជា​ជ័យជម្នះ​ដ៏​ផ្អែមល្ហែម​សម្រាប់​ប្រជាជន​ម៉ាឡេស៊ី ដែល​មើលឃើញ​ក្រុមបាល់ទាត់​ជម្រើសជាតិ​របស់​ពួកគេ​ផ្តួល​ឥណ្ឌូនេស៊ី ៣-២ ក្នុងការ​ប្រកួត​ជម្រុះ​វើ​ល​ខាប់ បាន​ប្រែ​ទៅជា​ល្វីង​ជូរចត់​នៅឯ​កីឡដ្ឋាន Gelora Bung Karno ក្នុង​ទីក្រុង​ហ្សា​ការ​តា​។​

​ទោះបីជា​ការប្រកួត​ត្រូវបាន​រំខាន​ដោយ​​ហ្វូងមនុស្ស​និង​ត្រូវ​បញ្ឈប់​រយៈពេល ១០ នាទី​រហូតដល់​ប៉ូលិស​ធ្វើ​អន្តរាគមន៍​ក្នុង​តង់​ទី​២​ក្តី ក៏ប៉ុន្តែ​អ្វីៗ​ប្រែជា​អាក្រក់​សម្រាប់​អ្នកគាំទ្រ​ម៉ាឡេស៊ី នៅពេល​ការប្រកួត​បានបញ្ចប់​។​

​រដ្ឋមន្ត្រី​យុវជន​និង​កីឡា​ម៉ាឡេស៊ី​លោក​ស៊ី​យ៉េត សាដ​ឌី​ក ស៊ី​យ៉េត អាប់​ឌុល រ៉ា​ម៉ាន់ បាន​និយាយ​នៅលើ​បណ្តាញ​សង្គម Twitter ថា អ្នកគាំទ្រ​ឥណ្ឌូនេស៊ី​មួយចំនួន​បាន​ព្យាយាម​សម្រុក​ចូលមក​តំបន់​អ្នកគាំទ្រ​ម៉ាឡេស៊ី ហើយ​ការប្រកួត​ត្រូវ​ផ្អាក​បណ្តោះអាសន្ន​។​

​វត្ថុ​ធ្វើ​ពី​ដែក ដប​ទឹក ផ្សែង​ពណ៌ គឺ​ស្ថិត​ក្នុងចំណោម​វត្ថុ​ជាច្រើន​ទៀត ដែល​គេ​គប់​មក​ខាង​អ្នកគាំទ្រ​ម៉ាឡេស៊ី​។​

​លោក​ស៊ី​យ៉េត សាដ​ឌី​ក​និយាយថា ពួកគេ​រួមទាំង​គាត់​ដែរ​ត្រូវបាន​នាំខ្លួន​ទៅ​ពួន​ក្នុង​តំបន់​បិទ​ជិត​មួយ​នៅក្នុង​កីឡដ្ឋាន ខណៈ​រង់ចាំ​ឱ្យ​អ្វី​ស្ងប់ស្ងាត់​សិន មុនពេល​អាច​ចាកចេញ​ដោយ​សុវត្ថិភាព​។​

​អត្ថាធិប្បាយ​បន្ថែម​លើ​បញ្ហា​នេះ លោក​បាន​និយាយថា សមាគម​បាល់ទាត់​ម៉ាឡេស៊ី (FAM) នឹងដាក់​ពាក្យបណ្តឹង​ជា​ផ្លូវការ​ទៅ FIFA ទាក់ទង​នឹង​ឧបទ្ទវ​ហេតុនេះ​។​

​លោក​បាន​បន្ថែមថា លោក​ខ្លួនឯង​ផ្ទាល់​នឹងដាក់​ពាក្យបណ្តឹង​ជា​ផ្លូវការ​ទៅកាន់​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​ក៏ដូចជា​ទៅ​សម​ភាគី​ឥណ្ឌូណេស៊ី​របស់លោក​។​

​លោក​បាន​និយាយថា “​នេះ​ជា​រឿង​គួរឱ្យ​សោកស្តាយ ដោយហេតុថា​ឧស្សាហកម្ម​បាល់ទាត់​ត្រូវគេ​សន្ម​ត់​ថា​ជា​មធ្យោបាយ​ដើម្បី​សាមគ្គីភាព​។ ខ្ញុំ​សន្យាថា​ខ្ញុំ​នឹង​ទាមទារ​យុត្តិធម៌​សម្រាប់​ប្រជាជន​ម៉ាឡេស៊ី​”​។​

​តាម​ការបញ្ជាក់​ផ្លូវការ​យ៉ាងហោចណាស់​ជន​ជាតិ​ម៉ាឡេស៊ី​ម្នាក់​បាន​រងរបួស​ក្នុង​ហេតុការណ៍​នោះ​។​

​មុននេះ​បន្តិច វីដេអូ​នៃ​កុបកម្ម​ក៏ដូចជា​អ្នកគាំទ្រ​ម៉ាឡេស៊ី​ម្នាក់​ត្រូវគេ​សែង​តាម​ប្រង់​កា បាន​ល្បី​យ៉ាង​កក្រើក​ពេញ​បណ្តាញ​សង្គម​៕ ដោយ៖ កញ្ញាដាលីស

រដ្ឋមន្ត្រី​កីឡា​ម៉ាឡេស៊ី​លោក​ស៊ី​យ៉េត សាដ​ឌី​ក (​រូប​កណ្តាល​) ស្ថិត​ក្នុងចំណោម​អ្នកគាំទ្រ​ម៉ាឡេស៊ី អំឡុង​ការប្រកួត​ជម្រុះ​វើ​ល​ខាប់​រវាង​ម៉ាឡេស៊ី​និង​ឥណ្ឌូនេស៊ី