រដ្ឋមន្ត្រី​កូរ៉េខាងត្បូង​ស្នើឱ្យ​មានការ​លះបង់​ព្រម​គ្នា​រវាង​អាមេរិក​និង​កូរ៉េខាងជើង​

3016
ចែករម្លែក

ការបញ្ចប់សង្រ្គាមកូរ៉េជាថ្នូរមកវិញជាមួយនឹងការរំលាយចោលទីតាំងរោងចក្រអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះ រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងកាលពីថ្ងៃពុធទី៣តុលាបានស្នើមានការដោះដូររបៀបនេះ ដើម្បីចាប់ផ្តើមការចរចាដែល បានជាប់គាំងឡើងវិញរវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងជើង។

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុង អ៊ុន និង ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើជំនួបកំពូលមួយនៅសិង្ហបុរីកាលពីខែមិថុនាជាទីដែលពួកគេបានឈានដល់មានកិច្ចព្រមព្រៀងមិនច្បាស់លាស់មួយក្នុងការរំលាយចោលអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ប៉ុន្តែមានការជឿនលឿនតិចតួចចាប់តាំងពីពេលនោះមក។

កូរ៉េខាងជើងដែលស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិបានធ្វើតេស្តសាល្បងនុយក្លេអ៊ែរចំនួន៦ហើយនិយាយថាខ្លួនមានមីស៊ីលដែលអាចវាយប្រហារសហរដ្ឋអាមេរិក។

លោកស្រី កាង គ្យុង វ៉ា រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានWashington Post ថា”អ្វីដែលកូរ៉េខាងជើងបានចង្អុលបង្ហាញនោះគឺពួកគេនឹងរុះរើចោលជាអចិន្ត្រៃយ៍នូវរោងចក្រនុយក្លេអ៊ែរYongbyon ដែលជាផ្នែកដ៏ធំនៃកម្មវិធីនុយក្លេអ៊ែររបស់ពួកគេ ” ។

ការអត្ថាធិប្បាយរបស់លោកស្រីបានធ្វើឡើងនៅមុនពេលទស្សនកិច្ចនៅថ្ងៃអាទិត្យ របស់លោក ម៉ៃ ផមផេវ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកទៅកាន់កូរ៉េខាងជើង ជាទីដែលលោកនឹងជួបជាមួយលោក គីម ជុង អ៊ុន នៅក្នុងការខិតខំប្រឹងប្រែងជាថ្មីដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរ៕ដោយ:សុខា/sn

លោកស្រី កាង គ្យុង វ៉ា (រូបស្តាំ) ស្វាគមន៍ លោក ម៉ៃ ផមផេវ បន្ទាប់ពីកិច្ចប្រជុំនៅអង្គការសហប្រជាជាតិអំពីកូរ៉េខាងជើង កាលពីថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០១៨