រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បញ្ជា​ឲ្យ​ចុះ​ពិនិត្យមើល​​ការដឹកឈើ​នៅ​សេ​សាន​ក្រោម​២

904
ចែករម្លែក

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក​វេ​ង សាខុន បាន​បញ្ជា​ឲ្យ​ប្រធាន​រដ្ឋបាល​ព្រៃឈើ​អគ្គនាយកដ្ឋាន​កសិកម្ម ដែល​ទើបតែ​តែងតាំង​ថ្មី ចុះ​ពិនិត្យមើល​ករណី​ដឹកឈើ​នៅ​តំបន់​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ស្ថិតនៅ​ខេត្តស្ទឹងត្រែង ដែល​កើតមាន​សកម្មភាព​ដឹកជញ្ជូន​ឈើ​មិន​ឈប់ឈរ​។​

​ការបញ្ជា​នេះ បាន​ធ្វើឡើង​នៅក្នុង​ពិធី​ប្រកាស​និង​ផ្ទេរតំណែង​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​ប្រធាន​រដ្ឋបាល​ព្រៃឈើ និង​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កសិកម្ម កាលពី​ព្រឹក​ថ្ងៃទី​២០ ខែកញ្ញា នេះ នៅ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា “​វិស័យ​ព្រៃឈើ​ត្រូវ​រឹតបន្តឹង​ឲ្យ​មែនទែន ចុះ​ត្រួតពិនិត្យ ឯកឧត្តម កែវ អូ​ម៉ាលី​ស្ស ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​ប្រធាន​រដ្ឋបាល​ព្រៃឈើ និង​ឯកឧត្តម ងិន ឆាយ ស្នើ​ជា​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កសិកម្ម ភ្ជុំ​រួច​ចុះទៅ​ពិនិត្យមើល មើល​អា​ដឹក​ស្តុក (​ដឹកឈើ​) ដឹក​អត់​ចេះ​អស់​ម៉​ង នៅ​សេ​សាន​២ មិនដឹង​ថ្ងៃ​ណា​អស់​ស្តុក ដឹង​រហូត គេ​ជេរ​យើង​រហូត​។ ហើយ​ត្រួតពិនិត្យ​ដី​សម្បទាន​សេដ្ឋកិច្ច​ឈើ​ប៉ុន្មាន ហើយ​ដឹក​ប៉ុន្មាន​ថ្ងៃ មួយថ្ងៃ​ប៉ុន្មាន​ឡាន វា​គួរតែ​អស់ ហើយ​ដឹក​វា​មិនចេះ​អស់​”។

​សូម​រម្លឹកថា កាលពី​ថ្ងៃ​ចុងខែ​កុម្ភៈ ឆ្នាំ​២០១៨ គណៈរដ្ឋមន្ត្រី​បានសម្រេច​ផ្អាក​ជា​បណ្ដោះអាសន្ន​ការដឹកជញ្ជូន​ឈើ ក្នុង​តំបន់​បាត​អាង​អាង​នៃ​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ និង​ផ្អាក​ការ​ឈូសឆាយ​សំអាត​ទីតាំង​គម្រោង​វិនិយោគ​សម្បទាន​សេដ្ឋកិច្ច រហូតដល់​បោះឆ្នោត​ជា​សកល​រួច​។ ផ្ទៃ​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ មាន​ផ្ទៃដី ៣៦.០០០​ហិកតា ឋិត​ក្នុងស្រុក​សេ​សាន ខេត្តស្ទឹងត្រែង ដែលមាន​ក្រុមហ៊ុន Ang & Associates Lawyer Co., Ltd ទទួល​សិទ្ធិ​សម្អាត​បាត​អាង តាំងពី​ឆ្នាំ​២០១២​។ ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​រកឃើញថា ក្រុមហ៊ុន​នេះ យក​លេស​សំអាត​បាត​អាង បន្លំ​ជា​ឈើ​ស្របច្បាប់ អស់​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ គ្មាន​អាជ្ញាធរ​ណា​ចុះ​អនុវត្ត​ច្បាប់​នោះទេ​៕