ដោយ: មុនីរ័ត្ន / ភ្នំពេញ: លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ តបតាមការអញ្ជើញរបស់លោក ផាម ប៊ិញមិញ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៍មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងទៀតថា ក្នុងអំឡុងពេលទស្សនកិច្ច លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងជួបសម្តែងការគួរសមជាមួយលោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងប្រជុំទ្វេភាគីជាមួយលោក ផាម ប៊ិញមិញ ដើម្បីពិភាក្សាអំពីមធ្យោបាយលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី លើបញ្ហាផ្សេងៗ ដែលមានផលប្រយោជន៍ដល់ប្រទេសទាំងពីរ។
ដំណើរទស្សនកិច្ចនេះ នឹងជំរុញថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណី និងពង្រឹងស្មារតីសាមគ្គីភាព និងភាពជាអ្នកជិតខាងល្អរវាងកម្ពុជា និងវៀតណាម៕ ល