រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ក្រើនរំលឹក​សហគមន៍​ទេសចរណ៍​ក្នុង​តំបន់​បឹង​ទន្លេសាប​ខេត្តសៀមរាប បន្ត​កិច្ច​សហការគ្នា​លើកកម្ពស់​គុណភាព​សេវាកម្ម​ទេសចរណ៍​

787
ចែករម្លែក

​ដោយ:​គូលែន​/​សៀមរាប ៖ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​មានប្រសាសន៍ថា ការអភិវឌ្ឍ​សហគមន៍​ទេសចរណ៍ បាន​នឹង​កំពុង​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​លើកកម្ពស់​ជី​វ​ភាព​រស់នៅ និង​ការកាត់​បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​នៅ​សហគមន៍​មូលដ្ឋាន តាមរយៈ​ការផ្តល់​ឱកាស​ការងារ និង​ការបង្កើត​ប្រាក់ចំណូល​ដែល​ទទួលបាន​ពី​សេវា​ស្នាក់នៅ សេវា​ម​គ្គុ​ទ្ទេស​ក៏ សេវា​ម្ហូបអាហារ ដឹកជញ្ជូន ។​ល​។ ព្រមទាំង​រួមចំណែក​ដល់​ការកាត់បន្ថយ​ចំណាកស្រុក ការអភិរក្ស ការថែរក្សា ការការពារ​ធនធាន​ធម្មជាតិ និង​ជីវៈជម្រុះ​ប្រកបដោយ​និរន្តរភាព ទប់ទល់​ការ​បម្រែបម្រួល​អាកាសធាតុ និង​ការបង្កើត​ទម្លាប់​ស្រឡាញ់​បរិស្ថាន​។​

លោក​បាន​មានប្រសាសន៍​បែបនេះ ក្នុងឱកាស​ចុះ​ពិនិត្យ​ស្ថានភាព និង​ការគ្រប់គ្រង​អាជីវកម្ម​ទេសចរណ៍ សន្តិសុខ សុវត្ថិភាព​ទេសចរណ៍ អនាម័យ បរិស្ថាន និង​កាណូត​ដឹកជញ្ជូន​ទេសចរណ៍​នៅ​តំបន់​ទេ​សចណ៍​ចុង​ឃ្នៀ​ស សហគមន៍​ទេសចរណ៍​កំពង់​ភ្លុក និង​សហគមន៍​ទេសចរណ៍​ជ្រាវ ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​។​

​លោក​មានប្រសាសន៍​ទៀតថា ការអភិវឌ្ឍន៍​សហគម​ន៍​ទេសចរណ៍​មូលដ្ឋាន ត្រូវ​ទាមទារ​ឲ្យ​មានការ​ចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ក្នុង​បំ​ណ​តែមួយគត់ គឺ​ដើម្បី​ថែរក្សា ការពារ និង​អភិរក្ស​ធនធាន​វប្បធម៌ ធម្មជាតិ និង​លើក​កំពស់​ជីវភាព​រស់នៅរ​បស់​ប្រជាពលរដ្ឋ​សហគមន៍ តាមរយៈ​ចំណូល​បន្ថែម​ដែល​បានមកពី​វិស័យ​ទេសចរណ៍ ។​

​លោក​បាន​បន្តទៀតថា ដូច្នេះ​ក្នុងឱកាស​នេះ សូម​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ បន្ត​សហការគ្នា​ពង្រឹង​ការងារ​គ្រប់គ្រង​សហគមន៍​ទេសចរណ៍ លើកកម្ពស់​គុណភាព​សេវាកម្ម​ទេសចរណ៍​ទាំងអស់ ដោយ​ត្រូវខិតខំ​ប្រឹងប្រែង សហការគ្នា រួម​គិត រួម​ធ្វើ និង​រួម​ទទួលខុសត្រូវ ជាអាទិ៍ ត្រូវ​រៀបចំ​កាណូត​ឲ្យ​បាន​ស្អាត​ល្អ , មាន​ពោង​សុវត្ថិភាព , អ្នក​បើកកាណូត​ត្រូវមាន​ឯកសណ្ឋាន​ត្រឹមត្រូវ និង​ត្រូវ​ឆ្លងកាត់​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​ជំនាញ , កាណូត​ទេសចរណ៍​ទាំងអស់ ត្រូវមាន​ការត្រួតពិនិត្យ ផ្នែក​បច្ចេកទេស​ជំនាញ​ពី​ក្រសួង​សាធារណការ ជាប្រចាំ និង​ត្រូវមាន​អាជ្ញា​បណ្ណ​ទេសចរណ៍​ជា​ចាំបាច់​។

​លោក​មានប្រសាសន៍​បន្ថែ​ម​ទៀតថា ប្រការ​សំខាន់​មួយទៀត​នោះ គឺ​ត្រូវ​នាំគ្នា​សិក្សា រៀនសូត្រ​ពី​ការគ្រប់គ្រង​សហគមន៍​ទេសចរណ៍​ឲ្យ​បានល្អ ស្របតាម​ស្តង់ដារ​សហគមន៍ជាតិ និង សហគមន៍​ទេសចរ​អាស៊ាន ពិសេស​ការធានា​ឲ្យ​បាន​នូវ​គុណភាព​សេវា និង ការបែងចែក​ផលប្រយោជន៍​ប្រកបដោយ​សមធម៌ ហើយ​ត្រូវ​ធានាថា​សហគមន៍​យើង​ជា​សហគមន៍​ទេសចរណ៍​ស្អាត បៃតង មាន​អនាម័យ​ស្អាត​ល្អ គ្មាន​សំរាម បន្ទប់​ទឹកស្អាត សេវា​ពោរពេញ​ដោយ​គុណភាព ៕B/