រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បង្ហាញ​ឆន្ទៈ​ស្នើ​ដាក់​នំ​បញ្ចុក​ជា​ម្ហូប​តំណាង​ជាតិ និង​ស្នើ​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​អ​រូបិយ​

257
ចែករម្លែក

ដោយ​: មូល​សម្បត្តិ​
​ភ្នំពេញ​:
លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានបង្ហាញ​ឆន្ទៈ​យ៉ាង​មុតមាំ​ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា​ថា លោក​នឹង​ពិភាក្សា​ជាមួយ​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ អំពី​ការស្នើ​ដាក់​នាំ​បញ្ចុក​ជា​ម្ហូប​តំណាង​អត្តសញ្ញាណ​ជាតិខ្មែរ និង​ពិចារណា​រៀបចំ​ស្នើ​ទៅ​អង្គការ​យូណេស្កូ សុំ​ដាក់បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​អ​រូបិយ​របស់​ពិភពលោក ក្រោយ​ព្រឹត្តិការណ៍​ពិសា​នំ​បញ្ចុក​សន្តិភាព​នៅ​ទូទាំងប្រទេស​រួចរាល់​។

​ការលើកឡើង​បែបនេះ ត្រូវបាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ និង​សមាជិក​ក្រុមការងារ​ចុះជួយ​ស្រុក​បារាយណ៍ និង​ស្រុក​តាំងគោក​ខេត្តកំពង់ធំ នា​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៩ ដើម្បី​ត្រៀម​រៀបចំ​ពិធី​ពិសា​នំ​បញ្ចុក​សាមគ្គី​សន្តិភាព ជាមួយ​ប្រជាពលរដ្ឋ​ទាំងពីរ​ស្រុក​ខាងលើ នា​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៩ ស្អែក​នេះ​។​

​នាឱកាស​នោះ លោក​រដ្ឋមន្ត្រី ថោង ខុន បាន​លើកឡើងថា ក្រោយពេល​ប្រជាពលរដ្ឋ​រៀបចំ​ពិធី​ជួបជុំ​ពិសា​នំ​បញ្ចុក​សន្តិភាព​ទ្រង់ទ្រាយ​ធំ​នៅ​ទូទាំងប្រទេស​កម្ពុជា តាម​ការអំពាវនាវរ​បស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ហើយ​នោះ លោក​នឹង​ពិភាក្សា​ជាមួយ​លោកស្រី​រដ្ឋមន្ត្រី ភឿង ស​កុ​ណា អំពី​ការបំពេញ​បែបបទ​ស្នើ​ដាក់បញ្ចូល «​នំ​បញ្ចុក​» នេះ​ជា​ម្ហូប​ដំណាង​អត្តសញ្ញាណ​ជាតិខ្មែរ និង ស្នើសុំ​សម្បត្តិ​បេ​តិក​ភ​ណ្អ​រូបិយ​ពិភពលោក​នៅ​អង្គការ​យូណេស្កូ​។​

​ដើមចម​ដែល​បណ្ដាលឱ្យ​លោក​រដ្ឋមន្ត្រី មាន​ឆន្ទៈ​កសាង​សមិទ្ធផល​ជូន​ជាតិ​ខេមរា​យ៉ាង​ដូច្នេះ គឺ​ដោយសារ​លោក​មើលឃើញ​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​កម្ពុជា ក៏​ចង់ឱ្យ​នំ​បញ្ចុក​ដែលមាន​តាំងពី​ដូនតា​ជំនាន់​ដើម​មួយ​នេះ មានការ​ទទួលស្គាល់​ពី​ពិភពលោក​ទាំងមូល ពិសេស​គឺ​បាន​បរិភោគ​ផ្ទាល់​ផងដែរ​។​

​លោក​ជឿជាក់ថា នំ​បញ្ចុក​ខ្មែរ​នេះ ប្រាកដ​ជាមាន​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​បាន​ស្គាល់ និង​បាន​បរិភោគ​គ្រប់គ្នា ពិសេស​លោក​ក៏​ជា​អ្នក​កើត​ក្នុង​ត្រកូល​គ្រួសារ​មួយ ដែល​ចេះ​ធ្វើ​នំ​បញ្ចុក​ច្បាស់លាស់​តាំងពី​កុមារភាព​ជាមួយ​ឪពុកម្តាយ និង​គ្រួសារ​ដ៏​កម្សត់​របស់លោក​ផងដែរ​។​

​លោក​រដ្ឋមន្ត្រី​ក៏បាន​អះអាងថា នៅក្នុង​ពិព័រណ៍​ម្ហូបអាហារ Gastronomy ដែល​ក្រសួងទេសចរណ៍​គ្រោង​រៀបចំ​ក្នុង​ខែកញ្ញា ឆ្នាំ​២០១៩ ខាងមុខ នំ​បញ្ចុក និង​ម្ហូបអាហារ​ខ្មែរ​មួយចំនួនទៀត ដូចជា សម្លម្ជូរគ្រឿង អា​ម៉ុក បង្អែម​គ្រាប់ត្នោត​ជាដើម ក៏​នឹង​ត្រូវបាន​ត្រៀម​រៀបចំ​ជា​ម្ហូប​តំណាងឱ្យ​អត្តសញ្ញាណ​ខ្មែរ ដើម្បី​ទាក់ទាញ​ទេសចរ​ផងដែរ​។​

​ជាការ​ពិតណាស់ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​កម្ពុជា រៀបចំ​ពិធី​ជួបជុំគ្នា​ពិសា​នំ​បញ្ចុក​សន្តិភាព​ឱ្យបាន​អធិកអធម នា​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៩ ស្អែក​នេះ​។​

​ដើម្បី​អនុវត្តតាម​ការអំពាវនាវ​នេះ លោក ថោង ខុន ក៏បាន​ណែនាំ​ដល់​ក្រុមការងារ​ឱ្យធ្វើ​ការរៀបចំ​ពិធី​ធំ​នេះ ឱ្យ​បានល្អ​ត្រឹមត្រូវ​តាម​ក្បួនខ្នាត​នំ​បញ្ចុក​ខ្មែរ ក្នុងនោះ​ក៏ត្រូវ​រៀបចំ​ចង្ហាន់​នំ​បញ្ចុក​សម្រាប់​ប្រគេន​ព្រះសង្ឃ និង​សម្រាប់​ប្រជាពលរដ្ឋ​នៅតាម​វត្ត​អារាម និង​តាម​ភូមិ​ផងដែរ​៕ ល​