រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ណែនាំ​មន្ទីរ​ទេសចរណ៍​ខេត្ត​ជាប់​សមុទ្រ ត្រូវ​ចាត់វិធានការ​តឹងរឹង​ចំពោះ​អាជីវកម្ម​គ្មាន​អាជ្ញា​បណ្ណ

142

(​ព្រះសីហនុ​) ៖ មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត ពិសេស​ខេត្ត​ជាប់​សមុទ្រ ត្រូវ​ពង្រឹង​ការអនុវត្ត​ច្បាប់​និង​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ចំពោះ​​ប្រតិបត្តិ​ករ​ទេសចរណ៍ និង​វិនិយោគិន​ទេសចរណ៍ បើ​ម្ចាស់​អាជីវកម្ម​ទេសចរណ៍​ណា​បើក​អាជីវកម្ម​គ្មាន​អាជ្ញា​បណ្ណ​ត្រូវ​ចាត់វិធានការ​​ឲ្យ​បាន​តឹងរឹង​តាមច្បាប់​។ នេះ​ជាការ​ណែនាំ​របស់លោករ​ដ្ឋ​មន្ត្រី ថោង ខុន លើកឡើង​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ច្បាប់​និង​បទដ្ឋាន​​គតិយុត្ត​ពាក់ព័ន្ធ​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍ វិនិយោគិន​ទេសចរណ៍ នៅ​រមណីយដ្ឋាន​ឆ្នេរ​សុខា ខេត្ត​ព្រះសីហនុ នា​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៨។

​បើតាម​លោក​អភិបាលខេត្ត យន្ត មីន បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន ខេត្ត​ព្រះសីហនុ​មាន​សណ្ឋាគារ​ចំនួន​៦៩ ផ្ទះសំណាក់​៣១៩ ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​២៥១ ម៉ាស្សា​៤២ ឌី​ស្កូ​តែ​ក​៥ ខារ៉ាអូខេ​១២ ដឹកជញ្ជូន​ផ្លូវទឹក​៤០ និង​ទីភ្នាក់ងារ​ទេសចរណ៍​៣១​ក្រុមហ៊ុន​។​ទន្ទឹង​នឹង​ការ​​កើនឡើង​នៃ​ចំនួន​ភ្ញៀវទេសចរ រមណីយដ្ឋាន​ទេសចរណ៍ អាជីវកម្ម និង​សេវាកម្ម​ទេសចរណ៍​ថ្មីៗ​បានធ្វើ​ឲ្យ​ខេត្ត​ព្រះសីហនុ​ជួបប្រទះ​នូវ​​បញ្ហា​ប្រឈម​មួយចំនួន ហើយ​ត្រូវបាន​ដោះស្រាយ​ជា​បន្តបន្ទាប់​ផងដែរ​។​

​ដោយឡែក លោក​រដ្ឋមន្ត្រី ថោង ខុន បានលើកឡើង​នូវ​បញ្ហា​មួយចំនួន​ថា​ម្ចាស់​អាជីវកម្ម​សណ្ឋាគារ​មួយចំនួន​ពេល​មាន​អាជ្ញា​បណ្ណ​​កាស៊ីណូ បែរជា​លែង​មកសុំ​អាជ្ញា​បណ្ណ​សណ្ឋាគារ ដែល​នេះ​ជា​អំពើ​ខុសច្បាប់​។​បើ​ដូច្នេះ​មន្ទីរ​ទេសចរណ៍ ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ចុះ​ណែនាំ​ដល់​ពួកគេ​ឲ្យ​មកសុំ​អាជ្ញា​បណ្ណ​សណ្ឋាគារ​។ តែបើ​ពួកគេ​មិន​ព្រម​មកសុំ​អាជ្ញា​បណ្ណទេ​តាម​នីតិវិធី​ត្រូវតែ​ទទួល​ការផាកពិន័យ​​តាមច្បាប់ ហើយ​បើ​ពួកគេ​នៅតែ​មិន​ព្រម ទៅ​បង់​ការផាកពិន័យ​ទៀត ត្រូវតែ​ផ្អាក​អាជីវកម្ម​ជា​បណ្ដោះអាសន្ន​។ ចំពោះ​អាជីវកម្ម​កាស៊ីណូ ក្រោយ​បានទទួល​ការ​អនុ​ញា​ត្តិ​ពី​រាជរដ្ឋាភិបាល ត្រូវ​ទៅសុំ​អាជ្ញា​បណ្ណ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

​លោក​រដ្ឋមន្ត្រី ថោង ខុន បាន​បន្ថែមថា ការអនុវត្ត​ច្បាប់ និង​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ចំពោះ​ប្រតិបត្តិ​ករ​ទេសចរណ៍​និង​វិនិយោគិន​​ទេសចរណ៍​នេះ គឺ​ដើម្បី​ឆ្លើយតប​នឹង​កំណើន​ទេសចរ​ជាតិ​-​អន្តរជាតិ ដែល​កំពុង​កើន​ឡើងជា​រៀងរាល់ឆ្នាំ ដោយនៅ​ឆ្នាំ​២០១៧​កម្ពុជា​​ទទួលបាន​ទេស​ចរអ​ន្ត​រ​ជាតិ ៥,៦​លាន​នាក់ កើនឡើង ១២%​។ តាម​ការព្យាករណ៍​នៅ​ឆ្នាំ​២០២០​កម្ពុជា​នឹង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិ​​យ៉ាងតិច ៧​លាន​នាក់ ក្នុងនោះ​តំបន់ឆ្នេរ​សមុទ្រ នឹង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិប្រមាណ ២​លាន​នាក់ និង​ទេសចរ​ជាតិប្រមាណ ៤​លាន​នាក់​៕​ដោយ​៖​វិបុល​/sn