រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បារាំង​លាលែង​ពី​តំណែង បន្ទាប់ពី​បែកធ្លាយ​រឿងអាស្រូវ​ចាយវាយ​លុយ​រដ្ឋ​ខ្ជះខ្ជាយ​លើ​ថ្លៃ​បង្កង​

279
ចែករម្លែក

រដ្ឋមន្ត្រី​ខុទ្ទកាល័យ​ជាន់ខ្ពស់​មួយរូប​របស់​បារាំង និង​ជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់​ប្រធានាធិបតី​អេ​ម​ម៉ា​នូ​អែល ម៉ា​ក្រុង បាន​លាលែង​ពី​តំណែង​កាលពី​ថ្ងៃ​អង្គារ​ទី​១៦​កក្កដា បន្ទាប់ពី​របាយការណ៍​ព័ត៌មាន​បាន​ចោទប្រកាន់​គាត់​ថា​ចាយវាយ​លុយ​រដ្ឋ​ហ៊ឺហា​លើ​ថ្លៃ​បង្កង​ក្នុង​អាហារ​ពេល​ល្ងាច​មួយពេល និងប្រើប្រាស់​មិន​ត្រឹមត្រូវ​នូវ​ផ្ទះសម្បែង​សាធារណៈ ក្នុងការ​វាយ​សំពង​មួយ​ទៅលើ​រដ្ឋាភិបាល​និយម​កណ្ដាល​របស់លោក​ម៉ា​ក្រុង​។​

​លោក​ហ្វ្រ​ង់​ស្វ័​រ ដេ រូ​ហ្គី (François de Rugy) ដែល​ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​កាលពី​ខែកញ្ញា​ឆ្នាំ ២០១៨ បានប្រកាស​ពី​ការចុះ​ចេញពី​តំណែង​របស់គាត់ បន្ទាប់ពី​មានការ​បកអាក្រាត​ពេញ​មួយ​សប្តាហ៍​ពី​វេ​ប​សាយ​របស់​ពួកឆ្វេងនិយម ឈ្មោះថា Mediapart​។​

​លោក​ដេ​រូ​ហ្គី ដែលជា​មនុស្ស​លេខ​២​នៅក្នុង​រដ្ឋាភិបាល​បន្ទា​ប់​ពី​នាយករដ្ឋមន្ត្រី​អេ​ឌូ​អាត ហ្វី​លី​ព បាន​និយាយថា “​ការវាយប្រហារ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្តោត​គោលដៅ​មកលើ​ក្រុមគ្រួសារ​របស់ខ្ញុំ​ បាន​បង្ខំ​ឱ្យ​ខ្ញុំ​ចាប់យក​ជំហាន​ថយក្រោយ​ចាំបាច់​”​។​

​វេ​ប​សាយ Mediapart បាន​ផ្សព្វផ្សាយ​រូបភាព​របស់លោក​ដេ​រ៉ូ​ហ្គី​និង​ភរិយា​ជា​អ្នកសារព័ត៌មាន​របស់​គាត់​កំពុង​ផឹកស្រា​សំប៉ា​ញ​និង​ស៊ី​បង្កង​យ៉ាង​ហ៊ឹកហ៊ាក់​ក្នុងអំឡុង​អាហារ​ពេល​ល្ងាច​និង​អាហារ​ថ្ងៃបុណ្យ​នៃ​ក្តី​ស្រឡាញ់​មួយពេល ខណៈ​គាត់​កំពុងកាន់​តំណែង​ជា​ប្រធានសភា​ក្នុង​ឆ្នាំ ២០១៧ និង ២០១៨​។​

​វេ​ប​សាយ​នេះ​បាន​ចោទប្រកាន់​ព្រឹត្តិការណ៍​ទាំងពីរ​នេះ​ថា​ជាការ​ខ្ចះ​ខ្ជាយ​លុយ​សង្គម​ដែល​ទទួលបាន​ពី​អ្នក​បង់ពន្ធ ខណៈ​លោក​ដេ​រូ​ហ្គី​បាន​អះអាងថា​ការចំណាយ​នោះ​គឺជា​ផ្នែក​មួយ​នៃ​ការងារ​របស់គាត់​ក្នុងនាម​ជា​អ្នកតំណាង​របស់​រដ្ឋសភា​។​

​វេ​ប​សាយ Mediapart ក៏បាន​បកអាក្រាត​ផងដែរ​ថា លោក​ដេ​រូ​ហ្គី​បានទទួល​ផលប្រយោជន៍​ពី​ផ្ទះល្វែង​មួយកន្លែង​នៅក្បែរ​ស្រុកកំណើត​របស់គាត់​នៅក្នុង​ទីក្រុង​ណង់ នៅ​ភាគ​ខាងលិច​ប្រទេស​បារាំង ដែល​ជួល​ក្នុងតម្លៃ​ទាប ដើម្បី​ទាក់ទាញ​កម្មករ​ចំណូល​ទាប​ឱ្យមក​ជួល​ស្នាក់នៅ​។​

​រដ្ឋមន្ត្រី​អាយុ​៤៥​ឆ្នាំនេះ​ក៏​បង្ខំចិត្ត​បណ្តេញ​នាយ​ខុទ្ទ​កាល័យ​របស់គាត់​កាលពី​សប្តាហ៍​មុន​ផងដែរ បន្ទាប់ពី​វេ​ប​សាយ​ខាងលើ​បាន​ទម្លាយ​ថា​លោកស្រី​បាន​រក្សាទុក​ផ្ទះល្វែង​មួយ​នៅក្នុង​ប្លុក​លំនៅដ្ឋាន​សង្គមកិច្ច​នៅ​ទីក្រុង​ប៉ារីស​តាំងពី​ឆ្នាំ ២០០១៕ ដោយ៖ កញ្ញាដាលីស/Ha

លោក​ហ្វ្រ​ង់​ស្វ័​រ ដេ រូ​ហ្គី លាលែង​ពី​តំណែង​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​កាលពី​ថ្ងៃ​អង្គារ
#