រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ចូលរួម​ដាំ​កូនឈើ​កោង​កាង​ប្រាំ​ម៉ឺន​ដើម​នៅ​ដែនជម្រកសត្វព្រៃ​ពាម​ក្រសោប​

1249
ចែករម្លែក

​ដោយៈ​បញ្ញា​សាស្ត្រ​/​កោះកុងៈ​មន្ត្រី​ក្រុមការងារ​បាន​ប្រាប់ថា​នៅ​ព្រឹក​ថ្ងៃទី​២២​ខែកញ្ញា​នេះ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក​សាយ​សំ​អាល់​បាន​អញ្ជើញ​ចូលរួម​ដាំ​កូនឈើ​កោង​កាង​ចំនួន​២៥០០​ដើម​នៅក្នុង​ក្របខណ្ឌ​នៃ​គម្រោង​ដាំ​កូនឈើ​កោង​កាង​ចំនួន​ប្រាំ​ម៉ឺន​ដើម​លើ​ផ្ទៃដី​១០​ហិកតា នៅ​ដែនជម្រកសត្វព្រៃ​ពាម​ក្រសោប ស្ថិតក្នុង​ភូមិ​បឹង​កា​ឆាង ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង ។​

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ចូលរួម​ដាំ​កូនឈើ​កោង​កាង​ប្រាំ​ម៉ឺន​ដើម​នៅ​ដែនជម្រកសត្វព្រៃ​ពាម​ក្រសោប​(រូបថតក្រសួងបរិស្ថាន)

​ថ្លែង​ក្នុង​ព្រឹត្តិការណ៍​នេះ​លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​ការដាំ​កូនដើម​កោង​កាង​នេះ​ក្នុង​គោលបំណង​ដើម្បី​ជួយ​បង្កើន​គម្រប​ព្រៃកោងកាង ក៏ដូចជា ឆ្លើយតប​ទៅនឹង​ផែនការ​យុទ្ធសាស្ត្រ ស្តីពី​ការប្រែប្រួល​អាកាស​ធាតុ ការ​បន្ស៊ាំ នឹង ការប្រែប្រួល​អាកាសធាតុ ការបង្កើន​ជីវៈចម្រុះ​ឡើងវិញ និង​ចូលរួម​លើកស្ទួយ​ជីវភាព​សហគមន៍​។

​លោក​បន្តថា ព្រឹត្តិការណ៍​ដាំ​កូនឈើ​កោង​កាង​នា​ថ្ងៃនេះ បានបញ្ជាក់​អំពី​ការគាំទ្រ និង​ចូលរួម​អនុវត្ត​នូវ​គោល​នយោបាយ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦ ជាពិសេស​ផែនការ​យុទ្ធសាស្ត្រ ស្តីពី​ការ ប្រែប្រួល អាកាសធាតុ ឆ្នាំ​២០១៤-២០២៣ ដែល​នេះ​បង្ហាញ​ពី​សក្ខីភាព និង​សមិទ្ធផល នៃ​កិច្ចសហការ រវាង ប្រជាពលរដ្ឋ​សហគមន៍ អាជ្ញាធរ​មូលដ្ឋាន និង វិស័យ​ឯកជន​។ ក្នុង​ក្របខណ្ឌ​នេះដែរ ក្រសួងបរិស្ថាន​បានធ្វើ​កំណែទម្រង់​រចនា​សម្ព័ន្ធ​ផ្ទៃក្នុង​ក្រសួង ដោយ​បង្កើត ឱ្យមាន​នាយកដ្ឋាន​អភិរក្ស​សមុទ្រ និង​តំបន់ឆ្នេរ ដើរតួនាទី រួមចំណែក ក្នុង​កិច្ចការពារបរិស្ថាន និង​ការអភិរក្ស​ធនធាន​តំបន់ឆ្នេរ និង​សមុទ្រ ទាំង​ថ្នាក់​តំបន់ និង​សកលលោក​ផងដែរ ក្នុងការ​កែទម្រង់រដ្ឋបាល​សាធារណៈ ហិរញ្ញវត្ថុ សាធារណៈ និង​ការធ្វើ​វិមជ្ឈការ វិសហមជ្ឈការ​។​

លោក​សាយ​សំ​អាល់រដ្ឋមន្រ្តីបរិស្ថាន​បាន​អញ្ជើញ​ចូលរួម​ដាំ​កូនឈើ​កោង​កាង

​លោក​រដ្ឋមន្ត្រី​ក៏បាន​ថ្លែង​នូវ​ការវាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមការងារ នាយកដ្ឋាន អភិរក្ស​សមុទ្រ និង​តំបន់ឆ្នេរ​នៃ​ក្រសួងបរិស្ថាន ក្រុមការងារ​ថ្នាក់​ខេត្ត​ដែល​បាន​បង្កើតឱ្យមាន​ព្រឹត្តិការណ៍​នេះ​ឡើង ក៏ដូចជា​ក្រុមហ៊ុន Starlight Apparel Manufacturing CompanyLimited​ក្នុងការ​គាំទ្រ​និង​ចូលរួម​អភិរក្ស ធនធានធម្មជាតិ​តំបន់ឆ្នេរ និង​ការលើកស្ទួយ​ជីវភាព ប្រជា​សហគមន៍​មូលដ្ឋាន ជាមួយ​ក្រសួងបរិស្ថាន ហើយ​សំដែង​ការលើកទឹកចិត្ត​ដល់​សហគមន៍​ដែល​បាន​ចូលរួម​ថែរក្សា​និង​អភិរក្ស​ធនធាន​ព្រៃកោងកាង​តំបន់ឆ្នេរ​ផងដែរ​។​

​លោក​បាន​បញ្ជាក់ថា ប្រទេស​កម្ពុជា​បាន​ចូលរួម​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ កាត់បន្ថយ​ការ​សាយ ភាយ​នៃ​ឧស្ម័ន​ផ្ទះ​កញ្ចក់ តាមរយៈ ការការពារ ការអភិរក្ស និង​ការដាំ​ស្តារ​ព្រៃឈើ​ឡើងវិញ​ដែលមាន​តួនាទី សំខាន់​ក្នុងការ​ស្រូបយក​នូវ​ឧស្ម័ន​កាបូ​និ​ច​។​លើសពីនេះ​ព្រៃកោងកាង​មាន​សក្តានុពល​ក្នុងការ​រួមចំណែក​ស្រូបយក​ឧស្ម័ន​កាបូ​និ​ច រក្សា បាន​នូវ​តុល្យភាព​ប្រព័ន្ធ​អេកូឡូស៊ី ជីវៈចម្រុះ និង មច្ឆា​ជាតិ ដែលជា​ធនធាន​ចាំបាច់ សម្រាប់​លើកកម្ពស់​ជីវភាព​ប្រជា​សហគមន៍​តាមរយៈ​ការនេសាទ​ទេសចរណ៍ធម្មជាតិ​និង​ការកែច្នៃ​ផលិតផល​ពី​ធនធាន​សមុទ្រ និង​តំបន់ឆ្នេរ​។

ចំណែក​លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង មានប្រសាសន៍ថា ព្រៃកោងកាង​ពិតជា​មាន​សារសំខាន​ណាស់​សម្រាប់​ជីវៈចម្រុះ​នៅក្នុង​សមុទ្រ និង​ជា​ជម្រក​នៃ​សត្វ​ស្លាប​គ្រប់​ប្រភេទ ដែល​កន្លងមក​ថ្នាក់ដឹកនាំ​ខេត្ត និង​មន្ត្រី​ជំនាញ ក៏ដូចជា​ប្រជា​សហគមន៍​បាន​យកចិត្តទុកដាក់​ក្នុងការ​ថែរក្សា​ការពារ ឲ្យ​បាន​គង់វង្ស ជាពិសេស​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ មក​កម្សាន្ត ៕​សរន

លោក​សាយ​សំ​អាល់​បាន​អញ្ជើញ​ចូលរួម​ដាំ​កូនឈើ​កោង​កាង