ដោយ: មុនីរ័ត្ន / ភ្នំពេញ: សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់ក្រុមហ៊ុនអាជីវកម្មទាំងឡាយ ពិសេសអាជីវកម្មដែលពាក់ព័ន្ធនឹងគ្រឿងឧបភោគ បរិភោគ គ្រឿងសំអាង សូមមេត្តាចូលរួមដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបនៅផលិតក្លែងក្លាយ។ ការអំពាវនាវនេះ បានធ្វើឡើងនៅក្នុងពិធីកំទេចចោលផលិតផលក្លែងក្លាយខុសច្បាប់ប្រមាណជាង៦០តោន នៅបរិវេណជាប់នៅសាលាសង្កាត់បឹងជើងឯក ខណ្ឌដង្កោ នាព្រឹកថ្ងៃទី៣ ខែមេសានេះ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានឲ្យគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយត្រូវបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនឲ្យអស់ពីកម្លាំងកាយចិត្ត រួមចំណែកជាមួយស្ថាប័នពាក់ព័ន្ធដើម្បីជួយដល់សង្គមជាតិ ឲ្យរួចចាកផុតនៅផលិតផលខូចគុណភាព និងមិនត្រូវបណ្តោយឲ្យផលិតផលក្លែងក្លាយចរាចរ ចែកចាយនៅក្នុងប្រទេសកម្ពុជា។
សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា “…ផលិតក្លែងក្លាយនានា មិនត្រឹមតែជាគ្រឿងសំអាងក្លែងក្លាយខុសច្បាប់ប៉ុណ្ណោះទេ ផលិតផលក្លែងក្លាយដទៃទៀត ដូចជា ផលិតផលឱសថ វេជ្ជសាស្ត្រ អាហារបំប៉ន ផលិតផលប្រើប្រាស់ និងគ្រឿងឧបភោគ បរិភោគ ដែលប្រជាពលរដ្ឋត្រូវការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ក៏មានចរាចរនៅលើទីផ្សាររបស់យើងផងដែរ។ ហេតុនេះហើយ វត្តមានគណៈកម្មការប្រយុទ្ធបប្រឆាំងផលិតផលក្លែងក្លាយបានដើរតួនាទីជាសំខាន់ក្នុងការត្រួតពិនិត្យ និងលុបបំបាត់រាល់បទល្មើសផលិតផលក្លែងក្លាយ ដែលកំពុងកើតមានក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យទទួលបានប្រសិទ្ធភាពខ្ពស់”។
សម្តេចក្រឡាហោមបានសង្កត់ធ្ងន់ថា គ្រឿងសំអាងក្លែងក្លាយដែលកិនកំទេចចោលនេះ គឺជាចំនួនដ៏ច្រើនសន្ធឹកសន្ធាប់ បើសិនជាមិនបានទប់ស្កាត់ឲ្យបានទាន់ពេលវេលាទេនោះ វានឹងត្រូវចែកចាយនៅលើទីផ្សារនៅក្នុងប្រទេសកម្ពុជាទាំងមូល ហើយអ្នកដែលទទួលរងគ្រោះ គឺប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់។ ហើយខាតបង់នៅថវិកាផង និងប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរផងដែរ និងក៏អាចឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត បើសិនណាជាការប្រើប្រាស់នៅផលិតផលក្លែងក្លាយ ឬក៏គ្រឿងសំអាងក្លែងក្លាយ វាអាចក្លាយទៅជាជំងឺមហារីក ឬជំងឺផ្សេងៗទៀត ក៏វាអាចប៉ះពាល់ដល់អាយុជីវិត៕ ល