រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ដាស់តឿន​មន្ដ្រីនគរបាល​ពន្លត់​អគ្គិភ័យ​កុំ​ឲ្យ​ទារលុយ​ពី​អ្នករងគ្រោះ

1171
ចែករម្លែក
  • 153
    Shares

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​សម្តេច​ក្រឡាហោម​សខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ដាស់តឿន​ដល់​មន្ត្រីនគរបាល​ពន្លត់​អគ្គិភ័យ​កុំ​ឲ្យ​ទារលុយ​ពី​ប្រជាពលរដ្ឋ​ជា​ថ្នូរ​នឹង​ការបាញ់ទឹក​ពន្លត់​ពោលគឺ​កុំ​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​ធ្វើ​អាជីវកម្ម​។​សម្ដេច​ក្រឡាហោម​ព្រមាន​យ៉ាង​ដូច្នេះ​នៅក្នុង​ពិធី​ប្រគល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ដល់​អង្គភាព​​ជំនាញ​និង​ស្នងការ​នគរបាល​រាជធានី​-​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​២២ ខែសីហា នេះ នា​ក្រសួងមហាផ្ទៃ​។​

សម្តេច​ក្រឡាហោម​សខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ

​សម្តេច​ក្រឡាហោម​សខេង​មានប្រសាសន៍ថា​នគរបាល​ពន្លត់​អគ្គិភ័យ​ចាំបាច់​ត្រូវ​ប្រកាន់​វិជ្ជាជីវៈ​និង​ខិតខំ​បំពេញ​ការងារ​តាម​ជំនាញ​របស់ខ្លួន ដោយ​មិន​រើសមុខ និង​មិន​បែងចែក កន្លែង​ណាក៏ដោយ​ឲ្យ​តែមាន​បញ្ហា គឺ​ជួយ​សង្គ្រោះ​ទាំងអស់​។ ចៀសវាង​ការទារលុយ ឬ​ទារ​នេះ​,​ទារ​នោះ​ពី​ប្រជាពលរដ្ឋ​មុន​ស​ង្គោះ ។​ត្រូវ​សង្គ្រោះ​អាយុ​ជីវិត​ប្រជាពលរដ្ឋ​ជា​អាទិភាព​។ មិន​ត្រូវដាក់​លក្ខខណ្ឌ​ជាមួយ​ប្រជាពលរដ្ឋ​នោះទេ​។ ចៀសវាង​ថា មុន​សង្គ្រោះ​យើង​ដាក់​លក្ខខណ្ឌ សុំ​នេះ សុំ​នោះ ឬ​ទារ​នេះ ទារ​នោះ​។ បើ​បាន​បាន​ទៅ មិនបាន​មិន​ទៅ​។ អា​នឹង​វា​ទៅជា​អាជីវកម្ម​ហើយ យើង​យក​ឡាន​រដ្ឋ​ទៅរក​កម្រៃ​។ មិន​ត្រូវដាក់​លក្ខខណ្ឌ​ទាល់តែ​ប៉ុណ្ណេះ ប៉ុណ្ណោះ​បាន​ទៅ​បាញ់ គឺ​ខុស​ហើយ​។ ត្រូវ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ជា​អាទិភាព​”​។​

​សូមជម្រាបថា នៅ​ឆ្នាំ​២០១៧ គ្រោះ​អគ្គិភ័យ​បាន​កើតឡើង​ចំនួន ៥១២​ករណី ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ២២​នាក់ និង​របួស ១២៨​នាក់ និង​ឆេះ​ផ្ទះ​អស់ ៤៨០​ខ្នង​។ ហើយ​គិត​ត្រឹម​ឆមាស​ទី​១ ឆ្នាំ​២០១៨ មាន​គ្រោះ​អគ្គិភ័យ​ចំនួន ៣៥១​ករណី និង​មាន​មនុស្ស​ស្លាប់​ចំនួន​១៦​នាក់ របួស​ចំនួន ៤៦​នាក់ និង​ឆេះ​ផ្ទះ​អស់​៣៦២​ខ្នង​៕​សរន​