រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ៈ មិនបាន​និយាយ​រឿង​លោក​កឹម សុខា ជាមួយ​អ្នករាយការណ៍​ពិសេស​អ​.​ស​.​ប ទេ

208

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​អង្គ​សហប្រជាជាតិ (​អ​.​ស​.​ប​) ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា បាន​លើកឡើងថា ទាក់ទង​ករណី​លោក​កឹម សុខា គឺ​លោកស្រី​បាន​លើក​យកទៅ​និយាយ​ជាមួយ​លោក​អង្គ វង្ស​វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​គណៈកម្មការ​សិទ្ធិមនុស្ស​កម្ពុជា​។ ប៉ុន្តែ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បាន​អះអាងថា នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោកស្រី រ៉ូ​ណា ស្មី​ត គឺ​មិនបាន​និយាយ​រឿង​លោក​កឹម សុខា នោះទេ​។​

នៅក្នុង​ជំនួប​ពិភាក្សា​រវាង​អ្នករាយការណ៍​ពិសេស​អ.ស.ប ​ជាមួយ​ក្រសួងយុត្តិធម៌ កាលពី​ថ្ងៃទី​៦ ខែវិច្ឆិកា គឺ​មិនបាន​និយាយ​អំពី​រឿង​លោក​កឹម សុខា មន្ត្រី​សង្គម​ស៊ីវិល ឬ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​សកម្មជន​ដីធ្លី​នោះទេ​

​លោក​អង្គ វង្ស​វ​ឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​​បញ្ជាក់ប្រាប់​រស្មី​កម្ពុជា នៅ​រសៀល​ថ្ងៃទី​៨ ខែវិច្ឆិកា នេះ​ថា នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោកស្រី រ៉ូ​ណា ស្មី​ត គឺ​មិនបាន​និយាយ​អំពី​រឿង​លោក​កឹម សុខា នោះទេ​។ ប៉ុន្តែ​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ការជួប​លើក​មុន គឺមាន​និយាយ​ពី​រឿង​លោក​កឹម សុខា មែន តែ​លើក​នេះ​អត់​មាននិយាយ​រឿង​លោក​កឹម សុខា​។​

​ចំណែក​លោក​សន សោ​ភ័​ណ្ឌ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បានបញ្ជាក់​បន្ថែមថា នៅក្នុង​ជំនួប​ពិភាក្សា​រវាង​អ្នក​រាយការណ៍​ពិសេស​អ.ស.ប ​ជាមួយ​ក្រសួងយុត្តិធម៌ កាលពី​ថ្ងៃទី​៦ ខែវិច្ឆិកា គឺ​មិនបាន​និយាយ​អំពី​រឿង​លោក​កឹម សុខា មន្ត្រី​សង្គម​ស៊ីវិល ឬ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​សកម្មជន​ដីធ្លី​នោះទេ​។ នៅក្នុង​ជំនួប​បានលើកឡើង​តែ​អំពី​បញ្ហា​បច្ចេកទេស​សុទ្ធសាធ​ទាក់ទង​ជាមួយនិង​កំណែទម្រង់​ប្រព័ន្ធ​យុ​ត្តិ​ម៌ គឺ​មិនមាន​និយាយ​ពី​ទិដ្ឋភាព​នយោបាយ​ទេ​៕​សរន

លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​អង្គ​សហប្រជាជាតិ (​អ​.​ស​.​ប​) ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជាក្នុងសន្និសីទកាសែតនៅរសៀលថ្ងៃទី៨វិច្ឆិកា